Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ប្រកាសជំហរដើរផ្លូវតែមួយជាមួយ ចិន និងជាដៃគូយុទ្ធសាស្ត្រ «គ្រប់ទិដ្ឋភាពទាំងអស់»

បានផុស

នៅ

ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាមេដ បាគើ កាលីបាហ្វ (Mohammad Baqer Ghalibaf) បានប្រកាសកាល ពីថ្ងៃ ទី១៧ ខែមិថុនា ថា ទីក្រុងតេហេរ៉ង់គឺជាដៃគូ «ពេញលេញ» របស់ប្រទេសចិន ដោយលោកបានលើកឡើងពីតួនាទីដ៏សំខាន់ដែលប្រទេសទាំងពីរ នឹងត្រូវដើរតួនៅក្នុងប្លុកតំបន់ថ្មីៗដែលកំពុងតែលេចរូបរាងឡើង។

លោក ម៉ូហាមេដ បាគើ កាលីបាហ្វ កំពុងនិយាយអំឡុងពេលជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់ (រូបភាព៖isna)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចេញផ្សាយពីភ្នាក់ងារ news, លោក កាលីបាហ្វ ដែលបច្ចុប្បន្នក៏កំពុងកាន់តំណែងជាតំណាងពិសេសរបស់អ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការប្រទេសចិនផងនោះ បានលើកឡើងបែបនេះ អំឡុងពេលជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់ ដោយលោក បានគូសបញ្ជាក់ពីសក្តានុពលដ៏សំខាន់របស់សាធារណរដ្ឋឥស្លាមមួយនេះ ក្នុងការបង្រួមនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅទូទាំងតំបន់ និងទៅកាន់ពិភពលោក។

លោក ប្រកាសថា «ចិន គឺជាប្រទេសដ៏វិសេសវិសាល និងប្លែកគេបំផុតសម្រាប់យើង។ យើងត្រូវតែបង្កើតទំនុកចិត្តដល់ភាគីចិន តាមរយៈសកម្មភាព និងវិធីសាស្ត្ររបស់យើង ដើម្បីឲ្យពួកគេជឿជាក់ថា អ៊ីរ៉ង់មិនមែនគ្រាន់តែជាអតិថិជនធម្មតាម្នាក់នោះទេ ប៉ុន្តែគឺជាដៃគូដ៏យូរអង្វែង គួរឲ្យទុកចិត្ត និងពេញលេញបំផុតសម្រាប់ចិន»។

ដោយយោងទៅលើភាពចាំបាច់នៃការបង្កើតសម្ព័ន្ធភាព និងប្លុកអន្តរជាតិថ្មីៗ ប្រធានសភារូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា «យើងត្រូវការប្លុកនានា ហើយខ្ញុំសូមនិយាយឲ្យចំៗថា ប្លុកទាំងនេះត្រូវតែបង្កើតឡើង ហើយបច្ចុប្បន្នវាក៏បានលេចរូបរាងឡើងខ្លះៗរួចទៅហើយដែរ»។ ជាពិសេសទៀតនោះ ចិន និងអ៊ីរ៉ង់ នឹងក្លាយជាសមាជិកដែលមិនអាចខ្វះបាននៅក្នុងប្លុកណាមួយនាពេលអនាគត។ នៅក្នុងប្លុកណាក៏ដោយដែលលេចរូបរាងឡើង គឺមានប្រទេសចំនួនពីរដែលច្បាស់លាស់ និងមិនអាចជំនួសបានឡើយនៅក្នុងគ្រប់វិស័យ នោះគឺ ចិន និងអ៊ីរ៉ង់។

ប្រធានសភាអ៊ីរ៉ង់រូបនេះ ក៏បានប្ដេជ្ញាចិត្តថា នឹងបោះជំហានទៅមុខក្នុងទិសដៅនេះ ទាំងលើទិដ្ឋភាពបច្ចេកវិទ្យា សេដ្ឋកិច្ច និងនយោបាយ ដោយលោកបានបន្ថែមថា «យើងត្រូវតែជំរុញមាគ៌ានេះទៅមុខ ដោយរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ និងអំណាច ប៉ុន្តែត្រូវស្ថិតនៅឲ្យឆ្ងាយពីភាពតានតឹង និងផ្អែកលើហេតុផល ។ ឱកាសនេះគឺមានរួចជាស្រេចសម្រាប់រូបខ្ញុំ និងអ្នកទាំងអស់គ្នា»។

បន្ទាប់ពីជំនួបនោះ លោក កាលីបាហ្វ បានសរសេរនៅលើគណនី X របស់លោកថា ការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ចំពោះ «កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលគាំទ្រដោយភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន គឺមានភាពរឹងមាំដាច់ខាត។ នៅក្នុងជំនួបរបស់ខ្ញុំជាមួយសភាពាណិជ្ជកម្មអ៊ីរ៉ង់ ខ្ញុំបានសង្កត់ធ្ងន់ថា យើងប្ដេជ្ញាចិត្តប្រែក្លាយកិច្ចព្រមព្រៀងយុទ្ធសាស្ត្ររបស់យើងនៅក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) ឲ្យទៅជាលទ្ធផលជាក់ស្តែង»។

គួររំលឹកផងដែរថា អ៊ីរ៉ង់ និងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរយៈពេល ២៥ ឆ្នាំជាប្រវត្តិសាស្ត្រមួយកាលពីខែមីនា ឆ្នាំ២០២២ បើទោះបីជាមានការដាក់ទណ្ឌកម្មជាឯកតោភាគីពីសំណាក់អាមេរិកទៅលើប្រទេសទាំងពីរក៏ដោយ។ កិច្ចព្រមព្រៀងនេះបានកំណត់យ៉ាងច្បាស់លាស់នូវកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងប៉េកាំង នៅលើវិស័យនយោបាយ វប្បធម៌ សន្តិសុខ ការពារជាតិ ក៏ដូចជាកិច្ចការក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជួយពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់ និងចិន ឲ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ជំនួបខ្លីនៅ G7៖ កូរ៉េខាងត្បូងស្នើ ត្រាំ ធ្វើជាអ្នកដឹកនាំផ្សះផ្សាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដូចនៅមជ្ឈិមបូព៌ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម