Connect with us

ព័ត៌មានជាតិ

ម៉ាក់ប្រាងផ្លែដើមដៃ អាចមានតម្លៃខ្ពស់នៅលើទីផ្សារ

បានផុស

នៅ

ម៉ាក់ប្រាង គឺជាឈ្មោះរបស់រុក្ខជាតិម្យ៉ាងដែលមានពីរស្រដៀងគ្នា នោះគឺ “ម៉ាក់ប្រេង និងម៉ាក់ប្រាង” ប៉ុន្តែសម្រាប់ដើមម៉ាក់ប្រេងមិនសូវមានប្រជាពលរដ្ឋដាំនោះឡើយ ដោយសារតែរុក្ខជាតិនេះ គឺផ្លែវាមានរសជាតិជូរ មិនដូចម៉ាក់ប្រាងនោះឡើយ ដែលផ្លែវាដូចគ្នាប៉ុន្តែវាមានរសជាតិផ្អែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននៅខេត្តបាត់ដំបង សម្រាប់ប្រភេទរុក្ខជាតិនេះ គឺកាន់តែហោចទៅ ដោយមិនសូវមានអ្នកដាំថ្មីទៀតឡើយ ដូច្នេះ​ភាគច្រើនគឺមានតែដើមចាស់ៗដែលនៅសេសសល់ពីមុនមកតែប៉ុណ្ណោះ ហើយភាគច្រើនគឺនៅម្ដុំភូមិសំរោងក្នុង និងភូមិអូរដំបង ដែលគេសង្កេតឃើញថា នៅពីរទីតាំងខាងលើនេះមានដើមម៉ាក់ប្រាង ច្រើនបង្គួរ ប៉ុន្តែសម្រាប់ដើមចំណាស់បែបនេះផ្លែមិនសូវច្រើនដូចដើមខ្ចីនោះឡើយ។

អ្នកស្រី ភាព ចំណាន រស់នៅភូមិសំរោងក្នុង ក្នុងទឹកដីស្រុកឯកភ្នំ និងជាម្ចាស់ដើមម៉ាក់ប្រាង បាននិយាយថា សព្វថ្ងៃអ្នកស្រីមិនបានដាំបន្ថែមថ្មីទៀតឡើយ ដោយប្រើប្រាស់តែដើមចំណាស់ៗដែលនៅសល់ដើម្បីបេះយកផ្លែលក់តែប៉ុណ្ណោះ ហើយផ្លែម៉ាក់ប្រាងនេះ ក៏មិនសូវមានច្រើនដូចដើមនៅខ្ចីនោះឡើយ។ អ្នកស្រីបានបន្ថែមថា បច្ចុប្បន្នដើមម៉ាក់ប្រាងក៏កាន់តែខ្ពស់ ផ្លែក៏ចុះខ្សោយដូច្នេះមានតែការសន្សំបេះតែប៉ុណ្ណោះដើម្បីយកទៅលក់នៅលើទីផ្សារ ប៉ុន្តែពេលខ្លះបើបេះបានក៏មានគេមកទិញបន្តយកពីផ្ទះតែម្ដងដោយបានតម្លៃក្នុងមួយគីឡូក្រាមត្រឹមតែ ៥.០០០ រៀលប៉ុណ្ណោះ ហើយនៅដើមដៃបែបនេះ អ្នកស្រីបេះម្ដងបានចន្លោះពី ២០ ទៅ ៣០ គីឡូក្រាម ដោយសារតែវាមិនទាន់ហុចផលច្រើននៅឡើយ។

ដោយឡែកអ្នកស្រី ចន្ថា ដែលជាអាជីវករលក់ផ្លែឈើនៅផ្សារបឹងឈូក កណ្ដាលក្រុងបាត់ដំបងបានរៀបរាប់ថា សព្វថ្ងៃអ្នកស្រីលក់ផ្លែឈើច្រើនមុខសម្រាប់តម្រូវការរបស់អតិថិជន ប៉ុន្តែសម្រាប់ផ្លែម៉ាក់ប្រាង គឺអ្នកស្រីយកមកលក់បានចាប់ពី ៦.០០០ ទៅ ៧.០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែបើផ្លែធំៗល្អហើយស្អាតក៏អាចបានតម្លៃលើសហ្នឹងបន្តិចបន្តួចថែមទៀត ដោយសារតែរដូវនេះផ្លែម៉ាក់ប្រាងមិនសូវមានដូច្នេះធ្វើឲ្យអតិថិជនមកសួររកទិញ ជាហូរហែព្រោះម៉ាក់ប្រាងបាត់ដំបង ផ្អែមហើយស្រួយឆ្ងាញ់តែម្តង៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម