Connect with us

ព័ត៌មានជាតិ

ស្អែកនេះ ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ ម៉ឺនកន្លែង ជូនអតីតពលករត្រឡប់ពីថៃ និង ពលរដ្ឋ នៅខេត្តសៀមរាប

បានផុស

នៅ

ទីភ្នាក់ងារជាតិ និង មុខរបរ (NEA) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងនាំយកឱកាសការងារជាង ៩ ម៉ឺនកន្លែង ទូទាំងប្រទេស ទៅជូន អតីតពលករ យុវជន និង ពលរដ្ឋមូលដ្ឋាន នៅខេត្តសៀមរាប រួមទាំងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម (ប.ស.ស) និង វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយឥតគិតថ្លៃ នាថ្ងៃទី ១២-១៣ ខែមិថុនា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នេះ នឹងត្រូវរៀបចំនៅថ្ងៃទី ១២ ខែមិថុនា ក្នុងបរិវេណសាលាបឋមសិក្សា សម្តេច ហ៊ុន សែន រណសិរ្សត្រីភូមិ និង នៅថ្ងៃទី ១៣ ខែមិថុនា ក្នុងបរិវេណសាលាស្រុកជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

លោក ស៊ុន មេសា អ្នកនាំពាក្យ នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា “ការរៀបចំវេទិកាការងារនេះឡើងមកគឺដើម្បីជួយលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និង ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមាននៅក្នុងស្រុក ជាពិសេសេគឺការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជនដែលជាដៃគូសហការរបស់ក្រសួងការងារដោយផ្ទាល់”។

លោកបានបញ្ជាក់ថា ក្នុងវេទិកាការងារនេះ នឹងមានផ្ដល់ជូននូវឱកាសការងារ ក្នុងនោះ អ្នកចូលរួមទាំងអស់ នឹងទទួលបានព័ត៌មានអំពីឱកាសការងារដ៏សម្បូរបែបសរុប ៩១,៨១៦ កន្លែង នៅទូទាំងប្រទេស វគ្គបណ្តុះបណ្តាលបច្ចេកទេសដោយឥតគិតថ្លៃ និង អត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម។ បន្ថែមពីលើនេះ គឺការទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

ជាមួយគ្នានេះ លោក ស៊ុន មេសា នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករមកពីប្រទេសថៃ និង ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសខេត្តជាប់ព្រំដែន ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និង ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម