ព័ត៌មានជាតិ
ក្រសួងសុខាភិបាល រកឃើញអ្នកកើតជំងឺផ្តាសាយបក្សី ១ករណីទៀត លើស្ត្រីអាយុ ៣៦ឆ្នាំ
ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សីមួយករណីទៀត កើតលើស្រ្តីអាយុ ៣៦ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង នៅថ្ងៃនេះ។

អ្នកជំងឺមាន ទីលំនៅក្នុងភូមិដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប មានរោគសញ្ញា គ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ ក្រសួងបញ្ជាក់ថា នេះជាករណីទី១១ សម្រាប់ឆ្នាំ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាករណីទី៤ ក្នុងខេត្តសៀមរាប (ទីលំនៅ ក្នុងភូមិខុសគ្នា ចំងាយប្រមាណ ៣គីឡូម៉ែត្រ ពីអ្នកជំងឺផ្ដាសាយបក្សី ៣ករណីមុន)។
បច្ចុប្បន្ន អ្នកជំងឺកំពុងស្ថិត ក្រោមការខិតខំព្យាយាមជួយសង្គ្រោះ ដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា នៅផ្ទះ អ្នកជំងឺ មានមាន់ឈឺនិងងាប់ ហើយដែលអ្នកជំងឺបានកាន់ និងប៉ះពាល់ផ្ទាល់ រួចយកទៅកប់។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បន្តក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋ។ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង ១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


