ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី កែវ រ៉េមី ថា រដ្ឋាភិបាលកម្ពុជាតែងគោរពសិទ្ធិមនុស្ស មិនដូចការចោទប្រកាន់ខ្លះ
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ទេសរដ្ឋមន្ត្រី កែវ រ៉េមី អះអាងថា រាជរដ្ឋាភិបាលតែងបានខិតខំលើកកម្ពស់សិទ្ធិមនុស្ស ដែលខុសពីប្រទេសមួយចំនួន។ ចំពោះវត្តមានការិយាល័យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនៅកម្ពុជា លោក ថា មិនមែនមានន័យថាកម្ពុជាមិនគោរពសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញ ក្នុងគោលដៅតាមដានការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។

ការអះអាងរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម។
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងដេីម្បីបង្ហាញពីកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាពថ្នាក់ក្រោមជាតិឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និងជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពី កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជា ត្រូវជាប់កាតព្វកិច្ចដ៏ធំនោះ គឺការធ្វើរបាយការណ៍ជាតិ និងបញ្ជូនគណៈប្រតិភូសិទ្ធិមនុស្ស ទៅការពាររបាយការណ៍ទាំងនោះ នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ។

បើតាមប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ កម្ពុជាបានស្វាគមន៍ និងអនុញ្ញាតឱ្យមានអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និងដាក់ការិយាល័យរបស់ខ្លួននៅកម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបន្តរហូតមកដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ លោកសង្កត់ធ្ងន់ថា ការដាក់ការិយាល័យរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិនេះ មិនមែនមានន័យថា កម្ពុជាមិនគោរពសិទ្ធិមនុស្សនោះទេ ប៉ុន្តែផ្ទុយទៅវិញ ក្នុងគោលដៅតាមដានការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។
មិនតែប៉ុណ្ណោះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏មិនដែលបដិសេធ និងថែមទាំងទទួលស្វាគមន៍នូវពិភាក្សាជាមួយតំណាងស្ថានទូតនានា រួមទាំងអង្គការអន្តរជាតិផងដែរ។ លោក កែវ រ៉េមី បញ្ជាក់បន្ថែម ហើយបានបន្តថា រាជរដ្ឋាភិបាលដែលបានលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសកម្ពុជាបានការពារ និងគោរពសិទ្ធិស្រ្តី ខុសពីប្រទេសមួយចំនួននៅលើពិភពលោក ដែលស្ត្រីត្រូវបានបិទសិទ្ធិ សូម្បីតែប័ណ្ណបើកបរ មិនឱ្យរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានសិទ្ធិជ្រើសរើសគូអនាគត។

ម្យ៉ាងវិញទៀត កម្ពុជា ក៏តែងតែចូលរួមការពារសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងជនមានពិការភាព ហើយសេរីភាពនៃជំនឿសាសនា ក៏ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិពេញលេញក្នុងការជ្រើសរើស។ បន្ថែមពីនេះ លោកទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ចំពោះក្ដីមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរគ្រប់រូបនោះ គឺកម្ពុជា ពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ចមួយដ៏សំខាន់បំផុត ស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ៕
អត្ថបទ និងរូបភាព៖ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


