Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សុំឲ្យចិន​ប្រាប់​អ៊ីរ៉ង់​កុំ​បិទច្រក​សមុទ្រ Hormuz

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​​របស់​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើការអំពាវនាវដោយផ្ទាល់ទៅកាន់ប្រទេសចិន ដោយជំរុញឲ្យ​មហាយក្ស​អាស៊ី​មួយ​នេះ​​ជួយ​រារាំងអ៊ីរ៉ង់ពីការបិទ​ច្រកសមុទ្រ Hormuz ដែលជាច្រករបៀងសមុទ្រដ៏សំខាន់​​​មានការដឹកជញ្ជូនប្រេង និងឧស្ម័នរបស់ពិភពលោក​ឆ្លងកាត់ប្រហែល ២០%។

លោក Marco Rubio (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rubio បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបោះឆ្នោតសភារបស់អ៊ីរ៉ង់ ដើម្បីបិទច្រកសមុទ្រ ជាការសងសឹកចំពោះការវាយប្រហារនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោកបានសង្កត់ធ្ងន់លើការពឹងផ្អែកយ៉ាងសំខាន់​របស់ប្រទេសចិនលើច្រករបៀង Hormuz សម្រាប់ការនាំចូល​ប្រភព​ថាមពលរបស់ខ្លួន ដោយ​និយាយ​ថា «ខ្ញុំលើកទឹកចិត្តរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង​ឲ្យ​អំពាវនាវ​ដល់​ពួកគេ (អ៊ីរ៉ង់) អំពីរឿងនោះ ពីព្រោះពួកគេពឹងផ្អែកយ៉ាងខ្លាំងលើច្រកសមុទ្រ Hormuz សម្រាប់ប្រេងរបស់ពួកគេ។ ប្រសិនបើ​ពួក​គេ​បិទ វានឹង​ក្លាយ​ជាការសម្លាប់ខ្លួនខាងសេដ្ឋកិច្ចសម្រាប់ពួកគេ»។

លោក Rubio បានព្រមានថា ការបិទបែបនេះនឹងបង្កើត​ឲ្យ​មានភាព​តានតឹង​យ៉ាង​ខ្លាំង មិន​ថា​តែ​ជាមួយ​​អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសងសឹកពីអន្តរជាតិផងដែរ។ លោក​បាន​និយាយ​​ទៀត​ថា «ប្រទេសផ្សេងទៀតក៏គួរតែពិនិត្យមើលវាដែរ។ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសដទៃខ្លាំងជាងប្រទេសរបស់យើង»។

សភា​អ៊ីរ៉ង់ បានអនុម័តសំណើ​បិទ​ច្រក​សមុទ្រ​ Hormuz កាលពីព្រឹកថ្ងៃអាទិត្យ ហើយការសម្រេចចិត្តចុងក្រោយ គឺស្ថិតនៅលើក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រទេស ដែលអាច​ជួប​​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ។

សូម​បញ្ជាក់​ថា ច្រកសមុទ្រ Hormuz ភ្ជាប់ឈូងសមុទ្រពែក្សទៅនឹងឈូងសមុទ្រអូម៉ង់ និងជា​ចំណុចទាញថាមពល​ដ៏សំខាន់ ដោយ​​គ្រប់គ្រង​ប្រេងប្រហែល ១៧ ទៅ​ ២០​លានបារ៉ែលក្នុងមួយថ្ងៃ ឬជិតមួយភាគប្រាំនៃការប្រើប្រាស់សកល៕

(រូបថត៖ BBC)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម