ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុអំពាវនាវដល់ធុរជន និងវិនិយោគិនៃខេត្តអានហ៊ួយរបស់ចិនមកបណ្តាក់ ទុនវិនិយោគ និងជំរុញជើងហោះហើរត្រង់
លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអំពាវនាវដល់បណ្តាវិនិយោគិន និងធុរជននៃខេត្តអានហ៊ួយ របស់ប្រទេសចិនមកធ្វើការចាប់ឱកាសវិនិយោគនៅខេត្តរបស់ខ្លួន ដែលត្រូវបានរាជរដ្ឋាភិបាលកំពុងតែប្រែក្លាយទៅជាតំបន់ឧស្សាហកម្មពហុបំណង និងជាច្រកសេដ្ឋកិច្ចនៃតំបន់ឆ្នេរដ៏សំខាន់សម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់។

ការអំពាវនាវរបស់លោក ម៉ាង ស៊ីណេតធ្វើឡើង ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូខេត្តធ្វើដំណើរទស្សនកិច្ចទៅខេត្តអានហ៊ួយ ប្រទេសចិនកាលពីថ្ងៃទី៤ខែមិថុនាម្សិលមិញនេះ។
លោកអភិបាលខេត្តសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នឹងទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែល្អប្រសើរ។
លោកស៊ីណេតបានស្នើសុំឯកឧត្តមអភិបាលខេត្តអានហ៊ួយ ជួយជំរុញវិនិយោគគិន និងភ្ញៀវទេសចរណ៍ ឱ្យទៅបណ្តាក់ទុនវិនិយោគ និងទស្សនាកំសាន្តនៅខេត្តព្រះសីហនុ ឱ្យកាន់តែច្រើនថែមទៀត។ លោកក៏បានស្នើសុំ លោកអភិបាលខេត្តអានហ៊ួយ ជួយជំរុញការរៀបចំតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តអានហ៊ួយ ទៅខេត្តព្រះសីហនុ។ ជាចុងក្រោយឯកឧត្តមអបាលខេត្តព្រះសីហនុ ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តអានហ៊ួយ ទៅធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ទៅតាមពេលវេលាសមស្របណាមួយ។

លោក វ៉ាង ឈីងស៊ាន (WANG QING XIAN)អភិបាលខេត្តអានហ៊ួយ បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តអានហួយ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងជាខេត្តមួយ ដែលមានចំណូលខ្ពស់សម្រាប់ប្រទេសចិន និងនាំមុខក្នុងការផលិត រថយន្តប្រើចរន្តអគ្គីសនី និងថាមពលផ្សេងៗ ដែលមានការនាំចេញរហូតដល់ជាងមួយលានគ្រឿងនៅក្នុងមួយឆ្នាំផងដែរ។
លោកអភិបាលខេត្តអានហ៊ួយ បានទទួលយកសំណើរបស់លោកអភិបាលខេត្តព្រះសីហនុ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម។ ជាពិសេសឯកលោកនឹងខិតខំជំរុញការរៀបចំជើងហោះហើរត្រង់ពីខេត្តអានហ៊ួយទៅកាន់ខេត្តព្រះសីហនុផងដែរ។ ហើយលោកអភិបាលខេត្តអានហ៊ួយ ក៏បានបញ្ជាក់ថាឯកឧត្តមនឹងឆ្លៀតពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចនៅខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះផងដែរ។

បើយោងតាមរដ្ឋបាលខេត្ត តាមរយៈទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងនោះ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) ជាមួយទីក្រុងស៊ូចូវ នៃខេត្តអានហ៊ួយ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ដោយបានព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍។ ហើយស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ និងស្រុកយ៉ុងឈាវ នៃក្រុងស៊ូចូវ ក៏បានចុះហត្ថលេខាលើលិខិតផ្តួចផ្តើម (Letter of Intent) កាលពីឆ្នាំ២០១៦ ដោយព្រមព្រៀងគ្នាបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ការអប់រំ កីឡា អនាម័យ ធនធានមនុស្ស និងទេសចរណ៍ ផងដែរ។
ខេត្តទាំងពីរក៏បានបន្តខិតខំជំរុញកិច្ចសហប្រតិបត្តិការមិត្តភាព និងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតខេត្តសម្ព័ន្ធមេត្រីភាពរវាងខេត្តព្រះសីហនុ និងខេត្តអានហ៊ួយ ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ(ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥)។ ផ្អែកតាមគោលការណ៍សមភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយភាគីទាំងពីរនឹងផ្លាស់ប្តូរទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ការអប់រំ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្ម៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ