ព័ត៌មានជាតិ
អ្នកនាំពាក្យ ជំរុញមន្ត្រីមណ្ឌលសុខភាព និងពេទ្យបង្អែក ខិតខំស្រូបយកអ្នកជំងឺឱ្យបានច្រើន កាត់បន្ថយការកកស្ទះតាមពេទ្យថ្នាក់ជាតិ
អ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឱ្យមន្ត្រីមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ត្រូវខិតខំទទួលស្រូបយកអ្នកជំងឺឱ្យបានច្រើន និងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមកាត់បន្ថយការកកស្ទះរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។

លោកសាស្ត្រាចារ្យ គុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៦ មិថុនា នេះថា «ជាគោលការណ៍សុខាភិបាល យើងខិតខំទទួលបងប្អូនអ្នកជំងឺនៅគ្រប់សេវាសុខាភិបាល គ្រាន់តែថាដោយសារការមកទទួលសេវាសុខាភិបាលមានចំនួនច្រើនកុះករនៅតាមមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកខេត្ត អីចឹងប្រាកដណាស់យើងទាំងអស់គ្នាសុខាភិបាលក្រោមការដឹកនាំ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ជំរុញដល់មន្ត្រីនៅក្នុងសហគមន៍ផ្ទាល់ដែលមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក កាន់តែខិតខំស្រូបយកបងប្អូនអ្នកជំងឺ ឬបងប្អូនដែលត្រូវការសេវាសុខាភិបាលឱ្យបានច្រើន បើកាលណាស្រូបបានច្រើន ក៏អាចកាត់បន្ថយការធ្វើដំណើររបស់អ្នកជំងឺមួយចំនួនមកដល់ថ្នាក់ខេត្ត ឬថ្នាក់ជាតិដែរ។ នេះជាអ្វីដែលទាំងអស់គ្នាចង់បាន ដើម្បីជួយចែករំលែកបងប្អូនអ្នកជំងឺទៅតាមកម្រិតនីមួយៗ ជាមួយនឹងគុណភាពប្រសិទ្ធភាពការទុកចិត្ត និងប្រឹងឱ្យអស់ពីសមត្ថភាព»។

លោកសាស្ត្រាចារ្យ បានបន្តថា នេះជាគោលការណ៍ធំដែលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីលោកខិតខំរាល់ពេលជួបជុំ និងចុះទៅផ្ទាល់ លោកបន្តរំលឹក និងជំរុញឱ្យថ្នាក់ដឹកនាំយើងគ្រប់ឋានានុក្រមទទួលយកសារនេះ និងអនុវត្តឱ្យមានប្រសិទ្ធភាព។

លោកសាស្ត្រាចារ្យ បានបន្ថែមថា «បងប្អូនយើងនៅតាមមណ្ឌលសុខភាព និងតាមមន្ទីរបង្អែកស្រុក មន្ទីរពេទ្យបង្អែកខេត្ត លោកត្រូវបានទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ជំរុញឱ្យមន្ត្រីនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ខិតខំទទួលស្រូបយកបងប្អូនអ្នកជំងឺឱ្យអស់ដៃអស់ជើង ដើម្បីចៀសវាងកុំឱ្យពួកគាត់មានការលំបាកធ្វើដំណើរមកឆ្ងាយពីខេត្តមកថ្នាក់ជាតិដែលត្រូវចំណាយថវិកាច្រើនបន្ថែមទៀតដែលយើងមិនចង់បាន»។
លោកសាស្ត្រាចារ្យ បានបង្ហាញការគាំទ្រឱ្យប្រជាពលរដ្ឋដែលមានជំងឺស្រាលៗ គួរតែអញ្ជើញទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដើម្បីជួយកាត់បន្ថយការកកស្ទះរបស់អ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ។
ពាក់ព័ន្ធបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់ ប.ស.ស. ក៏បានលើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព ដើម្បីកាត់បន្ថយការកកស្ទះអ្នកជំងឺនៅតាមមន្ទីរពេទ្យថ្នាក់ជាតិ ដោយសារបច្ចុប្បន្នមានសមាជិក ប.ស.ស រាប់រយនាក់ ក្នុង ១ ថ្ងៃៗ បានទៅទទួលសេវានៅតាមមន្ទីរពេទ្យថ្នាក់ជាតិនៅក្នុងរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ធ្វើឱ្យកកស្ទះ និងត្រូវចំណាយពេលវេលាយូរក្នុងការទៅទទួលសេវា ព្រោះសមាជិកម្នាក់ៗ តម្រូវឱ្យតម្រង់ជួរចូលម្នាក់ម្តងទៅតាមលេខរៀង អ្នកទៅមុនបានមុន និងអ្នកទៅក្រោយ ត្រូវរង់ចាំតាមលេខរៀងជាបន្តបន្ទាប់។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា «ទាក់ទិននឹងការកកស្ទះរបស់សមាជិក ប.ស.ស ទៅទទួលសេវានៅតាមមន្ទីរពេទ្យជាដៃគូនេះ តាមយោបល់ខ្ញុំ គឺថានៅពេលដែលបងប្អូនជាសមាជិក ប.ស.ស ទាំងអស់ ឈឺ ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ។ ក្នុងករណីបងប្អូនមានជំងឺស្រាលៗ ដូចជា ជំងឺផ្តាសាយតិចតួច ឬ ឈឺក្បាល សូមអញ្ជើញទៅប្រើប្រាស់សេវានៅតាមមន្ទីរពេទ្យឯកជន ឬ មណ្ឌលសុខភាព ឬ មន្ទីរពេទ្យកម្រិត ១ និងកម្រិត ២ ជាដើម ដើម្បីទុកលទ្ធភាពដល់សមាជិក ប.ស.ស ផ្សេងទៀត ដែលមានជំងឺធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ សង្គ្រោះបន្ទាន់ ករណីវះកាត់បន្ទាន់ទៅពិនិត្យ ពិគ្រោះ និងព្យាបាល នៅតាមមន្ទីរពេទ្យថ្នាក់ជាតិ»។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា «ការអនុវត្តបែបនេះ វាអាចកាត់បន្ថយបានច្រើន។ ប៉ុន្តែក្នុងករណីសមាជិក ប.ស.ស មានជំងឺស្រាលៗ នាំគ្នាសម្រុកទៅទទួលសេវានៅមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់គ្នានោះ នឹងបន្តការកកស្ទះហើយ»។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា បច្ចុប្បន្ន ប.ស.ស មានមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស ចំនួន ១,៥៩៥ មូលដ្ឋាន ក្នុងនោះ វិស័យឯកជន ចំនួន ១៦៣ មូលដ្ឋាន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២៣ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ