Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចាប់ផ្ដើមចេញដំណើរជាផ្លូវការ

បានផុស

នៅ

លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា «ពិធីបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជន ជូនមូលនិធិគន្ធបុប្ផាកម្ពុជា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវបណ្ឌិត ថែមទាំងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន បណ្តាវិស័យឯកជន ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋ ដែលមានទឹកចិត្តសប្បុរសយ៉ាងធំធេង ចូលរួមគាំទ្រ មូលនិធិគន្ធបុប្ផា ទាំងកម្លាំងកាយចិត្ត និងធនធាន នាពេលកន្លងមក ដែលជាការបង្ហាញយ៉ាងច្បាស់ថា មិនថានៅទីកន្លែងណា មិនថាពេលវេលាណា ខ្មែរតែងតែបារម្ភ ស្រឡាញ់ និងយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយតែងតែជួយគ្នាទៅតាមគ្រប់មធ្យោបាយ។

លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះគឺដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ការបំផុសសកម្មភាពកៀរគរមូលនិធិសប្បុរសធម៌ ជាសំខាន់គឺការបំផុសស្មារតី ខ្មែរជួយខ្មែរដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈមាន សិស្ស និស្សិត មន្ត្រីរាជការគ្រប់ក្រសួង-ស្ថាប័ន គ្រឹះស្ថានឯកជន និងសាធារណៈទាំងក្នុង និងក្រៅប្រទេស ក្រោមមូលបទ “ទោះក្នុងកាលៈទេសៈណាក៏ដោយ ខ្មែរនៅតែជួយខ្មែរ” ។

លោកជំទាវបណ្ឌិត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំបន្ថែមទៀតថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗដទៃទៀត ដើម្បីរម្លឹក និងបំផុសចលនាចូលរួមបរិច្ចាគពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងមានបេសកកម្មសង្រ្គោះជីវិតមាតា ទារក និងកុមារនៅកម្ពុជា ប្រកបដោយគុណភាព មិនរើសអើង និងដោយមិនគិតថ្លៃ ជាពិសេសកុមារដែលមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ក៏អាចទទួលបានសេវាពិនិត្យ និងព្យាបាលប្រកបដោយគុណភាពផងដែរ។

គួររម្លឹកថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” កាលពីឆ្នាំ២០២៥ ដែលផ្តួចផ្តើម និងដឹកនាំដោយផ្ទាល់ ដោយលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលជោគជ័យគួរជាទីមោទន ជាមួយនឹងការទទួលបានសប្បុរសជនចូលរួមបរិច្ចាគ ប្រមាណ ៣០ម៉ឺននាក់ និង ថវិកាប្រមាណ ៥,៥ លាន ដុល្លារអាម៉េរិក។


របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផាឱ្យដឹងថា រយៈពេល១២ខែពេញ ក្នុងឆ្នាំ២០២៥  មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅសៀមរាប បានផ្ដល់សេវា ពិនិត្យ ពិគ្រោះ និងព្យាបាលដល់កុមារចំនួន១ ០៧៨ ៦៣៧ករណី, ព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួន២៣៣២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន១០៨ ១៣៤ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន២៥ ៧៣៦នាក់ ផ្ដល់សេវាវះកាត់ទូទៅចំនួន៣៤ ៨៨៩នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន១១៦៣នាក់ ក្នុងនោះចំណាយថវិកាអស់ដល់ទៅ៤៦ ១៨១ ៥២៣ ដុល្លារអាម៉េរិក (មិនគិតថវិកាវិភាជពីក្រសួងសុខាភិបាល)៕

ដោយ៖ ង៉ិល ណារ៉ាត់



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម