ព័ត៌មានជាតិ
សម្ដេចធិបតី៖សព្វាវុធខ្មែរតម្លៃខ្ទង់១សែនដុល្លារ តែមានសមត្ថភាពកម្ទេចរថក្រោះ និងយន្តហោះថៃតម្លៃរាប់លានដុល្លារ
សម្ដេចធិបតីនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ឈឺថៃថា កម្ពុជា មានត្រឹមតែសព្វាវុធមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែអាចបាញ់រថក្រោះតម្លៃ៥លានដុល្លារ និងប្រព័ន្ធគ្រាប់រ៉ុកែតពហុគោលដៅ ឬភាសាពេញនិយមថាសំណាញ់មេឃតម្លៃទាប ដែលមានសមត្ថភាពបាញ់កម្ទេចយន្តហោះចម្បាំងតម្លៃប្រមាណ៣០លានដុល្លារឡើង ក្នុងករណីថៃឈ្លានពានមកលើកម្ពុជា។ សម្ដេចធិបតី បញ្ឈឺទៅថៃដូច្នេះ បន្ទាប់ពីថៃអួត សព្វាវុធដូចជា យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ស៊ុយអ៊ែត រថក្រោះ យន្តហោះគ្មានមនុស្សបើក។

ជុំវិញករណីថៃ បង្អួត សម្ញែងសព្វាវុធនេះដែរ ប្រមុខការពារជាតិកម្ពុជា នាយឧត្ដមសេនីយ៍ ទៀ សីហា កាលពីថ្ងៃទី២០ ខែមិថុនា ធ្លាប់អះអាងថា ក្រោមកិច្ចសហការជាមួយបណ្ដាប្រទេសជាមិត្ត កម្ពុជាមានសព្វាវុធ ការពារដែនអាកាស ប្រព័ន្ធបាញ់កម្ទេចរថក្រោះ កាំភ្លើងបាញ់នៅឆ្នេរសមុទ្រគ្រប់គ្រាន់សម្រាប់ការប្រទេសកម្ពុជា។

នៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលស.ស.យ.ក នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា នេះ សម្ដេចធិបតី បញ្ឈឺថៃដូច្នេះ៖« ឯកឧត្ដម ទៀ សីហា បានប្រាប់ហើយថា ខ្ញុំគ្មានរថក្រោះគ្មានអីទេ ខ្ញុំមានតែសព្វាវុធបាញ់រថក្រោះ។ រថក្រោះមួយគ្រឿង៥លានដុល្លារ តែសព្វាវុធខ្ញុំ១ដើមតម្លៃ១០ម៉ឺនដុល្លារ អាហ្នឹងដូចបាញ់ឆេះរថក្រោះ។ បើគិតពីការវិនិយោគ អ្នករកស៊ីដាក់ទុនតិច បានផលច្រើន យើងយកអាហ្នឹង។ យន្តហោះមួយគ្រឿង២០-៣០លានដុល្លារ ថែទាំផង ចំណាយលុយបង្ហាត់ពីឡុតទម្រាំបង្ហាត់ចេះ។ កាំជ្រួចយើងអា៎សំណាញ់មេឃហ្នឹងដូចមិនថ្លៃប៉ុន្មានដែរ! អាហ្នឹងអ្នកក្រគេវិនិយោគតាមអ្នកក្រ។»។

សម្ដេច ហ៊ុន ម៉ាណែត ឱ្យដឹងថា មូលហេតុដែលបច្ចុប្បន្នមានសព្វាវុធប្រឆាំងរថក្រោះ និងយន្តហោះចម្បាំង គឺកម្ពុជារៀបចំឡើង ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវ ហើយកម្ពុជា គ្មានបំណងណាមួយក្នុងការគំរាមកំហែង ឬឈ្លានពានប្រទេសណាមួយឡើយ។

ជាមួយគ្នា ស្របពេលដែលថៃ ចល័តសព្វាវុធរាប់ទាំងរថក្រោះមកកាន់តែកៀកព្រំដែនកម្ពុជា សម្ដេចធិបតី បង្ហើបថា សម្ដេចកំពុងគិតគូរផ្ដល់ប្រាក់រង្វាន់ក្នុងតម្លៃណាមួយឱ្យសមនឹងសមត្ថភាព បើកងទ័ពរបស់កម្ពុជាណាមួយ បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់សត្រូវឱ្យខ្ទេច បើសត្រូវហ៊ានឈ្លានកម្ពុជាមុន។

យ៉ាងណាសម្ដេចនាយឧត្ដមសេនីយ៍នាយករដ្ឋមន្ត្រី អះអាងថា នេះមិនមែនជាការប្រមាថទៅកាន់ភាគីថៃឡើយ ប៉ុន្តែបើភាគីថៃចល័តសព្វាវុធ និងគំរាម ហើយហ៊ានតែបំពានមកលើកម្ពុជាម្ដងទៀត កងទ័ព និងសព្វាវុធគ្រឿងបំពាក់គ្រប់ប្រភេទរួមជាមួយកងទ័ពដែលពោរពេញដោយទឹកចិត្តអង់អាចក្លាហាន នឹងឆ្លើយតបទៅវិញ បំផ្លាញផែនការសត្រូវឱ្យទាន់ពេលវេលា។

គួរឱ្យដឹងថា កាលពីឆ្នាំ២០២៣ កម្ពុជា បានដំឡើងខែលការពារមីស៊ីល KS-1C ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រវិស័យការពារជាតិ។ KS-1C ជាប្រព័ន្ធការពារមីស៊ីលទាំងរយៈចម្ងាយធម្យម និងចម្ងាយឆ្ងាយ មានសមត្ថភាពបាញ់គោលដៅក្នុងចម្ងាយរហូតដល់ ៥០គីឡូម៉ែត្រ និង ២៥គីឡូម៉ែត្រទៅលើអាកាស ជាមួយល្បឿន ១,២គីឡូម៉ែត្រក្នុងមួយវិនាទី។ KS-1C ប្រើប្រព័ន្ធបាញ់ចេញពីបំពង់មីស៊ីល ជាមួយរថយន្តបំពាក់ប្រព័ន្ធបាញ់មីស៊ីលចំនួន៤គ្រឿង ក្នុងមួយគ្រឿងមានបំពង់បាញ់២គ្រាប់ និងមានមីស៊ីលបម្រុងសរុប១៦គ្រាប់ក្នុងរថយន្តមួយគ្រឿង។ យោងតាមទីភ្នាក់ងារវាយតម្លៃសមត្ថភាពសព្វាយោធាជុំវិញពិភពលោក សមត្ថភាពរបស់ KS-1C ត្រូវគេអះអាងស្មើទៅនឹងខែលការពាររបស់សហរដ្ឋអាមេរិកម៉ូដែល MIM-23 Hawk។

កម្ពុជា ក៏មានកាំជ្រួចធុនធ្ងន់ PHL-03 300 mm ជាច្រើនគ្រឿង។ PHL-03 មានបំពង់បាញ់ចំនួន១២កាណុង អាចកម្ទេចទីបញ្ជាការកងទ័ពសត្រូវ ប្រព័ន្ធលេនដ្ឋាន រថពាសដែក រថក្រោះ វារីអគ្គីសនី អាកាសយានដ្ឋាន និងគោលដៅសំខាន់ៗផ្សេងៗទៀត។ ក្រៅពីនេះ កម្ពុជា ក៏មានសព្វាវុធពិសេសផ្សេងៗទៀត តួយ៉ាងដូចជា BM21 ដែលប្រើប្រាស់ក្នុងសង្គ្រាមចន្លោះឆ្នាំ២០០៨ ដល់២០១១ ដែលធ្វើឱ្យសត្រូវឈ្លានពានបាក់ស្បាតសុំចូលតុចចារផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


