ព័ត៌មានជាតិ
កូរ៉េ សហប្រតិបត្តិការភាពជាដៃគូការលើកកម្ពស់ការអប់រំបែបឌីជីថល នៅកម្ពុជា
គណៈប្រតិភូសាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំដោយ លោក Lee Sung Hwan នាយកវិទ្យាស្ថានព័ត៌មាន និងស្រាវជ្រាវអប់រំ ទីក្រុងប៊ូសាន បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា ស្តីពី កិច្ចសហប្រតិបត្តិការភាពជាដៃគូការលើកកម្ពស់ការអប់រំបែបឌីជីថល នៅកម្ពុជា ដែលផ្ដោតសំខាន់លើការអភិវឌ្ឍសមត្ថភាពជាប្រចាំជូនដល់គ្រូបង្រៀនលើវិធីសាស្ត្របង្រៀន ដោយប្រើបច្ចេកវិទ្យាឌីជីថល ការបំពាក់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន និងការផលិតធនធានសិក្សាឌីជីថលសម្បូរបែបសម្រាប់លើកកម្ពស់ការស្វ័យសិក្សាពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។

អ្នកស្រីរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណ និងនូវការកោតសរសើរលោកនាយកវិទ្យាស្ថាន និងបុគ្គលិកអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្នុងការធានានូវនិរន្តរភាព និងផលជះជាវិជ្ជមានយ៉ាងច្រើនដល់ការលើកកម្ពស់បរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ចាប់ពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ អ្នកស្រី បានបន្តលើកឡើងថា ការលើកកម្ពស់ការអប់រំឌីជីថល គីជាអាទិភាពសំខាន់មួយ នៃកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា និងជាកិច្ចឆ្លើយតបក្នុងការសម្រេចបានការអភិវឌ្ឍធនធានមនុស្ស គាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ផ្តោតការយកចិត្តទុកដាក់ទៅលើ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា ដើម្បីធានានូវការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

អ្នកស្រីបានលើកឡើងអំពីផលជះ នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលបាននាំមកនូវការផ្លាស់ប្តូរគួរឱ្យសម្គាល់ជាវិជ្ជមានជាច្រើននៅកម្រិតសាលារៀន ដោយក្នុងនោះសិក្ខាកាមដែលធ្លាប់ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅទីក្រុងប៊ូសាន បានបង្កើតជាសហគមន៍សិក្សាវិជ្ជាជីវៈ នៃការអប់រំឌីជីថល ដោយបានបន្តអនុវត្តជាក់ស្តែងនៅតាមសាលារៀនផ្ទាល់របស់គាត់ឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ដើម្បីប្រែក្លាយសាលារៀនជាសាលារៀនឆ្លាតវៃ ដែលមានគ្រូបង្រៀនមានសមត្ថភាពឌីជីថលគ្រប់គ្រាន់ អាចបន្តដឹកនាំសិស្សានុសិស្សឱ្យសម្រេចបាននូវលទ្ធផលការសិក្សាប្រកបដោយគុណភាព ជាពិសេសការកាត់បន្ថយគម្លាតឌីជីថលនៅសាលារៀន។

ដោយបានឃើញនូវលទ្ធផលល្អទាំងនេះ និងជាកិច្ចអបអរសាទរ នៃកិច្ចសហការប្រតិបត្តិការរយៈពេល ២០ឆ្នាំ ជាមួយគ្នា អ្នកស្រីរដ្ឋលេខាធិការ បានស្នើសុំឱ្យមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយគ្នាសារជាថ្មីនៅ ឆ្នាំ២០២៥ ដោយលើកឡើងពីការពង្រីកការងារលើកកម្ពស់ការអប់រំបែបឌីជីថលនៅកម្ពុជា ឱ្យបានកាន់តែទូលំទូលាយជាពិសេសផ្ដោតការអភិវឌ្ឍកម្រិតស្ថាប័ននៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីកាន់តែធានាបាននូវការអប់រំឌីជីថលប្រកបប្រសិទ្ធភាព និងមាននិរន្តរភាព។

គួរបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សាជាមួយ រដ្ឋលេខាធិការប្រចាំការ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គណៈប្រតិភូបានជួបពិភាក្សាការងារកម្រិតបច្ចេកទេសជាមួយថ្នាក់ដឹកនាំនាយកដ្ឋានបរិវត្តកម្មឌីជីថល ដែលអង្គភាពសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការងារនេះ ក៏ដូចជាបានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ដែលជាអតីតសិក្ខាកាមធ្លាប់បានទៅចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍសមត្ថភាពឌីជីថល នៅទីក្រុងប៊ូសាន កាលពីខែមិថុនា ឆ្នាំ២០២៤៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ