Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ជាតិ បើកជើងហោះហើរថ្មី ពីខេត្តសៀមរាប ទៅចិន

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (AIR) នឹងចាប់ផ្ដើមហោះហើរទៅកាន់ទៅដៅថ្មីពីខេត្ត​សៀម​រាប ទៅទីក្រុងសិនជិន ប្រទេសចិន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ ដើម្បីឆ្លើយតប​ទៅនឹង​កំណើននៃតម្រូវការភ្ញៀវទេសចរណ៍ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត Zhan David នាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា មាន​ប្រ​សាស​ន៍​កាលពីពេលថ្មីៗនេះ​ថា ក្រុមហ៊ុនអា​កាសចរណ៍ជាតិកម្ពុជាប្ដេជ្ញា​បំពេញបេសកម្មក្នុង​នាមជា​អាកាស​ចរណ៍​ជាតិ តាំង​ពី​ការបង្កើមក ដោយមានមោនភាពក្នុងការបម្រើប្រជាជនកម្ពុជា។ លោក Zhan David បញ្ជាក់ថា ក្រុមហ៊ុន តែង​តែ​ផ្ដល់​​សេវាកម្មអាកាស​ចរណ៍​ប្រកប​ដោយ​សុវត្ថិ​ភាព​ និងមាន​ភាព​ងាយស្រួល។

ក្រុមហ៊ុន​អាកាស​ចរណ៍​​ជាតិបានបញ្ជាទិញយន្តហោះថ្មី ATR 72-600 ចំនួន ៣ គ្រឿងនៅឆ្នាំ ២០២៥ បន្ទាប់ពីយន្ត​ហោះទី១ មកដល់កាលពីដំណាច់ខែឧសភា ហើយយន្តហោះទី២ និងទី៣ នឹងមកដល់នៅខែតុលា និងខែវិច្ឆិកាដំណាច់ឆ្នាំ ២០២៥។

ក្រុមហ៊ុន​អាកាស​ចរណ៍​​ជាតិកំពុងរៀបចំផែនការពង្រីកបណ្ដាញផ្លូវហោះហើរទៅកាន់ទីផ្សារ ដែលមាន​សក្ដានុពល រួមមានអាស៊ី ឦសាន ប្រទេសចិន អាស៊ីខាងត្បូង និងអូស្ត្រាលី ដើម្បីបំ​ពេញ​តម្រូវការកើនឡើងនៃការធ្វើដំណើរអន្តរជាតិ។ ក្រុមហ៊ុនមានគម្រោងបង្កើនយន្តហោះ ៣៣ គ្រឿង សម្រាប់គាំទ្រដល់កំណើនអនាគត និងពង្រីកជើងហោះហើរអន្តរជាតិ។

យោងតាមអាកាសចរស៊ីវិល គិតចាប់ពីខែមករា ដល់ខែ ឧសភា ឆ្នាំ ២០២៥ កម្ពុជាទទួលបានអ្នកដំណើរចេញ-ចូលចំនួនជាង ៣ លាននាក់ (៣០៤២៥៤៨) កើន ១៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ក្នុងនោះជើងហោះហើរចេញ-ចូល មានជាង ២ ម៉ឺន ៧ ពាន់ជើង កើនឡើង ១៤%។

នៅក្នុងឆ្នាំ ២០២៤ អាកាសយានដ្ឋានទាំង ៣ របស់​កម្ពុជា​រួម​មាន ភ្នំពេញ-សៀមរាបអង្គរ-ព្រះសីហនុ ទទួលបានជើងហោះហើរជិត ៦ ម៉ឺនជើង (៥៨,៣៥៤) កើន​ឡើង ១៤% ក្នុង​នោះមានអ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួន ៦ ២៤១ ៨៤២ នាក់ កើន​ឡើង​ ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

វិស័យដឹកជញ្ជូនតាមផ្លូវអាកាស​ ទើបតែងើបវិញជាលំដាប់​បានប្រមាណ​ជាង ៦៨% នៅឆ្នាំ​២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩។

នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម