Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំថ្មី ប្រាប់មន្ត្រីកុំឱ្យលូកដៃចូលរាល់បទល្មើសក្នុងខេត្ត មិនដូច្នេះ នឹងមានបញ្ហាដល់ខ្លួន

បានផុស

នៅ

បន្ទាប់ពីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំភ្លាម លោក នួន ផារ័ត្ន បានជួបសំណេះសំណាលជាដំបូងជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដែលខណៈនោះ លោកអភិបាលខេត្តថ្មីរូបនេះ បានព្រមានមន្ត្រីក្រោមឱវាទរបស់លោកទាំងអស់កុំឱ្យលូកដៃចូលរាល់បទល្មើសផ្សេងៗនៅក្នុងខេត្ត ពិសេសបទល្មើសធនធានធម្មជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាលដែលបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលទើបតែងតាំងពេលថ្មីៗនេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធក្រោមចំណុះរដ្ឋបាលខេត្តទាំងអស់ ត្រូវរួមគ្នាការពារធនធានធម្មជាតិ និងទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ ដោយចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចការទប់ស្កាត់ដល់មន្ត្រីពាក់ព័ន្ធបទល្មើសក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន ក៏បានព្រមានដល់មន្ត្រីជុំវិញរដ្ឋបាលខេត្តឱ្យដកខ្លួនជាប្រញាប់រាល់បទល្មើសផ្សេងៗ នៅក្នុងអាណត្តិដឹកនាំរបស់លោក ជាអភិបាលខេត្តនេះ ពោល គឺតាំងចិត្តមិនឱ្យមានការពាក់ព័ន្ធទៅនឹងរឿងបទល្មើសក្នុងខេត្តកំពង់ធំនោះឡើយ។

លោកអភិបាលខេត្តថ្មីរូបនេះ ក៏បានលើកទឹកចិត្តមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ធំបន្តពង្រឹងការងារអនុវត្តការងារឱ្យបានល្អប្រសើរ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាធ្វើ រួមគ្នាគិត ធ្វើយ៉ាងណារុញច្រានចក្ខុវិស័យនៅក្នុងខេត្តកំពង់ធំ ឱ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ។ លោកអភិបាល សង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់នូវយុទ្ធបញ្ចកោណ គឺជាការបើកទំព័រថ្មីរបស់កម្ពុជាក្នុងគោលដៅ រួមគ្នាធ្វើ រួមគ្នាគិត ដើម្បីអភិវឌ្ឍខេត្តកំពង់ធំឱ្យមានការរីកចម្រើន។

គួររម្លឹកដែរថា ក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំថ្មី កាលពីរសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលធ្លាប់ និងដែលព្យាយាមប៉ុនប៉ងធ្វើសកម្មភាពដោយផ្ទាល់ ឬនៅឈរពីក្រោយប្រជាជនមកពីតំបន់ផ្សេង ក្នុងចេតនាកាប់បំផ្លាញព្រៃឈើ ទន្ទ្រានដីរដ្ឋ ដីព្រៃលិចទឹក និងបទល្មើសនេសាទ ជាដើម ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានរម្លឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងចម្រុះចំណុះឱ្យរដ្ឋបាលខេត្តទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងកិច្ចការពារធនធានធម្មជាតិ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បង្ហាញក្ដីសង្ឃឹមថា រដ្ឋបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់អភិបាលខេត្តថ្មី គឺលោក នួន ផារ័ត្ន នឹងបន្តសម្រេចបានសមិទ្ធផលការងារប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ជាពិសេសលើកិច្ចការផ្ដល់សេវាសាធាណៈ និងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសបំផ្លាញធនធានធម្មជាតិ។

សូមបញ្ជាក់ថា លោក នួន ផារ័ត្ន ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងរាជធានីភ្នំពេញ មកកាន់តំណែងជាអភិបាលខេត្តកំពង់ធំ ជំនួសលោក ងួន រតនៈ អតីតអភិបាលខេត្តកំពង់ធំ ដែលត្រូវផ្ទេរភារកិច្ចទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានជាតិ៩ ម៉ោង មុន

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន​កិត្តិយស​ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក​ជំទាវ​អគ្គលេខាធិការ​អាយប៉ា (AIPA)

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ ​បដិសេធ​ចំពោះ​ជនខិលខូចដែលប្រើប្រាស់រូបនិងឈ្មោះ លោក ហេង សួរ ក្នុង​ចេតនា​ឆបោក​សាធារណជន

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុម​ក្មេង​ទំនើង​៩​នាក់ បើក​ឆាក​ប្រយុទ្ធគ្នា​នៅ​ស្រុក​រវៀង ត្រូវ​នគរបាល​ឃាត់ខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​បច្ចេកទេស​កសិកម្ម​ឃុំ​ត្រពាំងបី ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ចម្រុះ​ជួយ​លើក​កម្ពស់​គុណភាពដី​និង​ជីវភាព​កសិករ​កាន់​តែ​ប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម