ព័ត៌មានជាតិ
អាជ្ញាធរនឹងប្រើច្បាប់រដ្ឋបាល បើពលរដ្ឋ៣គ្រួសារមិនព្រមទទួលសំណងជាង៣លានដុល្លារ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់
រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណងពីអាជ្ញាធរ នៅឡើយទេ បើទោះបីអាជ្ញាធររាជធានីភ្នំពេញបានសម្រេច ប្រគល់សំណងជូនពួកគាត់ជាង៣លានដុល្លារយ៉ាងណាក្តី។

ជាក់ស្តែងនៅរសៀលថ្ងៃទី០៨កក្កដានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញពួកគាត់ទាំង៣គ្រួសារមកប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ។ ជាលទ្ធផលគឺពួកគាត់នៅតែទាមទារសំណងហួសហេតុ មិនអាចទទួលយកបានដដែល ពោលគឺបានទាមទារ គុណនិង២ ,គុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ យើងមិនមែនយកមកដើម្បីជាប្រយោជន៍ខ្លួនឯងទេ គឺដើម្បីធ្វើស្ពាន ធ្វើផ្លូវឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ។ដូច្នេះសូមបងប្អូនទាំង៣គ្រួសារមេត្តាយោគយល់។ អាជ្ញាធរក្នុងនាមជាម៉ែជាឪប្រជាពលរដ្ឋ មិនចង់ប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ សូមកុំទារសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន។

លោកឃួង ស្រេង បានបន្ថែមទៀតថា តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុន អចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តច្បាប់រដ្ឋបាលដើម្បីរុះរើ បងប្អូនអាចបន្តប្តឹងទៅតុលាការបាន។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ថវិកាជាង៣លានដុល្លារដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទារស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះអាជ្ញាធររាជធានីភ្នំពេញមានជម្រើស២សម្រាប់បងប្អូន ទី១ បងប្អូនទាំង៣គ្រួសារអាចរុះរើដោយខ្លួនឯង រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់ថវិកាជូនថ្លៃរុះរើចំនួន១០ម៉ឺនដុល្លារនិងទី២ រដ្ឋបាលរាជធានីភ្នំពេញនឹងជួលគេឱ្យមករុះរើ។ មែនទែនទៅអាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយចង់អនុវត្តច្បាប់រដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនទទួលយកសំណងខាងនេះរួមមាន ៖
១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់បី រយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលានពីររយប្រាំបួនពាន់ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិត សិបមួយពាន់ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ គម្រោងនេះវានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស៕
ដោយ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


