ព័ត៌មានជាតិ
ថ្ងៃនេះ ៦៣ឆ្នាំមុន តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ គឺជាខួប៦៣ឆ្នាំ នៃសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ដែលបានប្រកាសប្រគល់អធិបតេយ្យភាពលើប្រាសាទព្រះវិហារដល់ប្រទេសកម្ពុជា ដោយបានឈ្នះក្ដីលើប្រទេសថៃ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច និងប្រកាសជាផ្លូវការថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដី និងស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា មិនមែនរបស់ថៃឡើយ។
ប៉ុន្តែជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារនេះ ក៏បានកើតឡើងជាថ្មី នៅខែកក្កដា ឆ្នាំ២០០៨ ក្រោយពេលទាហានថៃបានចូលឈ្លានពានទឹកដីខ្មែរ ដែលជម្លោះប្រាសាទព្រះវិហារ ជាថ្មីពេលនោះ គឺបន្ទាប់ពីអង្គការយូណេស្កូ (NESCO) បានដាក់បញ្ចូលប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ បានផ្ទុះឡើងជាច្រើនលើក បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសទាំងសងខាង។ ក្រោយពីមានជម្លោះយោធាដ៏តានតឹង កម្ពុជាសម្រេចបញ្ជូនសំណុំរឿងប្រាសាទព្រះវិហារ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឲឱ្យបកស្រាយសាលក្រម កាលឆ្នាំ១៩៦២ ឡើងវិញ ក្នុងពេលដែលកម្ពុជា ទទួលបានឈ្នះលើប្រទេសថៃ កាលពីឆ្នាំ១៩៦២ ជុំវិញរឿងក្ដីប្រាសាទព្រះវិហារ។
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏បានប្រកាសសាលក្រមឡើងវិញ តាមការប្ដឹងរបស់កម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ភ្លាមដែរ ក្រោយពេលតុលាការបានបើកសវនាការស្ដាប់ការបកស្រាយដោយផ្ទាល់មាត់ពីតំណាងរដ្ឋាភិបាលកម្ពុជា និងថៃ កាលពីខែមេសា ឆ្នាំ២០១៣។ ដោយអំណាចសាលក្រមនេះ គឺតុលាការបានបង្គាប់ឱ្យថៃត្រូវដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ។

ជាថ្មីម្ដងទៀត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជូនលិខិតផ្លូវការពាក់ព័ន្ធវិវាទព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ជុំវិញសំណុំរឿងប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី។ បណ្ដឹងរបស់កម្ពុជាពេលនេះ ត្រូវបាននាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ឈរលើស្មារតី និងគោលបំណងដូចគ្នា គឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជា នៅតំបន់ប្រាសាទព្រះវិហារ កាលពីជាង៦០ឆ្នាំមុន។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និងសន្តិភាព។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងតាមសំណេរលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃនេះ ថា «កម្ពុជាក្នុងនាមជាអារ្យប្រទេស តែងតែរក្សាបាននូវភាពថ្លៃថ្នូរ ភាពត្រឹមត្រូវ សុច្ចរិត ស្មោះត្រង់ ហើយតែងតែប្រើប្រាស់យន្តការច្បាប់ គឺជាគោលក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដោយសន្តិវិធី ដើម្បីរក្សាបាននូវសុខសន្តិភាព និងសេចក្តីសុខជូនប្រជាជនយើង»។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ទាំងអស់គ្នាជាមហាគ្រួសារខ្មែរ ជាខឿនការពារជាតិប្រជាជនដ៏រឹងមាំ ដែលឈរជើងនៅសមរភូមិក្រោយ។ «សូមយើងទាំងអស់គ្នាត្រៀមខ្លួនគ្រប់ពេលវេលា សាមគ្គីគ្នា ឯកភាពគ្នា រួមចិត្ត រួមកម្លាំងគ្នាគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំង ដែលកំពុងឈរជើងនៅជួរមុខ ប្រកបដោយឆន្ទៈ ទឹកចិត្ត និងក្តីស្រឡាញ់»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


