ព័ត៌មានជាតិ
គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគជាង៣.៥លានដុល្លារ
គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន៣ ៥១៧ ១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។

តាំងតែពីមន្ទីរពេទ្យគន្ធបុប្ផា ចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២, មន្ទីរពេទ្យនេះបានទទួលការពិនិត្យ និងព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ កុមារ និងស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ២៣ លានករណី, បានទទួលកុមារមកសម្រាកព្យាបាលធ្ងន់ធ្ងរប្រមាណ ២,៨ លាននាក់ និងសម្រាលកូនជូនស្រ្តីមានផ្ទៃពោះចំនួនប្រមាណ ៤១ម៉ឺននាក់។ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវចំណាយថវិកាជាង១២ម៉ឺនដុល្លារក្នុង១ថ្ងៃ ឬក៏៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីធានារក្សានិរន្តភាពមន្ទីរពេទ្យក្នុងការជួយព្យាបាលជំងឺ ដើម្បីពិនិត្យព្យាបាលជំងឺកុមារ និងពិនិត្យលើស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ប្រកបដោយស្មើភាព គ្មានការរើសអើង។

ដោយមើលឃើញពីតម្រូវការថវិកា សម្រាប់ទ្រទ្រង់និរន្តភាពដំណើរការមន្ទីរពេទ្យគន្ធបុប្ផា នៅឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ដគំនិតផ្ដួចផ្ដើមបើក យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រយៈពេលពេញ១ខែមិថុនា ដើម្បីកៀរគរថវិកាសប្បុរសធម៌ ចូលរួមចំណែកដល់កិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្ដល់ក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

ស្របយុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានបរិច្ចាគ និងអំពាវនាវឱ្យសប្បុរសជនបន្តបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។

កាលពីថ្ងៃទី១ ខែមិថុនា នៅក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា ត្បិតការកៀរគរថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដាក់ឈ្មោះថាជាយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក៏ពិតមែន ប៉ុន្តែសប្បុរសជនអាចបរិច្ចាគថវិកាក្រោម១ម៉ឺនរៀលក៏បាន ឬលើសពី១ម៉ឺនរៀលបាន។

នៅក្នុងពិធីដដែល លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា វាយតម្លៃថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមួយដែលបានជួយព្យាបាលជំងឺរបស់កុមារមកពីគ្រប់រាជធានី ខេត្តក្នុងប្រទេសកម្ពុជា ព្រោះនៅពេលកូន ចៅ ឈឺមានជំងឺធ្ងន់ស្រាល ឳពុកម្ដាយ ជីដូនជីតា ដែលរស់នៅតាមខេត្តបានបញ្ជូនកូនចៅខ្លួន មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាម។ លោកជំទាវបន្ថែមថា មន្ទីរពេទ្យគន្ធបុប្ផាបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលក្ដីព្រួយបារម្ភភាពតក់ស្លុតរបស់ម្ដាយឳពុករាប់សែននាក់ចំពោះសុខទុក្ខរបស់កូនៗខ្លួន៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


