ព័ត៌មានជាតិ
អ្នកស្រាវជ្រាវគោលនយោបាយតំបន់ថា ថៃបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចដាក់កម្ពុជា
អ្នកស្រាវជ្រាវគោលនយោបាយចិន និងអាស៊ីអាគ្នេយ៍លោក Richard Yarrow បានលើកឡើងថា ប្រទេសថៃបានបរាជ័យក្នុងការប្រើប្រាស់យុទ្ធសាស្ត្រសម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ដោយសារតែភាពធន់ និងសមត្ថភាពបត់បែនយ៉ាងរហ័សរបស់កម្ពុជាក្នុងការប្រឈមមុខនឹងវិបត្តិនេះ។ លោកមើលឃើញថា ទោះបីជាគ្មានការផ្គត់ផ្គង់ទំនិញ និងប្រេងឥន្ធនៈពីថៃ ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវកំណើនធម្មតា។

នៅក្នុងអត្ថបទវិភាគដ៏វែងមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័រ New Mandala កាលពីថ្ងៃទី១២ ខែមិថុនា លោក Richard បានកត់សម្គាល់ពីការព្យាយាមប្រើប្រាស់សម្ពាធសេដ្ឋកិច្ចរបស់ថៃលើកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០២៥ តាមរយៈការបិទច្រកព្រំដែនពាណិជ្ជកម្ម កាត់ផ្តាច់ចរន្តអគ្គិសនី ប្រព័ន្ធអ៊ីនធឺណិត និងការរឹតបន្តឹងលើការនាំចូលប្រេងឥន្ធនៈ។ ទោះជាយ៉ាងណា យុទ្ធសាស្ត្រនេះត្រូវបានចាត់ទុកថា «បរាជ័យ»។
លោកបានស្រង់សម្តីមេបញ្ជាការកងទ័ពភាគភូមិភាគទី២ របស់ថៃ ឧត្តមសេនីយ៍ Boonsin Padklang ដែលបានថ្លែងកាលពីខែកញ្ញាថា៖ «វាគឺជាយុទ្ធសាស្ត្រដែលផ្តល់ឱ្យប្រទេសថៃនូវអត្ថប្រយោជន៍នៅក្នុងការប្រយុទ្ធ… សន្តិសុខជាតិត្រូវតែមានអាទិភាពលើអត្ថប្រយោជន៍សេដ្ឋកិច្ចរយៈពេលខ្លី រួមទាំងពាណិជ្ជកម្មប្រេងឥន្ធនៈ អាហារ ស៊ីម៉ងត៍ និងទំនិញផលិតផ្សេងទៀត»។

អ្នកវិភាគរូបនេះក៏បានលើកឡើងពីវិធានការតបតវិញរបស់កម្ពុជាផងដែរ ដូចជាការរឹតបន្តឹងការនាំចូលទំនិញ និងប្រេងពីរដ្ឋភិបាល ការអំពាវនាវឱ្យមានការធ្វើពហិការស្ម័គ្រចិត្តលើទំនិញប្រើប្រាស់របស់ថៃ និងការជំរុញឱ្យពលករខ្មែរត្រឡប់មកមាតុភូមិវិញ។ លោកសង្កត់ធ្ងន់ថា កម្ពុជាបានបង្ហាញពីភាពធន់ និងអាចឆ្លងកាត់វិបត្តិនេះបានយ៉ាងល្អ ដោយរក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ព្រមទាំងមិនមានការឡើងថ្លៃទំនិញ ឬប្រេងឥន្ធនៈហួសហេតុនោះឡើយ។
មូលហេតុចម្បងដែលធ្វើឱ្យកម្ពុជាអាចទប់ទល់នឹងសម្ពាធសេដ្ឋកិច្ចនេះបាន គឺដោយសារតែក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំចុងក្រោយនេះ កម្ពុជាបានកាត់បន្ថយការពឹងផ្អែកលើថៃ ដោយងាកទៅពង្រឹងពាណិជ្ជកម្មយ៉ាងខ្លាំងជាមួយ ចិន វៀតណាម និងអាមេរិក ដែលអាចមើលឃើញថាទំហំនាំចូលពីចិន និងវៀតណាមបានវ៉ាដាច់ថៃទៅហើយ។ បន្ថែមលើនេះ កម្ពុជាក៏បានស្វែងរកប្រភពថាមពលជំនួសយ៉ាងរហ័ស រួមទាំងការទិញប្រេងឥន្ធនៈពីសិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងការតភ្ជាប់បណ្តាញអគ្គិសនីផ្ទៃក្នុង និងជាមួយវៀតណាម។

ទោះជាយ៉ាងណា លោក Richard ក៏បានកត់សម្គាល់ថា សម្ពាធសេដ្ឋកិច្ចពីថៃបានជះឥទ្ធិពលអវិជ្ជមានខ្លះៗដែរ ជាពិសេសនៅតំបន់ព្រំដែនភាគខាងលិច ដូចជាវិស័យកសិកម្ម ការកម្សាន្ត និងលំហូរត្រឡប់នៃពលករ ប៉ុន្តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលទេ ព្រោះមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចចម្បងៗរបស់កម្ពុជាស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
ផ្ទុយទៅវិញ ក្រុមហ៊ុនថៃខ្លួនឯងទេដែលកំពុងរងគ្រោះពីសម្ពាធរបស់រដ្ឋាភិបាលខ្លួនឯង ដោយអាជីវកម្មថៃនៅតាមបណ្តោយព្រំដែនកំពុងខាតបង់ ហើយក្រុមហ៊ុនថៃធំៗ (ដូចជា PTT) ក៏កំពុងតស៊ូយ៉ាងលំបាកដើម្បីរក្សាទីផ្សាររបស់ខ្លួននៅកម្ពុជា ដោយគ្មានសញ្ញាណាមួយថាអ្នកនយោបាយថៃនឹងជួយពួកគេនោះឡើយ។
លោក Richard Yarrow បានសន្និដ្ឋានថា បច្ចុប្បន្នការប្រើប្រាស់សម្ពាធសេដ្ឋកិច្ចអវិជ្ជមាន (ដូចជាការដាក់ទណ្ឌកម្ម ឬបិទច្រកពាណិជ្ជកម្ម) ដាក់ប្រទេសជិតខាង គឺលែងសូវមានប្រសិទ្ធភាពទៀតហើយនៅអាស៊ីអាគ្នេយ៍ ព្រោះប្រទេសរងគ្រោះមានភូមិសាស្ត្រជាប់ប្រទេសច្រើន និងមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចឱ្យពួកគេប្តូរដៃគូពាណិជ្ជកម្មបានយ៉ាងងាយស្រួល។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ព្រំដែនគោកកម្ពុជា និងថៃត្រូវបានបិទជិតជិត ១ ឆ្នាំហើយ បន្ទាប់ពីមានភាពរកាំរកូសនឹងគ្នា។ កម្ពុជាបានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈពីប្រទេសថៃ ហើយការនាំចូលទំនិញថៃតាមព្រំដែនគោកខុសច្បាប់ក៏ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង។
ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមរបស់សម្តេចថា រាល់ទំនិញថៃដែលលួចឆ្លងកាត់ព្រំដែនគោកទាំងអស់ គឺជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។
សម្តេចបានសរសេរយ៉ាងដូច្នេះថា៖ «អ្នកប្រើប្រាស់គឺជាចៅហ្វាយ កុំមានប្រាក់ទិញហើយទុកឱ្យគេមើលងាយទាំងសាមីខ្លួនទាំងជាតិសាសន៍»។

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


