Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​មិនទាន់​មាន​ការ​លុប​ជើង​ហោះហើរទ្រង់ទ្រាយធំ​ ដោយសារតម្លៃប្រេងកើនឡើងនោះទេ​

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា ​រដ្ឋលេខាធិការ ​និង​ជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ បានប្រាប់ឱ្យដឹងថា ​គិតមកដល់ពេលនេះ ​អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា​ រួមទាំងអាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ​ និង​អាកាសយានដ្ឋាន​សៀមរាប ​នៅ​បន្តប្រតិបត្តិការធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា ​ក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរមកកម្ពុជា​ ក៏កំពុងបន្តតាមដានស្ថានការណ៍ថ្លៃប្រេង ស្ថាន​ភាព​ទីផ្សារ និងតម្រូវការអ្នកដំណើរយ៉ាងជិតស្និទ្ធផងដែរ។

​ក្នុងបរិបទវិស័យអាកាសចរណ៍អន្តរជាតិ​ តម្លៃប្រេងអាកាសចរណ៍ ​គឺជាចំណាយ​ធំបំផុត​មួយ​សម្រាប់​ក្រុមហ៊ុនអាកាស​ចរណ៍​ ដែលអាចមានចន្លោះប្រមាណ ២៥%-៤០% នៃចំណាយប្រតិបត្តិការ។ ដូច្នេះ​ នៅពេល​តម្លៃប្រេងកើនឡើងខ្លាំង វាអាចប៉ះពាល់ដល់ថ្លៃសំបុត្រ ​ចំនួនជើងហោះហើរ ​និង​ផែន​ការប្រតិបត្តិការ​របស់ក្រុមហ៊ុនមួយចំនួន។​

​លោក ស៊ីន ចាន់សិរីវុត្ថា​ បានថ្លែងថា៖« សម្រាប់កម្ពុជា ​វិស័យអាកាសចរណ៍នៅតែបង្ហាញសញ្ញាវិជ្ជមាន តាមរយៈការកើនឡើងនៃចំនួនអ្នកដំណើរ​ ការតភ្ជាប់ជើងហោះហើរអន្តរជាតិ និងការចូលមករបស់​ក្រុមហ៊ុន​អាកាសចរណ៍ថ្មីៗ»។

រាជរដ្ឋាភិបាល និងអាជ្ញាធរអាកាសចរស៊ីវិល ក៏កំពុងតាមដានយ៉ាងយកចិត្តទុក​ដាក់លើការវិវត្ត​នៃ​ទីផ្សារ​ប្រេង និងស្ថានភាពអាកាសចរណ៍សកល ដើម្បីធានានូវស្ថិរភាព និងនិរន្តរភាពនៃ​វិស័យ​នេះ។​

លោក ស៊ីន ចាន់សិរីវុត្ថា​បញ្ជាក់ថា៖ «​កម្ពុជាមិនទាន់មានការលុបចោលជើងហោះហើរ​ទ្រង់ទ្រាយធំ​ដោយ​សារតម្លៃប្រេងដូចករណីខ្លះនៅតំបន់ផ្សេងទេ​ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍​កំពុង​តាម​ដានស្ថាន​ការណ៍សកលយ៉ាងជិតស្និទ្ធ ដើម្បីគ្រប់គ្រងផលប៉ះពាល់ដែលអាច​កើតមានជាយថា​ហេតុនាពេល​ខាងមុខ»។​

​គិតចាប់ពីខែមករា ដល់ខែមេសា ​ឆ្នាំ ២០២៦ ​អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួនជាង២ម៉ឺនជើង (២៣,២០៤ ជើង) កើនឡើងប្រមាណ២%។ 

សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ២លាននាក់ (២,៤២៨,០០៩ នាក់) ថយ​ចុះ​ប្រមាណ៤%។ ​ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួន​ជាង​៣០ ពាន់តោន (៣០,៤៤៨ តោន) កើនឡើង៣៦%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម