ព័ត៌មានជាតិ
លោក ប្រាក់ សុខុន ក្លាយជារដ្ឋមន្ត្រីការបរទេស ជំនួសលោក សុខ ចិន្តាសោភា
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសលោក សុខ ចិន្តាសោភា ដោយសំឡេងគាំទ្រ ១១២សំឡេងនៃសមាជិករដ្ឋសភាទាំងមូល។

ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ដឹកនាំដោយសម្ដេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួនពីររូប តាមសំណើរបស់រាជរដ្ឋាភិបាល គឺលោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។
នេះជាការត្រឡប់មកកាន់តំណែងចាស់របស់លោក ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ដែលលោក បានកាន់តំណែងនេះតាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២៣។ ជាថ្មីម្ដងទៀត លោក ប្រាក់ សុខុន ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគរាជធានីភ្នំពេញ និងមានតួនាទីជាអនុប្រធានទី១ ព្រឹទ្ធសភា បានត្រឡប់មកកាន់តំណែងចាស់របស់លោកវិញ ជំនួសលោក សុខ ចិន្ដាសោភា ដែលបានកាន់តំណែងនេះរយៈពេល១ឆ្នាំ៣ខែ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧។ ដោយឡែក លោក សុខ ចិន្តាសោភា នៅរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី។

ថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការស្នើកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលខាងលើ គឺដើម្បីប្រសិទ្ធភាពការងារកាន់តែខ្លាំងថែមទៀត ពោលគឺនឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មកម្ពុជាលើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានាទៅជាកាលានុវត្តភាពសម្រាប់លើកកម្ពស់ផលប្រយោជន៍ជាតិ។

ជាការកត់សម្គាល់ នេះជាលើកទី២ហើយ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បានស្នើរដ្ឋសភា ដើម្បីកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ខណៈកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានផ្លាស់ប្តូររដ្ឋមន្ត្រីចំនួន ២រូប គឺលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ត្រូវមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ៕ អត្ថបទ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


