ព័ត៌មានជាតិ
NBC៖ ការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិតតាមបណ្តាខេត្តប្រមាណ ៩២% ខណៈនៅភ្នំពេញប្រមាណ ៨២% ជាប្រាក់រៀល
លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា តាមការសិក្សាស្រាវជ្រាវរបស់ធនាគារជាតិ ការចំណាយប្រចាំថ្ងៃរបស់កម្មករនិយោជិកដែលរស់នៅតាមបណ្តាខេត្ត ប្រមាន ៩២% គឺជាប្រាក់រៀល ក្នុងនោះនៅរាជធានីភ្នំពេញការចំណាយជាប្រាក់រៀលរបស់កម្មករនិយោជិកមានប្រមាណ ៨២%។

លោក យឹម លាត បានលើកឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ នាខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះថា៖« ប្រាក់រៀលបានទទួល ការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅ តាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ ចំណូល ចំណាយ និងសន្សំ»។
ជាក់ស្តែង តាមលទ្ធផលនៃការស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយអង្គការ UNDP នៅឆ្នាំ២០២៣ នេះ បានបង្ហាញថា កម្មករនិយោជិកដែលរស់នៅតាមបណ្តាខេត្តចាយវាយប្រចាំថ្ងៃទៅលើទឹក ភ្លើង ម្ហូបអាហារ សំលៀកបំពាក់ ការធ្វើដំណើរកម្សាន្ត និងថ្នាំសង្កូវ មានរហូតដល់ទៅ ៩២% នៃចំណាយសរុបគឺ ជាប្រាក់រៀល។ ក្នុងនោះកម្មករនិយោជិកដែលរស់នៅរាជធានីភ្នំពេញ មានរហូតដល់ ៨២% ជាប្រាក់រៀលនៃការចំណាយសរុប។

លោក យឹម លាត ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នចំពោះប្រាក់ខែរបស់កម្មករនិយោជិកសព្វថ្ងៃនេះភាគច្រើនគឺជាប្រាក់ដុល្លារនៅឡើយ ដោយក្នុងនោះតាមការស្រាវជ្រាវដដែលបានបង្ហាញថា ៩២% ដែលកម្មករនិយោជិកត្រូវដូរជាប្រាក់ដុល្លារមកជាប្រាក់រៀល ដើម្បីចាយវាយនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគេ។
លោកថា៖«ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ប្រាក់រៀលតែមួយ នោះគឺនឹងអាចជួយដល់ការលក់ដូរឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេ»។
ក្នុងនោះដែរ លទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារសហ-ប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា សម្រាប់ខេត្តតាកែវ ទិន្នន័យស្រាវជ្រាវបង្ហាញថា មធ្យម ប្រមាណ ៨៥% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។

លោក យឹម លាត បន្ថែមថា ទោះយ៉ាងណា វឌ្ឍនភាពនៃកំណើនប្រើប្រាស់ប្រាក់រៀលនេះ និងបើទោះបីជាតម្លៃប្រាក់រៀល រក្សាបានលំនឹងល្អ ដោយមានតម្លៃជាមធ្យមប្រមាណ ៤០៥០៛/១$ នៅក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយ ក៏បានត្រឹមតែទប់ស្កាត់កម្រិតដុល្លារូបនីយកម្មមិនឱ្យកើនឡើងទៀតប៉ុណ្ណោះ ពីព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ ជាពិសេសនៅរាជធានី ភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត ដែលការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមាន កម្រិតខ្ពស់ បើធៀបនឹងប្រាក់រៀល។

«នេះគឺជាមេរៀនប្រវត្តិសាស្ត្រដែលបានបង្ហាញថា ការបាត់បង់ ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និង ជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា» នេះបើយោងតាមការថ្លែងបញ្ជាក់របស់លោក យឹម លាត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


