Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ថា​ថៃ​មិន​អាច​កាន់​កាប់​ដី​ខ្មែរ​ដោយ​ស្រប​ច្បាប់​ទេ​ហើយ​រដ្ឋាភិបាល​ដឹង​ថា​នឹង​ដោះស្រាយ​តាម​វិធី​ណា

បានផុស

នៅ

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក កែវ រ៉េមី បាន​លើក​ឡើង​ថា​រដ្ឋាភិបាល​មាន​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ឈ្លាន​ពាន​របស់​ថៃ​លើ​ដី​ខ្មែរ​បាន​ ហើយ​វិធាន​ការ​មិន​អាច​ធ្វើ​ដោយ​ខ្វះភាព​រឹង​មាំ និង​ខ្ជីខ្ជា​ទេ។ ការ​លើក​ឡើង​របស់​លោក កែវ រ៉េមី គឺ​បន្ទាប់​ពី​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ប្រកាស​ពី​​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ម្សិលមិញ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កែវ រ៉េមី បាន​សរសេរ​លើ​ហ្វេសបុក​របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦​នេះ ដោយ​បញ្ជាក់​ថា​វិធាន​ការ​របស់​រដ្ឋាភិបាល​មួយ​មិន​អាច​ធ្វើ​ដូច​ជា​ក្រុមហ៊ុន ឬ​គណបក្ស​នយោបាយ​ដែល​មិន​ដឹក​នាំ​រដ្ឋ​ទេ​។

លោក​បញ្ជាក់​ថា៖ «រាល់​លិខិត​ស្នាម​ ឬ​ វិធានការ​ណាមួយ​របស់​រដ្ឋ​ត្រូវ​មាន​ការ​គិតគូរ​ដោយ​មាន​ភាព​ល្អិតល្អន់​បំផុត​នូវ​ផល​ប៉ះពាល់​របស់​វា។ យ៉ាងណាមិញ, រាល់​លិខិត​បណ្តឹង​ ឬ​វិធានការ​តាម​ផ្លូវ​ច្បាប់​ដែល​ទាក់ទង​ទៅ​រដ្ឋ​ណា​មួយ​ ​ឬ​ប្រទេស​មួយ​គឺ​កាន់តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​ហើយ​ត្រូវ​តែ​រឹងមាំ​និង​ថ្លឹង​ថ្លែង​នូវ​ផល​ប្រយោជន៍​យូរ​អង្វែង»

លោក កែវ រ៉េមី បាន​បញ្ជាក់​ថា ការ​ឈ្លានពាន​ទឹក​ដី​ដោយ​ប្រើ​កម្លាំង​យោធា​ថៃ​ដើម្បី​កាន់​កាប់​មិន​អាច​ទទួល​បាន​ភាព​ស្រប​ច្បាប់​នោះ​ទេ​។ រដ្ឋាភិបាល​កម្ពុជា​ដឹង​ច្បាស់​ថា​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​វិធី​ណា​ពោល​គឺ​ត្រូវ​តែ​រក្សា​និង​ឱ្យ​តម្លៃ​ទៅ​លើ​អាយុជីវិត​របស់​មនុស្ស​ដែល​រស់​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ​ជា​សំខាន់​។ លោក​អំពាវនាវ​ដល់​ពលរដ្ឋ​បន្ត​អត់ធ្មត់ និង​ជឿ​លើ​វិធានការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល​។


បន្ទាប់​ពី​សម្រេច​បាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ទាហាន​ថៃ​បាន​បំពាន​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​ជា​បន្តបន្ទាប់​ដោយ​បាន​រាយលួស​បន្លា ដាក់​ទូរកុងតឺន័រ បំផ្លាញ​ផ្ទះ​សំបែង​ពលរដ្ឋ​ខ្មែរ និង​ហាម​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ត្រលប់​ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ​។ ក្នុង​ជំនួប​ជាមួយ​ប្រជា​ជន​ភៀសសឹក​នៅ​ខេត្ត​ព្រះវិហារ​ កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា កន្លង​ទៅ​ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ធ្វើ​បច្ចុប្បន្ន​គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​សន្ដិភាព​ឡើង​វិញ​ជាមុន​សិន​ជាមួយ​នឹង​ការ​ស្ដារ​នូវ​ទំនុក​ចិត្ត​ឡើង​វិញ​បាន​ និង​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​កុំ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​បាត់​បង់​ទឹក​ដី​ដោយ​សម្ដេច​បញ្ជាក់​ថា​កម្ពុជា​នៅ​តែ​បន្ត​ទាម​ទារ​នូវ​សិទ្ធិ​ជា​ម្ចាស់​ដី​មក​វិញ​ដោយ​​សន្តិវិធី​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម