Connect with us

ព័ត៌មានជាតិ

ប៉េអឹមខេត្តកណ្ដាលម្នាក់ដែលបោចសក់តៃកុងឡាន ត្រូវបានរងទណ្ឌកម្មវិន័យពីថ្នាក់លើ

បានផុស

នៅ

ម​ន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ត្រូវបានដាក់វិន័យ ក្រោយបានប្រព្រឹត្តទង្វើមិនគប្បីទៅលើយុវជនម្នាក់ នៅពេលអនុវត្តការងារ នៅលើដងផ្លូវជាតិលេខ៦A ក្នុងភូមិសាស្ត្រស្រុកមុខកំពូល ពោលគឺបានបោចសក់យុវជនជាតៃកុងឡាន។ បើតាមអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីរូបនេះ ត្រូវបានហាមឃាត់មិនឱ្យចុះបំពេញការងារខាងក្រៅទៀតឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ​បានបោចសក់ ហើយក្របួចអូសយុវជនម្នាក់ដែលជាតៃកុងរថយន្តធន់ធំ។ តាមរយៈវីដេអូឃ្លីបដែលចែកចាយនៅលើបណ្ដាញសង្គមពីទង្វើមិនគប្បីនេះ ត្រូវបានរងការរិះគន់ពីសំណាក់មហាជនជាខ្លាំង។

ក្រោយពីបានឃើញបែបនេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោះហៅមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្ដាលរូបនេះ​ ដើម្បីសួរនាំ និងត្រួតពិនិត្យជាជំហានដំបូង។ បន្ទាប់ពីបានធ្វើអធិការកិច្ច ពោលគឺនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈខាងលើនេះ។

បើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី មន្ត្រីអាវុធហត្ថ ឈ្មោះ ពៅ សាលួត ត្រូវបានស្តីបន្ទោស និងធ្វើកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ ហើយត្រូវត្រួតពិនិត្យ បញ្ជូនទៅអប់រំ និងមិនអនុញ្ញាតិឱ្យមន្ត្រីកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទីភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋដោយផ្ទាល់ទៀតទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម