Connect with us

ព័ត៌មានជាតិ

ផ្លូវពីរខ្សែប្របតាម​មាត់ទន្លេ​​ក្នុងខេត្តក្រចេះ ប្រវែង​ជាង​ ៤៩ គីឡូម៉ែត្រ អ៊ុតកៅស៊ូ​បញ្ចប់ ១០០%

បានផុស

នៅ

ផ្លូវខេត្តចំនួន​ពីរខ្សែក្នុងខេត្ត​ក្រចេះគឺ​ផ្លូវខេត្ត​លេខ ៣៧៧ និងផ្លូវ​ខេត្ត​លេខ ៣៧៧A បានស្ថាបនា​បញ្ចប់​ ១០០%។ នេះបើ​តាមការបញ្ជាក់ឲ្យដឹងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។

ផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥.៥​ គីឡូម៉ែត្រ តភ្ជាប់ចាប់ពីរង្វង់មូលព្រាបសក្នុងក្រុងក្រចេះឆ្ពោះទៅស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦ ​គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ តភ្ជាប់ទៅភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវខេត្តទាំង ២ ខ្សែនេះ បានសម្ពោធបើកការដ្ឋានសាងសង់​កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៣ ដោយត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC រួមទាំង​ត្រូវ​សាងសង់ស្ពានថ្មីចំនួន ៩ កន្លែង​ថែម​ទៀត។

លោក ភុំ សោភណ្ឌ ជាប្រជាពលរដ្ឋរស់នៅសង្កាត់ក្រគរ ក្រុង​ក្រចេះ​បានឲ្យដឹងថា លោកមានការត្រេកអរជា​ខ្លាំង នៅ​ពេលដែល​មានផ្លូវស្អាត ការធ្វើដំណើរក៏ងាយស្រួល ខណៈ​ដែលការ​លក់ដូរ​ក៏​ដាច់ច្រើន​ជាងមុន​ ដោយសារមានភ្ញៀវទេសចរទៅមកច្រើន។

ពលរដ្ឋ​រូប​នេះ​បន្ត​ថា កាល​មិន​ទាន់មាន​ផ្លូវ​ស្អាត​ល្អ អ្នក​ដំណើរ​ច្រើន​តែ​ជិះ​តាមដងផ្លូវជាតិលេខ ៧ ប៉ុន្តែឥឡូវនេះបាន​ត្រឡប់មកធ្វើដំណើរតាមផ្លូវមាត់ទន្លេ ឬផ្លូវខេត្តលេខ ៣៧៧ វិញ ដោយសារ​មាន​ផ្លូវស្អាត ហើយដែល​​តាម​ផ្លូវ​មានម្លប់ដើមឈើអមត្រជាក់ ជាពិសេសបាន​ធ្វើ​ដំណើរ​ឆ្លងកាត់តំបន់រមណីយដ្ឋានទេសចរល្បីៗរបស់ខេត្តក្រចេះថែមទៀតផង៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម