ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍ ៤ ប្រឈមហានិភ័យខ្ពស់នៃពន្ធឱ្យស្មើគ្នារបស់ ត្រាំ
ពន្ធឆ្លើយតបឱ្យស្មើគ្នា ឬ Reciprocal Tariff របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានកំណត់ថានឹងចូលជាធរមាននាថ្ងៃពុធ ទី ២ មេសា នេះ ដោយអាចបញ្ឆេះកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មពិភពលោកឱ្យកាន់តែខ្លាំង។

វិធានការនេះ សំដៅលើការយកពន្ធលើទំនិញនៃប្រទេសដទៃ ក្នុងអត្រាដែលប្រទេសដទៃយកពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក។ តាំងពីដើមរៀងមក លោក ត្រាំ តែងតែទទូចថា សហរដ្ឋអាមេរិកគឺជាប្រទេសរងគ្រោះនៃពាណិជ្ជកម្មមិនស្មើភាពគ្នា ដែលបង្កជាឱនភាពពាណិជ្ជកម្មធ្ងន់ធ្ងរសម្រាប់ប្រទេសរបស់ខ្លួន។ ស្ថានភាពបច្ចុប្បន្ន បានផ្ដល់ជាការព្រួយបារម្ភជាច្រើនសម្រាប់ប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មសំខាន់ជាមួយសហរដ្ឋអាមេរិកជុំវិញពិភពលោក រួមទាំងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ផងដែរ។
លោក ត្រាំ ប្រើយន្តការពន្ធរបស់លោកបែបនេះ គឺដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលនេះនឹងកំណត់គោលដៅលើប្រទេសដែលមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិកច្រើន ពោលគឺប្រទេសដែលនាំចេញទៅអាមេរិកច្រើនលើសលុប ធៀបនឹងការនាំចូលទំនិញអាមេរិកមកក្នុងប្រទេសរបស់ខ្លួន។

ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានកំណត់អត្តសញ្ញាណក្រុមប្រទេសចំនួន ១៥ ដែលមានអតិរេកពាណិជ្ជកម្មខ្ពស់ ដោយឱ្យឈ្មោះពួកគេថា «ប្រទេសកខ្វក់ទាំង១៥» ហើយរំពឹងថានឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធថ្មី ប៉ុន្តែមិនបានបញ្ចេញឈ្មោះប្រទេសទាំងនោះទេ។ ការលើកឡើងបែបនេះ ក៏មានការបន្ទរពីមន្រ្តីរដ្ឋបាល ត្រាំ ផ្សេងទៀតដែរ។
ទោះបីជាមន្រ្តីទាំងនោះមិនទាន់រាយបញ្ជីឈ្មោះប្រទេសក្ដី ប៉ុន្តែទិន្នន័យពីរដ្ឋាភិបាលសហព័ន្ធអាមេរិកបានបង្ហាញថា វៀតណាម ថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាប្រទេសអាស៊ីអាគ្នេយ៍ទាំង ៤ ដែលជាប់ក្នុងបញ្ជី «ប្រទេសកខ្វក់ទាំង១៥»។
វៀតណាមនាំមុខគេ ដោយមានអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ប្រមាណ ១២៣,៥ ប៊ីលានដុល្លារ ហើយបន្ទាប់មកគឺថៃ (៤៥,៦ ប៊ីលានដុល្លារ) ម៉ាឡេស៊ី (២៤,៨ ប៊ីលានដុល្លារ) និងឥណ្ឌូណេស៊ី (១៧,៩ ប៊ីលានដុល្លារ)។

នេះ គឺជាបញ្ជីសម្រាប់ប្រទេស និងតំបន់មានអតិរេកពាណិជ្ជកម្មខ្ពស់ជាមួយសហរដ្ឋអាមេរិក នៅជុំវិញពិភពលោក៖
- ចិន (២៩៥,៤ ប៊ីលានដុល្លារ)
- សហភាពអឺរ៉ុប (២៣៥,៦ ប៊ីលានដុល្លារ)
- ម៉ិកស៊ិក (១៧១,៨ ប៊ីលានដុល្លារ)
- វៀតណាម (១២៣,៥ ប៊ីលានដុល្លារ)
- អៀរឡង់ (៨៦,៧ ប៊ីលានដុល្លារ)
- អាល្លឺម៉ង់ (៨៤,៨ ប៊ីលានដុល្លារ)
- តៃវ៉ាន់ (៧៣,៩ ប៊ីលានដុល្លារ)
- ជប៉ុន (៦៨,៥ ប៊ីលានដុល្លារ)
- កូរ៉េខាងត្បូង (៦៦ ប៊ីលានដុល្លារ)
- កាណាដា (៦៣,៣ ប៊ីលានដុល្លារ)
- ឥណ្ឌា (៤៥,៧ ប៊ីលានដុល្លារ)
- ថៃ (៤៥,៦ ប៊ីលានដុល្លារ)
- អ៊ីតាលី (៤៤ ប៊ីលានដុល្លារ)
- ស្វីស (៣៨,៥ ប៊ីលានដុល្លារ)
- ម៉ាឡេស៊ី (២៤,៨ ប៊ីលានដុល្លារ)
- ឥណ្ឌូណេស៊ី (១៧,៩ ប៊ីលានដុល្លារ)
- បារាំង (១៦,៤ ប៊ីលានដុល្លារ)
- អូទ្រីស (១៣,១ ប៊ីលានដុល្លារ)
- ស៊ុយអែត (៩,៨ ប៊ីលានដុល្លារ)
កន្លងអ្នកជំនាញព្រមានថា វិធានការពន្ធឱ្យស្មើគ្នារបស់ ត្រាំ នឹងបង្កើនកម្ដៅនៃសង្រ្គាមពាណិជ្ជកម្មពិភពលោក ដែលផ្ទុះឡើងដោយសារតែគោលនយោបាយពន្ធរបស់ ត្រាំ ដូចគ្នានាពេលកន្លងមក ក្រោយលោកចូលកាន់អំណាចកាលពីខែមករា។ ការណ៍នេះអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល ដោយទម្លាក់ពាណិជ្ជកម្មពិភពលោក តាមរយៈការបង្កើតរបាំងពាណិជ្ជកម្មពីប្រទេសផ្សេងៗ។ អ្វីដែលសំខាន់នោះ ពន្ធទាំងនេះនឹងបង្កើនតម្លៃសម្រាប់អ្នកប្រើប្រាស់ បង្កើនសម្ពាធអតិផរណា ជាពិសេសសហរដ្ឋអាមេរិកផ្ទាល់៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


