Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចុះរៀបចំសណ្ដាប់ធ្នាប់ផ្លូវ ២៣០ បញ្ចៀសការកកស្ទះចរាចរណ៍

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ទួលគោក បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​កំណាត់​ផ្លូវ ២៣០ ដែល​ក្រុម​អាជីវករ​មួយ​ចំនួន​យក​ចំណី​ផ្លូវ​ធ្វើ​ជា​កន្លែង​លក់ដូរ និង បញ្ចៀស​ការ​កកស្ទះ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លង​កាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ពិសី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក បាន​ប្រគល់​ភារកិច្ច​ជូន លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុក​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ អនាម័យ បរិស្ថាន និង​អនុវត្ត​វិធានការ​រដ្ឋបាល ចំពោះ​អាជីវករ​លក់ដូរ​ផ្លែ​ឈើ ការ​ចត​យានយន្ត​គ្រប់​ប្រភេទ និង​ការ​ចត​យានយន្ត​លើក​ដាក់ ឬ ផ្ទេរ​ទំនិញ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​លេខ ២៣០ (ចាប់ពី​ផ្លូវ​លេខ​ ២១៥​ ដល់​ផ្លូវ​លេខ​ ២៤៥) សង្កាត់​ផ្សារ​ដើមគរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

លោក ស៊ឹប សុផង់ អភិបាលរង​ខណ្ឌទួលគោក បានឲ្យដឹងថា អាជ្ញាធរ​កន្លងមក​តែង​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​នៅតាម​បណ្តោយ​ផ្លូវ ២៣០​ នេះ​ ច្រើនលើកច្រើនសា​ដែរ​ហើយ​ ទើបតែ​ពេល​ថ្មីៗ ​នេះ អាជ្ញាធរ​ក៏​ទើបតែ​ចុះ​រួច​ដែរ។ ចំពោះ​បញ្ហា​នេះ ​អាជ្ញាធរ តែងមាន​ការយោគយល់​ចំពោះ​អាជីវករ ដោយ​អនុញ្ញាត​ឲ្យ​អាជីវករ​លក់​តែ​ពេលយប់ ហើយ​អាច​លក់​បានតែ​នៅលើ​ចិញ្ចើមផ្លូវ ប៉ុន្តែ​ត្រឹម​ម៉ោង ០៦​ ព្រឹក គឺ ទីតាំង​លក់ដូរ​ទាំងអស់ ត្រូវ​វេច​ខ្ចប់​ប្រមូល​កាកសំណល់សេសសល់​ពី​ការលក់ដូរឲ្យ​មាន​អនាម័យ ដើម្បី​ថែរក្សា​បរិស្ថាន​សាធារណៈ និង​ជួយ​កាត់បន្ថយ​កកស្ទះ​ចរាចរណ៍​ផង។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃទី​ ១៥ ​ខែធ្នូ​ ឆ្នាំ​ ២០២៤​ លោក​អភិបាល​រង​ទទួលបន្ទុក​បរិស្ថាន​អនាម័យ​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​គណៈ​អភិបាលខណ្ឌ​ទួលគោក បាន​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល​ មិន​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរនៅតាម​បណ្ដោយ​ផ្លូវ​លេខ​ ២៣០ និង​ចាត់វិធានការ​រដ្ឋបាល ដកហូត​សម្ភារៈ​តាំង​លក់​លើ​ផ្លូវ និង​មិន​អនុញ្ញាត​ឲ្យ​អាជីវករ​អ្នក​ប្រកប​អាជីវកម្ម​លក់ដូរ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​ ២៣០​ នេះ​ បន្ត​លក់​លើផ្លូវ​ទៀត​នោះទេ​។ ក្នុងករណី​ដែល​ក្រុម​ពួកគាត់​នៅតែ​បន្ត​លក់​នោះ អាជ្ញាធរ​នឹង​ចាត់​វិធានការ​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម