Connect with us

ព័ត៌មានជាតិ

កូនឈើព្រៃលិចទឹកជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដឹកនាំពលរដ្ឋដាំស្ដារឡើងវិញក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង

បានផុស

នៅ

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តំណាងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំស្ដារឡើងវិញនូវកូនឈើព្រៃលិចទឹកប្រមាណ ២ ៥០០ដើម នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត មានប្រសាសន៍ថា កូនឈើប្រមាណ ២ ៥០០ដើមនេះ ត្រូវបានដាំលើផ្ទៃដី ២ហិចតា ជាប្រភេទឈើសម្រាប់ព្រៃលិចទឹក មានតួនាទីសំខាន់ក្នុងការរក្សាសមតុល្យបរិស្ថាន គាំទ្រជីវៈចម្រុះ និងជួយស្តារប្រព័ន្ធអេកូឡូស៊ីនៅតំបន់ទន្លេសាបឡើងវិញ។ សកម្មភាពនេះ គឺជាផ្នែកមួយក្នុងការឆ្លើយតបទៅនឹងគោលនយោបាយជាតិ និងគោលដៅបរិស្ថានសកល ដើម្បីចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

លោក ទា គឹមសុទ្ធ មានប្រសាសន៍ទៀតថា ការដាំដើមឈើ មិនត្រឹមតែជួយស្ដារព្រៃដែលត្រូវបានបំផ្លាញឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ដូចជាការកើនឡើងនៃសីតុណ្ហភាព និងការប្រែប្រួលទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ លោកក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ និងយុវជន ចូលរួមយ៉ាងសកម្មក្នុងការដាំ និងថែរក្សាព្រៃឈើ ដើម្បីធានាឱ្យធនធានធម្មជាតិនៅតែមាននិរន្តរភាពសម្រាប់ជំនាន់ក្រោយ។


លោកប្រធានមន្ទីរ បានបន្តថា ការចូលរួមពីសហគមន៍មូលដ្ឋាន ត្រូវបានចាត់ទុកថាជាចំណុចសំខាន់បំផុត ដើម្បីធានាថាកូនឈើដែលបានដាំអាចលូតលាស់ល្អ និងក្លាយជាព្រៃសម្បូរបែបឡើងវិញនាពេលអនាគត។ ការដាំកូនឈើព្រៃលិចទឹកនេះ គឺជាភស្តុតាងនៃការសហការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរ អង្គការដៃគូ និងប្រជាពលរដ្ឋក្នុងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ព្រោះវាបានបង្ហាញពីការយល់ដឹងកាន់តែខ្ពស់អំពីសារៈសំខាន់នៃព្រៃលិចទឹក និងតួនាទីរបស់វាក្នុងការរក្សាសមតុល្យបរិស្ថាន ក៏ដូចជាការការពារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ៕


ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម