សេដ្ឋកិច្ច
ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្តដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ២០២៤ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើងជាលំដាប់នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមានកំណើនទាបក៏ដោយ។

លោកស្រីបណ្ឌិតជាសិរីបានអះអាងបែបនេះនៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅនេះ។
លោកស្រីបានបន្តថា ឆ្នាំ២០២៤ អតិផរណាជាមធ្យមមានកម្រិតត្រឹម០,៨ភាគរយ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ស្របពេលដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត។ លើសពីនេះ ការរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ក៏បានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។
អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម៤.០៧១រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ០,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩វិញ។

លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «អត្រាអតិផរណាទាបនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
ជាមួយគ្នានេះដែរស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយប្រសិទ្ធភាព បានរួមចំណែកបង្កើនទុនបម្រុងអន្តរជាតិដល់ ២២,៥ ប៊ីលានដុល្លារអាមេរិក ពោលគឺកើនឡើង១២,៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។
កម្រិតទុនបម្រុងអន្តរជាតិរបស់កម្ពុជា ត្រូវបានបន្តចាត់ទុកថាមានកម្រិតខ្ពស់សមស្រប ដែលស្មើនឹងប្រមាណ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។
ចំពោះប្រព័ន្ធធនាគារ ឥណទាននៅតែបន្តកើនឡើងតែក្នុងល្បឿនយឺតជាងមុន។ ការថមថយនេះ គឺដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។

លោកស្រី ជា សិរី បានបញ្ជាក់ថា៖ «ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់ និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំ និងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី ហើយចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់ និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។
យ៉ាងណាមិញ ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣ ភាគរយ ជាមួយនឹងស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


