Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ការគំរាមកំហែងពីថៃធ្វើឱ្យចលនារួមជាតិខ្មែរកាន់តែរឹងមាំ

បានផុស

នៅ

កាលពី​ព្រឹកថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២៥ កងទ័ពថៃបាន​ឆ្មក់​ចូល​មក​បាញ់​សម្លាប់​ទាហាន​ខ្មែរ​ម្នាក់​លើ​ទឹកដី​កម្ពុជា​ត្រង់ចំណុច​មុំ​មី ក្នុងស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែលធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​កង​ទ័ពទៅ​តាម​ព្រំដែន​ដើម្បី​ត្រៀមឆ្លើយតប មិនត្រឹមតែប៉ុណ្ណោះកម្ពុជា​បាន​ឆ្លើយ​តបទាំង​ការទូត សេដ្ឋកិច្ច និង​ច្បាប់អន្តរជាតិផងដែរ។ ក្រោយព្រឹត្តិការណ៍នេះ ​ពលរដ្ខខ្មែរ​រួម​គ្នាក្លាយជា​សំឡេង​តែ​មួយ​គាំទ្រចំពោះការ​ឆ្លើយ​តប​នានារបស់កម្ពុជាទៅនឹង​ប្រទេសថៃ។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ​ថាស្មារតីរួបរួមជាតិ​របស់ជាតិ​ខ្មែរ​នៅ​ពេល​នេះគឺ​ខ្ពស់​ជា​ងពេលណាៗ​ទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពពលរដ្ឋ​នៅតំបន់ជួរមុខក្រោយមានការ​ប៉ះទង្គិច

ក្រុម​ការងារ​កម្ពុជាថ្មីបានធ្វើដំណើរមក​ដល់ ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្ត​ព្រះវិហារ ដែលជាកន្លែង​ដែល​កង​ទ័ពថៃ​និង​កម្ពុជា​ប្រឈម​មុខ​គ្នានៅ​តំបន់​មុំ​៣ តាំង​ពី​ថ្ងៃទី​២៨ ខែ​ឧសភាមក។ តាម​ផ្លូវ​ក្នុង​ភូមិនេះ​ឃើញ​ផ្ទះ​ជា​ច្រើ​នបាន​បិទទ្វា ចាក់​សោរ នៅ​ខាង​មុខ​ផ្ទះ​មាន​ខ្សាច់ និង​បាវខ្សាច់ជា​ច្រើន​ដើម្បី​ទុក​រៀប​ធ្វើលេណដ្ឋាន។ ​មាន​មនុស្ស​តិច​តួច​ប៉ុណ្ណោះ​ដែល​សេស​សល់​នៅ​ក្នុង​ភូមិ។

លោក ខាត់ សុខិន អាយុ៤៤ឆ្នាំ ដោយបារម្ភពីសុវត្ថិភាពបាន​ឱ្យ​ប្រពន្ធ​នឹង​កូន​របស់​ខ្លួន​ទៅ​កាន់​ទី​សុវត្ថិភាព​បណ្ដោះ​អាសន្នវត្ត​ពោធិ៍ ៥ពាន់ដើម ខណៈ​ដែល​លោក​នៅ​ចាំ​ផ្ទះម្នាក់​ឯងដោយបារម្ភពី​ការ​បាត់​បង​សម្ភារៈនិង​សត្វចិញ្ចឹមនៅ​ផ្ទះ។

លោក​ថា៖ «ខ្ញុំ​ចង់​ទៅ​ដែរ​តែ​ស្ដាយ​មាន់​ស្ដាយឆ្កែទៅ​ចោល​វា​មិន​ដឹង​វា​រក​អីស៊ីបាន។ ទៅ​ផ្ទះ​គេ​ខ្លាច​គេ​វ៉ៃស៊ីវ៉ៃ​អី​នឹក​ឃើញ​ស្ដាយ​ក៏​នៅ​ទៅ​។ ខ្ញុំ​នៅ​នេះ​ខ្លួន​មួយ​វា​មិន​ពិបាក​អីទេ! ទៅ​ត្រង់​ណា​ក៏​បាន​ដែរ​ពេល​គេ​មាន​បញ្ហា»។

លោក​ក៏​បានបង្ហាញ​នូវលេណដ្ឋានរបស់​លោក​ដែល​បានធ្វើ​តាំង​ពីលោក​ដឹង​ថា​មាន​ការ​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃទី​២៨ ខែ​ឧសភា​មក​ម្លេះ។

លោក​បន្ថែមថា៖ «បារម្ភដែល​បង! តែ​ធ្វើ​មិច​បើ​ទាល់​ហើយនឹក​ថា​មាន​បញ្ហា​អី​ក៏​ចូល​ត្រង់សេ​ទៅ​ហ្នឹង​។ មិន​ចង់​ឱ្យ​មាន​រឿង​អ៊ីចឹង​កើត​ឡើងទេ! សុទ្ធតែ​របស់​ប្រល័យ​លោក គ្មាន​អ្នក​ណា​ចង់​ទេ​! តែ​បើ​ទាល់​ហើយ​គេ​ក៏​ហ៊ាន​យើង​ក៏​ហ៊ាន​ដែរ​»។

នៅខាង​​មុខសាលា​ឃុំមរកតឯណោះវិញ​ មន្ត្រី​នៃ​សាលា​ឃុំ​នេះ​កំពុង​ញាប់​ដីចូកគ្រួសថ្មដាក់​ចូល​បាវខ្សាច់​ដើម្បីយក​ទៅ​ធ្វើ​លេណដ្ឋានដែល​នៅខាង​ក្រោយសាលា​ឃុំ។ ជំទប់ទី២ សាលា​ឃុំ​មរកតលោក សេក សុខ ថា​ឃុំ​បាន​ធ្វើ​លេណដ្ឋាន​៥​ថ្ងៃ​ហើយ ខណៈអាជ្ញាធរឃុំ​បាន​ណែ​នាំ​ដល់​ពលរដ្ឋត្រៀមជីកលេណដ្ឋាន ស្បៀងអាហារ និង​ការ​ធានាដល់ការ​ជម្លៀសពេល​មាន​បញ្ហា​ផងដែរ។

លោកថា៖ «មិនបារម្ភអី​ទេ! តែ​យើង​គ្រាន់​ចេះ​ការ​ការពារ​ទៅ​ ប្រសើរ​ជាង​អត់​ធ្វើ យើង​ធ្វើ​ទៅ​យើង​អាច​ការ​ពារ​ខ្លួន​យើង​ផង ប្រជាពលរដ្ឋ​ដែល​គាត់​មក​ទទួល​សេវាទៅ​ក៏អាច​ជ្រកពួន​ទាំង​អស់​គ្នា​ការពារ​ជួយទាំង​អស់​គ្នា​ទៅ»។

ធ្លាប់ជាអតីតទាហានម្នាក់​ផងនោះជំទប់ទី២ ឃុំមរកត លោក សេក សុខ ​ថា​លោក​ឆ្អែត​ឆ្អន់​ពី​សង្គ្រាម​ហើយ​ និង​មិន​ចង់ឃើញ​សង្គ្រាមជា​ថ្មី​នោះទេ។

លោកបន្ថែមថា៖ «ខ្ញុំធ្វើសង្គ្រាម​ឆ្អែតហើយ​តាំង​ពី​រដ្ឋប្រហារ​ឆ្នាំ៧០មក​ចូល​ព្រៃ​ច្បាំង​តែ​រហូត ដល់​ឆ្នាំ១៩៧៩​ក៏​បន្តធ្វើ​រហូត​ដល់​ឆ្នាំ២០០១​ ក៏ថា​ចាស់ហើយ​ឈប់​ធ្វើ​ក៏​ចូល​ធ្វើ​មេភូមិ​ ហើយ​បាន​ក្រុម​ប្រឹក្សា​ឃុំតែ​ឆ្អែត​ឆ្អន់​ហើយ តែ​កូន​និង​ចៅ៥-៦នាក់នៅ​ជួរ​មុខ​ទាំង​អស់​»។

នៅចម្ងាយប្រហែល​ជាង​១៣០គីឡូម៉ែត្រពីឃុំមរកត មណ្ឌលសុវត្ថិភាព​បណ្ដោះអាសន្នវត្តពោធិ៍៥ពាន់ដើម ជា​កន្លែង​ដែល​រដ្ឋាភិបាល​រៀបចំ​ដើម្បី​ទទួល​ពលរដ្ឋ​ដែល​ភៀស​សឹកមក​ស្នាក់​នៅ​បណ្ដោះអាសន្ន​គេ​ចពី​ការ​ភ័យ​ខ្លាច។ នៅ​ទី​នេះ​មាន​ផ្ដល់​សេវា​សុខាភិបាល ទឹកស្អាត បង្គន់អនាម័យ និង​​ស្បៀងអាហារ​ជូន​ពលរដ្ឋ​ដែល​ភៀសខ្លួន​មក​ផងដែរ​។

ពលរដ្ឋ​ដែល​ភៀសខ្លួន​បាន​លើក​ឡើង​ពី​ក្ដីបារម្ភ​របស់​ពួកគេ​ដោយ​បាន​នឹក​រលឹក​ដល់​ពេល​ដែល​មាន​សង្គ្រាម​ជាមួយ​ថៃ​កាល​ពី​ឆ្នាំ២០១១ និង​មិន​ចង់​ឃើញ​ស្ថានភាព​នេះ​កើត​ឡើង​វិញ​ទេ។

លោក កើត សុផល អាយុ៧២ឆ្នាំ បាន​លើក​ឡើង​ថា៖ «ខ្ញុំ​មិនចង់​ឱ្យ​មាន​រឿង​ហ្នឹង​ទេ​យើង​កំពុង​តែ​សុខសប្បាយ​ស្រួល​ណាស់! កាលពី​រឿងប្រាសាទ(ព្រះវិហារ) ម្ដងហើយ​ខ្ញុំ​នៅ​ជាប់នឹង​ជើងភ្នំ​ប្រាសាទ​ហ្មងគ្រាប់ធ្លាក់​មក​ដល់​កន្លែង​តែម្ដង​ ជួប​ឧបសគ្គ​ម្ដង​ហើយ​។ ដល់​ចឹង​ខ្ញុំ​ចេះ​តែ​ភ័យ​អាតូច​ៗ​នេះ។ […] មិនចង់​ឱ្យ​មាន​ទេ​ព្រោះឆ្អែត​សង្គ្រាម​ហ្នឹង​វា​ឆ្អែត​ពេក​ហើយ​ដល់​ពិការ​ជើងអស់​ហើយ​មាន​អីទៀត! មិន​ចង់​ឱ្យ​មាន​សោះ​និយាយ​ទៅ​ឱ្យ​តែ​ឮសង្គ្រាម​មិន​ចង់​ឱ្យ​មានហ្មងតែ​ធ្វើ​មិច​បើ​អ៊ីចឹង​ហើយ​មិន​ដឹង​ធ្វើ​មិច»។

អ្នក​ស្រី ហង្ស សុខុន អាយុ ៥៥ឆ្នាំ៖ «មិន​ចង់​ឱ្យ​មាន​អ៊ីចឹង​ទេ​! ចង់​ឱ្យ​មាន​សុខស្រួល ព្រោះ​នៅ​បាន​សុខស្រួល​ហើយ​ទោះ​បី​ផ្ទះ​តូចធំ​មិច​យើង​ចេះ​តែ​នៅ​ទៅ​ផ្ទះ​របស់​យើង​ណា! កុំ​ឱ្យ​តែ​ភ័​យ​ខ្លាច​រត់លូន​ដូច​យើង​ជំនាន់​មុន​ទៀត។ ជំនាន់​មុន​យើង​រត់​លូន​ម្ដងហើយជំនាន់​នេះ​រត់​លូន​ម្ដង​ទៀត​វា​ពិបាក»។


ការឆ្លើយតបរបស់កម្ពុជា​ទៅនឹងការបិទច្រកទ្វារព្រំដែនរបស់ថៃ

ស្រុកជាំក្សាន្តគឺ​ជា​ស្រុកមួយ​នៅ​ជាប់នឹងខេត្តអ៊ូប៊ុនរាជធានីរបស់ប្រទេស​ថៃ និង​មាន​ច្រកទ្វារ​ព្រំដែនមួយផងដែរសម្រាប់ពលរដ្ឋ​ទាំង​ពីរដោះដូរទំនិញ​ ទីកន្លែង​នេះ​ធ្លាប់​ជាកន្លែង​ដ៏អ៊ូអរ​មួយ​បែរជាស្ងប់ស្ងាត់ក្រោយព្រឹត្តិការណ៍​២៨ ខែ​ឧសភា ដោយ​សារ​ថៃ​បាន​សម្រេច​បិទ​ច្រក​ដោយ​ឯកតោភាគី ដោយបើក​តែ​ថ្ងៃព្រហស្បតិ៍ និង​កាត់​បន្ថយ​ម៉ោង​បើក​មក​នៅ​ត្រឹម៣ម៉ោង​ប៉ុណ្ណោះ ព្រមទាំង​កម្រិត​មិនឱ្យអាជីវករ​ខ្មែរ​យក​បន្លែផ្លែឈើទៅលក់ក្នុងផ្សារថៃលើសពី១០គីឡូនោះទេ ជាការ​ឆ្លើយ​តបកម្ពុជា​បាន​សម្រេច​បិទ​ច្រក​នេះ​ទាំង​ស្រុង​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ២០២៥។

ប្រធាន​ច្រកព្រំដែន​អាន​សេះលោក នាន់ បូនេត បាន​ឱ្យ​ដឹង​ថា៖ «ការ​បើក១ថ្ងៃក្នុង​មួយសប្ដាហ៍​ហើយ​មួយ​ថ្ងៃ​តែ​៣ម៉ោង​នេះ​មិន​អាច​មាន​លក្ខណៈគ្រប់គ្រាន់​ដើម្បីអាច​ឱ្យ​បងប្អូន​ដោះដូរ​ទំនិញ​ ព្រោះម៉ោង​ខ្លី​ពេក។ ហើយ​បើយើង​បើក​គឺដូច​ជា​ផ្ដល់​ឱកាស​ខាង​គាត់​មក​ពិនិត្យ​ស្ថាន​ភាព​នៅ​ច្រកអានសេះ​របស់​យើង​នេះ។ ខ្ញុំ​បាន​សុំ​គោល​ការណ៍​ពី​អភិបាល​ខេត្ត​បិទ​ទាំង​ស្រុង​តែ​ម្ដង​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ »។

យ៉ាងណាក្ដីទោះបីបិទ​ច្រក​នេះ​ក៏អាជីវករបាន​បង្ហាញ​ការ​គាំទ្រ​លើ​ចំណាត់ការឆ្លើយតប​នេះ​ដែរ។

អាជីវករនៅច្រកអានសេះ អ្នកស្រី សោ វណ្ណៈ៖ «បើ៣ម៉ោងបើក​លក់​អត់​ទាន់​ទេ​ រៀបលក់មិនទាន់ផងអស់មនុស្សបាត់​ហើយ។ ហើយ​គេប្រូសៗ ចេញ​ទៅ​វិញ​ទាន់​ហើយ​បើ​ថ្នាក់​ដឹក​នាំបិទ​អញ្ចេស​គឺ​ស្មើភាព​គ្នា​ទុក​ឱ្យ​វា​មក​សុំ​យើង​បើក​វិញ វា​អ្នក​ពិន​បិទ​ឱ្យ​វា​អ្នក​សុំ​បើក​វិញ​ទៅ»។

កម្ពុជា-ថៃមាន​ច្រកទ្វារអន្តរជាតិ និង​តំបន់​ចំនួន​២៤ តែដោយ​សារការ​បិទដោយ​ឯកតោភាគី​របស់​ថៃបាន​ធ្វើ​ឱ្យកម្ពុជា​ធ្វើការ​ឆ្លើយតបវិញ​ផងដែរ ព្រមទាំងបិទ​ការនាំ​ចូល​បន្លែ​ផ្លែឈើទាំង​អស់​ពី​ថៃ​ផងដែរ។

«Hello can you hear men, uncle?» សារ​សំឡេង​ទូរស័ព្ទ​របស់​នាយករដ្ឋមន្ត្រីថៃ​លោកស្រី ផែថងថាន ស៊ីណាវ៉ាត ត្រូវ​បាន​បែកទម្លាយ​លើ​បណ្ដាញ​សង្គមកាលពី​ថ្ងៃទី១៨ ខែ​មិថុនា សុំប្រធាន​ព្រឹទ្ធសភាសម្រុះសម្រួល​ឱ្យ​មាន​​ការ​ចរចារ​ជាមួយ​កម្ពុជា​ដើម្បី​បើក​ព្រំដែន​វិញ។ ទោះជាយ៉ាង​ណាប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន បាន​បដិសេធដោយ​លើក​ឡើង​ថា​រឿង​នេះថៃ​ជា​អ្នក​បិទ​សូមបើក​វិញ​ដោយ​ខ្លួន​ឯង​ ទើប​កម្ពុជា​ឆ្លើយ​តប​តាម​ក្រោយ​។ ទោះជាយ៉ាងណាស្ថានភាពព្រំដែន​គឺ​គ្មាន​ការ​ប្រែប្រួលនោះទេ រហូត​ដល់​យប់​ថ្ងៃទី​២៣ ខែ​មិថុនា ទាហាន​ថៃ​បាន​សម្រេច​បិទ​ទ្វារ​ព្រំដែន​ទាំង​ស្រុងពី​កម្ពុជាទៀតផង។

ស្ថានភាពរស់នៅរបស់ពលរដ្ឋ និង​ការ​ធានាពី​រដ្ឋាភិបាល

អាជីវករ និង​អ្នក​ទិញ​ជាច្រើនបាន​ចូលកុះ​ករនៅផ្សារស្រអែម​ក្នុង​​ស្រុក​ជាំក្សាន្ត​ដែលការដោះដូរ​ទំនិញ​នៅ​ប្រព្រឹត្តិជាធម្មតា ខណៈពលរដ្ឋ​ហាក់​មិន​សូវមានការ​ព្រួយ​បារម្ភ​នោះទេ ខណៈក៏មានទាហាន​មក​ទិញម្ហូបអាហារជាបន្តបន្ទាប់ផងដែរ។ អភិបាល​ស្រុក ជាំក្សាន្ត​លោក ចិន ខន្ដី មាន​ប្រសាសន៍​ថាទោះបីជាមានបញ្ហា​ជាមួយ​ភាគី​ខាង​ថៃតែ​លោក​ធានាថារដ្ឋបាល​ស្រុកនឹង​ការពារ​នូវ​សុវត្ថិភាព​របស់​ពលរដ្ឋ​ចេញពី​ការ​គំរាម​កំហែង​ទាំង​ឡាយ​ឱ្យ​បាន។ លោកបន្ថែម​ថាកម្ពុជា​ជា​ប្រទេស​ស្រលាញ់​សន្ដិភាព តែក៏​រក្សា​សិទ្ធិការពារ​ខ្លួន​តបតទៅ​នឹងការ​រំលោភបំពាន​ឈ្លាន​ពាន​។ ​

លោកថា៖ «ក្នុង​នាម​រដ្ឋបាល​ស្រុក​យើង​ខ្ញុំ​សូម​ប្ដេជ្ញា​យ៉ាង​មុត​មាំ​ចំពោះប្រមុខ​រាជរដ្ឋាភិបាល​ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត​ទាំង​មូល​ថា​នឹង​ការ​ពារ​ថែ​រក្សា​អាយុ​ជីវិត​បងប្អូន​មិន​ឱ្យ​ប៉ះពាល់​ពី​សង្គ្រាម​ទេ។ [..] ប្រទេស​យើង​បាន​ភ្លក់​នូវ​ភ្លើង​សង្គ្រាម​ជា​ច្រើន​ហើយ​ជា​ពិសេស​សង្គ្រាម​ស៊ីវិល​។ ក្នុង​នាម​រដ្ឋបាល​ស្រុក​យើង​មិន​ស្រលាញ់​មិន​ចូល​ចិត្ត​ឡើង​សង្គ្រាម ប្រសិន​បើ​ប្រទេស​ដែល​ជា​មិត្ត​ដែល​គាត់​តែង​តែ​មាន​មហិច្ចតា​ឈ្លាន​ពាន​យើង​ខ្ញុំ​ក៏​ការពារ​ទឹក​ដី​មិន​ឱ្យបាត់បង់ទៅណាសូម្បី​តែ​មួយ​មីលីម៉ែត្រ​ទេ»។  

ICJ និងចលនាជាតិនិយមរបស់ខ្មែរ

កម្ពុជាបាន​ដាក់លិខិតជូន​ដំណឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌អន្តរជាតិ​ដើម្បី​រៀបចំប្ដឹងថៃសុំឱ្យតុលាការនេះ​សម្រេច​សេចក្ដី​លើ​ព្រំដែន​កម្ពុជា-ថៃនៅ​តំបន់​ប្រាសាទ​តាមាន់​តូច តាមាន់ធំ តាក្របី និង​តំបន់​មុំ​បី កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ២០២៥​កន្លង​ទៅ។ នាយករដ្ឋមន្ត្រីកម្ពុជា​ សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​ថ្លែង​ក្នុង​ពិធី​បិទសន្និបាតកាយរិទ្ធិកម្ពុជា​កាល​ពី​ថ្ងៃទី​១៧ ខែ​មិថុនា ថា​ការ​ដាក់បណ្ដឹង​នេះ​ជាយន្ត​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដោយសន្ដិភាព​ បញ្ជៀស​នូវ​សង្គ្រាម។ ទោះ​ជា​យ៉ាង​ណាសម្ដេច​បញ្ជាក់​ថាកម្ពុជា​នឹង​មិន​នៅ​ស្ងៀម​នោះ​ទេ​បើមានការ​ឈ្លានពាន​ណា​មួយ​នោះ។

សម្ដេច​ថា៖ «ទំនាក់ទំនង​មិត្ត​យើង​នៅ​តែ​បន្ត​ធ្វើ​តែ​បើ​មិត្ត​មិន​គោរព​យើង​ៗក៏មិនអាច​ឱ្យ​អ្នក​ឯងជាន់​បាន​ដែរ​ទេ! រឿង​នេះ​ជា​រឿង​ពិត​ប្រជាជាតិ​ខ្មែរមួយ​យើង​មិន​អាច​ឱ្យ​គេ​មើល​ងាយ​ទេ ជា​ពិសេ​សយើង​អត់​ខុស​សោះ​! ជា​ពិសេ​ស​រឿង​ទៅ​តុលាការ​អន្តរជាតិ​នេះ​ទៅ​ពិបាក​ស្អី! បើ​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា​ទៅៗ បើ​អ្នក​ត្រឹមត្រូវ​ខ្លាច​អី​តុលាការ​។ កម្ពុជា​អត់​ខ្លាច​ទេ​ បើ​តុលាការ​កាត់​យ៉ាងមិច​យើង​នឹង​ទទួល​នូវ​សាល​ក្រម​របស់​តុលាការ​»។

សម្ដេច​ជំរុញ​ដល់​ដល់​អ្នក​នយោបាយ និង​ជន​រួម​ជាតិ​ខ្មែរ​ទាំងអស់រួមគ្នាប្រឆាំង​សត្រូវ​ខាង​ក្រៅ​ ដោយ​ថា​ពេល​នេះ​មិន​មែន​ជា​ពេល​ដែល​ត្រូវ​បែក​បាក់​គ្នា​ទេ។

សម្ដេចថា៖ «ម៉ោង​ថ្មើ​នេះ​មិន​មែន​ជារឿង​បែក​បាក់​ទេ! ខ្ញុំ​មិន​ចង់​ឡង​ទៅ​គ្នា​ឯង​ទេ​យល់​សារ​របស់​ខ្ញុំ​ហើយ​។ អ្វីដែល​ខ្ញុំ​និយាយ​នេះ​គឺ​យើង​កំពុង​ប្រឈម​មុខ​ជាមួយ​នឹងអ្នក​ជិត​ខាង​របស់​យើង​ដែល​កំពុង​ទាម​ទារ​ព្រំដែន»។

ព្រះអាទិត្យ​បាន​រះឡើងនៅព្រឹកថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២៥ បង្ហាញ​នូវ​ទង់ជាតិកម្ពុជា​រាប់ពាន់បក់រវិច ជាមួយ​នឹង​សំឡេង​ហូរ​កញ្វ្រៀវ​របស់​​មនុស្ស​ប្រមាណ១៥ម៉ឺននាក់ ដែលបាន​មក​ជួប​ជុំ​គ្នា​នៅ​ទីធ្លាកោះពេជ្រ ក្នុង​រាជធានីភ្នំពេញដើម្បីដើរ​ថ្មើរជើង Solidarity March ទៅកាន់​វិមាន​ឯករាជ្យដែល​ជានិមិត្តរូប​នៃ​ឯករាជ្យ និង​បូរណភាព​ទឹក​ដី​ខ្មែរ។

កម្មវិធី​នេះ​បានបង្ហាញការ​រួម​គ្នា​ជា​ធ្លុង​មួយរបស់ប្រជាជន​កម្ពុជា គាំទ្រ​រដ្ឋាភិបាល​ និង​កម្លាំង​ជួរមុខ​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹក​ដីពីកម្លាំង​ឈ្លានពានទាំង​ឡាយ។

ស្របគ្នា​នឹង​ការ​ចេញ​របាយការណ៍​របស់​វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បង្ហាញ​ថាប្រជាជនកម្ពុជាច្រើនលើសលប់ (ជាង៩៣,៦%) ពេញចិត្តចំពោះចំណាត់ការទូទៅរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃផងនោះ នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ញើ​សារថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន​ខ្មែរ និង​បញ្ជាក់​ថា​សកម្មភាពរួបរួម​របស់​ប្រជាជនគឺ​បាន​ផ្ដល់​កម្លាំង​ដល់​រាជរដ្ឋាភិបាល និង​កម្លាំង​ជួរមុខក្នុង​ការ​បន្ត​បំពេញ​ការ​ងារ​ដើម្បី​ឯករាជ្យ អធិបតេយ្យ  និង​ការ​អភិវឌ្ឍជាតិបន្ថែម​ទៀត។

ក្នុង​ពិធីបិទកិច្ចប្រជុំគណៈកម្មាធិការ​កណ្ដាលសហភាពសហព័ន្ធ​យុវជនកម្ពុជា នៅខេត្ត​សៀមរាប សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថាស្មារតីជាតិនិយម​របស់​ប្រជាជន​ខ្មែរ​ពេល​នេះ​គឺ​ខ្ពស់ជាងពេល​ណា​ៗ​ទាំង​អស់ ហើយ​កើត​ឡើងដោយខ្មែរអស់ការ​អត់ធ្មត់ចំពោះសកម្មភាព លាបព័ណ៌ ​គំរាមកំហែង ការ​មើលស្រាលរបស់ថៃមកលើ​ប្រជាជាតិកម្ពុជាកន្លងមក។

សម្ដេច​ថា៖ «ដើមចមនេះ​ការ​បំផុស​ស្មារតីជាតិនិយមរបស់កម្ពុជា។ មិនមែន​កម្ពុជា​បំផុស​ដើម្បី​ចំណេញ​នយោបាយ​ផ្ទៃ​ក្នុង​ទេគឺ​ដោយ​សារ​កត្តា​ខាងក្រៅ។ ប្រទេសមួយ​អ្នក​នយោបាយមួយចង់​ចំណេញ​នយោបាយ​ផ្ទៃក្នុង​ខ្លួន​ឯង​បំផុស​នយោបាយ​ខ្លួន​ឯង​ហើយ​យក​កម្ពុជា​ធ្វើ​ជា​បាវខ្សាច់​ ដែល​នេះ​ហើយ​ជាតិ​ខ្មែរ​របស់​យើង​ត្រូវ​ឆ្លើយ​តប​ទៅ​វិញ នេះហើយ​គឺ​ជា​សា្មរតី​ដែល​ដុត​បញ្ចេះ(ចលនាជាតិនិយម​របស់​ខ្មែរ)»៕





អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម