ព័ត៌មានអន្ដរជាតិ
ហេតុអ្វី លោក ស៊ី មិនលើកបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅ ព្យុងយ៉ាង?
នៅថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើងហើយ ដោយនោះ ជាដំណើរលើកដំបូង ទៅកាន់ប្រទេសប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៧ឆ្នាំ។

ក្នុងដំណើរទស្សនកិច្ចដ៏កម្រនោះ ប្រមុខរដ្ឋចិន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសម្រេចកិច្ចព្រមព្រៀងមួយចំនួន ជាមួយគ្នា ប៉ុន្តែអ្វីដែលពិភពលោក កត់សម្គាល់បំផុតគឺ លោកស៊ី មិនបានលើកឡើងពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរទេ ក្នុងជំនួបកំពូលជាមួយ ប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង ដែលផ្ទុយពីក្នុងជំនួបជាមួយប្រធានាធិបតីអាមេរិក កាលពីពាក់កណ្តាលខែឧសភា ដែលលោកស៊ី និងលោក ដូណាល់ ត្រាំ បានលើកឡើងពីបញ្ហានេះ។
ដូច្នេះហើយ ទើបមានការចោទជាសំណួរថា តើហេតុអ្វីបានជាលោក ស៊ី មិនលើកពីបញ្ហារំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង ព្យុងយ៉ាង?

តាមការផ្សាយរបស់ CNN កាលពីថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ ហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន គឺដោយសារ ចិនកំពុងប្រើប្រាស់កូរ៉េខាងជើងជា «ល្បែងភូមិសាស្ត្រនយោបាយ» ដើម្បីប្រជែងឥទ្ធិពល ជាមួយអាមេរិក និងដើម្បីរក្សាស្ថិរភាព របបដឹកនាំក្រុងព្យុងយ៉ាង មិនឲ្យដួលរលំ។
ម្យ៉ាង CNN ផ្សាយថា ការរក្សាភាពស្ងៀមស្ងាត់ មិននិយាយពីអាវុធនុយក្លេអ៊ែរ និងការបន្តគាំទ្រសេដ្ឋកិច្ចដល់កូរ៉េខាងជើង គឺជាយុទ្ធសាស្ត្របង្ហាញទៅលោក ត្រាំ ថា ទីក្រុងប៉េកាំង គឺជាអ្នកកាន់កូនសោរតែម្នាក់គត់ ដែលអាចគ្រប់គ្រង ឬបញ្ចុះបញ្ចូលកូរ៉េខាងជើងបាន។ ចិន អាចប្រើប្រាស់ «សន្លឹកបៀកូរ៉េខាងជើង» នេះ ដើម្បីធ្វើជាថ្នូរ ក្នុងការចរចាជាមួយអាមេរិក លើបញ្ហាធំៗផ្សេងទៀត ដូចជា ពន្ធពាណិជ្ជកម្ម និងកោះតៃវ៉ាន់។

ចំណែកបើយោងតាមអ្នកជំនាញរបស់ BBC, មូលហេតុគឺ ការពារកូរ៉េខាងជើង កុំឲ្យរុញទូកបណ្តោយទឹកទៅរក រុស្ស៊ី ខ្លាំងពេក។ ប្រសិនបើលោក ស៊ី លើកឡើងពីការប្រឆាំងនុយក្លេអ៊ែរចំៗ វានឹងធ្វើឲ្យលោក ជុងអ៊ុន អាក់អន់ចិត្ត ហើយកាន់តែងាកទៅរកទីក្រុងមូស្គូ។
អ្នកវិភាគភូមិសាស្ត្រនយោបាយ យល់ឃើញថា ទាំងចិន និងរុស្ស៊ី សុទ្ធតែទទួលស្គាល់ជាសម្ងាត់ រួចទៅហើយថា កូរ៉េខាងជើង មិនអាចបោះបង់ចោលអាវុធនុយក្លេអ៊ែរបានឡើយ ដោយសារវា ជាឧបករណ៍តែមួយគត់ ដើម្បីការពារការរស់រានមានជីវិត នៃរបបរបស់ខ្លួន។

ចុងក្រោយ បើយោងតាមវិទ្យាស្ថានសិក្សាសង្គ្រាម, សម្រាប់ទីក្រុងប៉េកាំង សន្តិសុខ និងស្ថិរភាពនៃរបបដឹកនាំរបស់លោក ជុងអ៊ុន គឺមានសារៈសំខាន់ ជាងការរំសាយអាវុធនុយក្លេអ៊ែរ។ ប្រសិនបើចិន ដាក់សម្ពាធខ្លាំងពេកលើបញ្ហានុយក្លេអ៊ែរ វាអាចធ្វើឲ្យកូរ៉េខាងជើង ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ឬនយោបាយរហូតដល់ដួលរលំ។ ករណីនេះ នឹងធ្វើឲ្យចិនបាត់បង់តំបន់ទ្រនាប់យុទ្ធសាស្ត្រ ហើយអាចបើកផ្លូវឲ្យកងទ័ពអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង មកកៀកនឹងព្រំដែនចិន ជាក់ជាមិនខានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


