ព័ត៌មានជាតិ
ក្រុមអ្នកស្រាវជ្រាវ រកឃើញព្រែកជីកពីបុរាណមួយនៅក្នុងខេត្តសៀមរាប
ជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថាព្រែកស្រមោចដែលជាព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែលបានចុះផ្សាយក្នុងបណ្តាញព័ត៌មានវប្បធម៌ខ្មែរ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួន ថាតើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វីក៏ទទឹងធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ពីកន្លែងផលិតនៅលើភ្នំគូលែន ចុះមកទន្លេសាប? ឬមួយមានតួនាទីជា ផ្លូវដឹកថ្មពីអូរថ្មដាប់ដែលជាកន្លែងដាប់យកថ្ម ទៅកសាងប្រាសាទនៅអង្គរ? ចម្ងល់ទាំងនេះហើយ ដែលក្រុម ស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែកជីកបុរាណនេះ មានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ?

ក្រុមស្រាវជ្រាវបានប្រើប្រាស់រូបថតពីលើអាកាសដែលបោះពុម្ពក្នុងឆ្នាំ១៩៤១ និងរូបភាពពីលើអាកាសតាមរយៈ Google Earth គឺបានបង្ហាញថា ព្រែកស្រមោចសណ្ដូកតាមទិសខាងជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម។
ការស្រាវជ្រាវនៅដំណាក់កាលទី១ បានបង្ហាញថា ព្រែកជីកនេះលាតសន្ធឹងមិនដល់ភ្នំគូលែនទេ គឺនៅត្រឹមម្ដុំវត្តសំរោងតែប៉ុណ្ណោះ ព្រោះពុំមានស្លាកស្នាមបន្តទៀតទេ។ ព្រែកជីកនេះ មានប្រវែងសរុប២៣គីឡូម៉ែត្រ កន្លែងខ្លះមានទទឹង៣០០ម៉ែត្រ កន្លែងខ្លះមានទទឹង១៥០ម៉ែត្រ និងមានកម្ពស់ជាង៤ម៉ែត្រ។ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ប្រភពទឹកហូរចូលព្រែកនេះ អាចមានប្រភព២សំខាន់ៗ ទី១ ប្រភពទឹកពីភ្នំគូលែនស្ថិតនៅខាងជើងវាលរាបអង្គរ រួចហូរចូលព្រែកជីកនេះ និងទី២ ប្រហែលទឹកឡើងមកពីទន្លេសាប ច្រាលចូលក្នុងព្រែក។

គេពុំដឹងថា ព្រែកជីកដ៏ធំនេះកសាងនៅសម័យណាទេ តែគេអាចសន្និដ្ឋានថា អាចកើតមុនរាជ្យព្រះបាទជ័យវរ្ម័នទី៧ ឬប្រហែលអាចជាមុននោះយូរផង។ ក្រោយមកប្រហែលជាព្រែកជីកនេះ មានដំណើរការ រអាក់រអួល និងខូចខាតដោយអន្លើ ទើបក្នុងរាជ្យព្រះបាទ ជ័យវរ្ម័នទី៧ បានធ្វើផ្លូវ មានទាំងស្ពានមួយចំនួនដែលសព្វថ្ងៃនេះ ក្លាយមកជាផ្លូវជាតិលេខ៦ កាត់ព្រែកជីកឲ្យដាច់ជាពីរផ្នែកនៅត្រង់ចំណុច “ថ្នល់ចែក” ម្តុំភូមិថ្នល់ចែក ឃុំដុំដែក ស្រុកសូទ្រនិគម។ អ្នកស្រុក រស់នៅតាមទំនប់ព្រែកជីកមួយចំនួននៅចាំតៗគ្នាថា ព្រែកស្រមោច ឬផ្លូវសំពៅនេះ ជាផ្លូវទឹកបុរាណមួយដែលមានសំពៅធ្វើចរាចរចុះឡើងចន្លោះពីទន្លេសាបទៅដល់ ភ្នំគូលែន និងជាផ្លូវដឹកជញ្ជូនថ្មទៅសាងសង់ប្រាសាទនៅអង្គរដែរ។

នៅក្នុងឆ្នាំ២០២៤នេះ ក្រុមអ្នកស្រាវជ្រាវបានបន្តធ្វើកំណាយនៅទីតាំងភូមិថ្មី ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងបំណងស្វែងយល់បន្ថែមពីព្រែកស្រមោច និងស្វែងយល់ពីការតាំងទីរបស់ប្រជាជន និងពេលវេលាដែលពួកគេរស់នៅទីនោះ។ ក្នុងពេលធ្វើកំណាយនេះ គេបានរកឃើញកុលាលភាជន៍ខ្លះៗ ដូចជា កុលាលភាជន៍ផុយ និងភាជន៍មានស្រទាប់រលោងដែលមានអាយុកាលមុនសម័យអង្គរផង៕
ដោយ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


