Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី បន្តស្តារប្រព័ន្ធលូក្នុងភូមិសាស្រ្តខណ្ឌចំការមន ក្រោយបញ្ចប់នៅខណ្ឌដូនពេញ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចុះស្តារប្រព័ន្ធលូ ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនបន្តទៀត ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូ និងសំអាតទរទឹកភ្លៀងចំនួន១០ខ្សែ នៅភូមិសាស្ត្រខណ្ឌដូនពេញ កាលពីសប្តាហ៍មុន និងក្រោយបានស្តារប្រព័ន្ធលូ ស្តារប្រឡាយជាច្រើនខ្សែ និងកសាងស្ថានីយ៍មូមទឹកជាបន្តបន្ទាប់ ទៀតនៅជាយរាជធានីភ្នំពេញរួចរាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង ដេីម្បី បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។

នៅព្រឹកថ្ងៃទី២២មិថុនានេះ ក្រុមការងារដែលដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជនីភ្នំពេញ បានចុះស្តារប្រព័ន្ធលូជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនចំនួន១០ខ្សែបន្តទៀត។

លោក ឯក ឃុនដឿន បានឱ្យដឹងថា ការស្តារប្រព័ន្ធលូតាមបណ្តាយផ្លូវទាំង១០ខ្សែនេះរួមមាន៖
១-មហាវិថីសម្តេចសុធារស (ផ្លូវព្រះសីហនុ ដល់ផ្លូវព្រះនរោត្តម)។
២-មហាវិថីព្រះនរោត្តម(វិមានឯករាជ្យ មកដល់ស្ពានអាកាសក្បាលថ្នល់)។
៣-មហាវិថីម៉ៅសេទុង(ស្ថានទូតចិន ដល់ផ្លូវ នរោត្តម)។
៤-មហាវិថីព្រះមុន្នីវង្ស(ផ្លូវម៉ៅសេទុង ដល់ ស្ពានមរតតេជោថ្មី)។
៥ -មហាវិថីយុទ្ធពលខេមរភូមិ(ស្ពានមករតតេជោរហូតដល់រហូតដល់ស្តុបទំនប់ទឹក)។
៦-ផ្លូវរដ្ឋសភា(រង្វង់មូលសម្តេចសង្ឃដល់ផ្លូវចៃការ)
៧-ផ្លូវចៃការ(ផ្លូវសបិត រហូតដល់ស្តុបស្ថានទូតរុស្សី)
៨-ផ្លូវលេខ៤៣០(ផ្លូវ៤៣២ រហូតដល់រង្វង់មូលផ្សារដើមថ្កូវ)
៩-ផ្លូវលេខ៤៦៦ (ពីផ្លូវនរោត្តម ដល់ផ្លូវប្រឡាយ១០៥)
១០-ផ្លូវលេខ៤៨៤ (ពីផ្លូវព្រះមុន្នីវង្ស ដល់ផ្លូវ ប្រឡាយ១០៥)។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ក្រុមការងារនេះប្រើប្រាស់រថយន្តចំនួន១២គ្រឿង ដោយបែងចែងជា៥ក្រុមធ្វើសកម្មភាពព្រមៗគ្នាតែម្តង។ សម្រាប់ការងារនេះដែរ កាលពីសប្តាហ៍មុនបានបញ្ជាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ហើយពេលនេះបានបន្តមកខណ្ឌចំការមន។ យើងនឹងបន្តទៅខណ្ឌ៣ទៀត នោះគឺខណ្ឌបឹងកេងកង ខណ្ឌ៧មករា និងបញ្ចប់នៅខណ្ឌទួលគោក។

លោក ឯក ឃុនដឿន ក្នុងឱកាសនោះក៏បានណែនាំឱ្យថា្នក់ខណ្ឌ សង្កាត់ត្រូវចុះពិនិត្យមើលទីតាំងដែលប្រឈមនឹងការលិចលង់ខ្លាំង ដើម្បីឱ្យក្រុមការងារបានស្តារឱ្យបានរួចរាល់ និងធានាបានថា មិនមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សានេះ។

លោក ឯក ឃុនដឿន បានបញ្ជាក់បន្ថែមថា តាមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺបានឱ្យអាជ្ញាធរខណ្ឌទាំង៥នៅកណ្តាលរាជធានី សហការជាមួយមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពបូមស្តារអណ្តូង លូ និងសំអាតដីភក់តាមប្រព័ន្ធលូ ត្រៀមបញ្ចៀសការជន់លិចលង់មុនរដូវភ្លៀងធ្លាក់មកដល់។ ជាមួយគ្នានោះលោកអភិបាលរង ក៏បាន អំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋ ត្រូវវេចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាន អនាម័យ និង បរិស្ថានស្អាត ព្រមទាំង អាច បញ្ចៀសការលិចលង់ និងជួយលើកកម្ពស់សោភណ្ឌភាពរាជធានីភ្នំពេញយើងផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម