ព័ត៌មានជាតិ
នៅចំពោះមុខមន្រ្តីUN, មេសិទ្ធិមនុស្សកម្ពុជា បន្តបកអាក្រាតយោធាថៃបំផ្លាញផ្ទះសម្បែងជនស៊ីវិល
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Benjamin Moreau មន្រ្តីទទួលបន្ទុកការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) លោក កែវ រ៉េមី បន្តបកអាក្រាតអំពីសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានបំផ្លាញទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋស៊ីវិល។

ការបកអាក្រាតនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ ដោយមានគោលបំណងបង្ហាញពីសមិទ្ធផលការងារលើវិស័យសិទ្ធិមនុស្ស ដែលសម្រេចបានពីកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR នៅក្នុងឆ្នាំ២០២៥ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរសម្រាប់ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនេះ នៅចំពោះមុខមន្រ្តី UN លោក កែវ រ៉េមី បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់យោធាថៃ ដែលបានកម្ទេចផ្ទះសម្បែងរបស់ប្រជាជនកម្ពុជានៅតំបន់ដែលខ្លួនឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ដោយបានយកទូកុងតឺន័រ និងបន្លាលួសមកដាក់រារាំងប្រជាជនកម្ពុជាមិនអាចត្រឡប់ទៅកាន់លំនៅឋាន និងសហគមន៍ដើមរបស់ពួកគេវិញ។ លោក កែវ រ៉េមី សង្កត់ធ្ងន់ថា៖«សកម្មភាពទាំងនេះត្រូវបានចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សមូលដ្ឋាន រួមមានសិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិមានលំនៅដ្ឋានសមរម្យ សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងសិទ្ធិទទួលបានសុវត្ថិភាពនិងការការពារជាដើម»។
ជាមួយគ្នានេះ លោកបានស្នើ OHCHR ជួយពិនិត្យ និងតាមដានស្ថានភាពនេះ ដោយប្រើយន្តការសិទ្ធិមនុស្សអន្តរជាតិ ធ្វើការចូលរួមជាមួយភាគីពាក់ព័ន្ធ និងអំពាវនាវឱ្យមានការគោរពតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរអាចអនុវត្តសិទ្ធិត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងជំនួបនោះ លោក Benjamin Moreau បានសម្តែងនូវការពេញចិត្តចំពោះការផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អរបស់ គ.ស.ម.ក. ជាមួយនឹង OHCHR។ ភាគីទាំងពីរ បានសម្តែងនូវក្តីរំពឹងយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងកាន់តែរឹងមាំ ដែលនឹងនាំមកនូវការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង។
សម្រាប់ឆ្នាំ២០២៦ ភាគីទាំងពីរនឹងសហការលើវិស័យអទិភាពចំនួន៥ រួមមាន៖ (១) ការអនុវត្តអនុសាសន៍នៃរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) (២) ការបង្កើនការយល់ដឹងអំពីស្ថាប័នជាតិសិទ្ធិមនុស្ស (NHRI) (៣) ការបន្តផ្តល់សម្ភារៈ និងឯកសារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស (៤) ការកសាងសមត្ថភាពមន្រ្តីរាជការ និង (៥) ការបន្តកិច្ចពិភាក្សាលើករណីផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

គួរជម្រាបថា ក្នុងអំឡុងពេលនៃការឈ្លានពានទឹកដីកម្ពុជា ក្រុមយោធាថៃបានលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលរួមមាន ម៉ូតូ រថយន្ត ត្រាក់ទ័រ គោយន្ត ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនប្រភេទផ្សេងទៀត។ លើសពីនេះទៅទៀត ក្រុមយោធាថៃក៏បានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ជនស៊ីវិលនៅតំបន់នោះផងដែរ៕
-
ព័ត៌មានជាតិ២០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


