ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំឱ្យអង្គភាពពាក់ព័ន្ធ មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹក (ភក់បង្គន់)
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំគ្រប់ភាគី និងអង្គភាពពាក់ព័ន្ធ មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ពីអាងសិបទឹក នៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និង ចាក់ចោលសំណល់ភក់ពីអាងសិបទិកឱ្យមានប្រសិទ្ធភាពស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។

តាមសេចក្ដីណែនាំស្ដីពីការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ភក់បង្គន់) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានឱ្យដឹងថា ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កំណើនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅរាជធានីភ្នំពេញ បណ្តាលឱ្យមានការកើនឡើងនូវតម្រូវការប្រើប្រាស់ និងការបញ្ចេញសំណល់នានា រួមទាំងសំណល់ភក់ពីអាងសិបទិកផងដែរ។ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំលេខ ០១៤/២៣ សណន.ស ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ដីពីការគ្រប់គ្រងលើការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ ភក់បង្គន់ ពីអាងស្តុកលាមកនៅរាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងលក្ខណៈបច្ចេកទេស។ ប៉ុន្តែដោយសារតែមានការកើនឡើងយ៉ាងឆាប់រហ័សនូវសំណល់ភក់ពីអាងសិបទិក និងការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក តម្រូវឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការ និង យន្តការគ្រប់គ្រងអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកនេះបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ អនាម័យបរិស្ថានស្អាត សោភ័ណភាពល្អ សណ្ដាប់ធ្នាប់ល្អ បរិយាកាសបរិសុទ្ធ គ្មានការបំពុល និងជាទីក្រុងបៃតង។ ស្របតាមគោលបំណងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការធ្វើអាជីវកម្មបូមស្តារដឹកជញ្ជូន និង ចាក់ចោលសំណល់ភក់ពីអាងសិបទិកឱ្យមានប្រសិទ្ធភាពស្របតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់ភាគី និងអង្គភាពពាក់ព័ន្ធ ដូចខាងក្រោម ៖
I.ប្រតិបត្តិករធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅភូមិសាស្ត្ររាជធានីភ្នំពេញ
១.រូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដែលមានបំណងធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិក នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ បូមស្តារសំណល់ភក់ ពីអាងសិបទឹកនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម ៖
-ឈ្មោះរូបវ័ន្តបុគ្គល ឬនីតិបុគ្គល លេខទូរស័ព្ទទំនាក់ទំនង និងអាសយដ្ឋាន
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សំណើ (ថតចម្លង)
-វិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីក្រុមហ៊ុន និងបណ្ណប៉ាតង់ (ករណីនីតិបុគ្គលថតចម្លង)
-ឈ្មោះ លេខទំនាក់ទំនង អាសយដ្ឋាន និងមុខតំណែងរបស់និយោជិត (ប្រសិនបើមាន) ដោយភ្ជាប់ជាមួយប័ណ្ណបើកបរដែលមានសុពលភាព
-បញ្ជី និងប្រភេទរថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិក
-ប័ណ្ណសម្គាល់យានយន្តដែលចេញដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ឬ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់រថយន្តធ្វើ អាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក
-វិញ្ញាបនបត្របញ្ជាក់ការត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)
-បញ្ជីសម្ភារៈបរិក្ខាររួមមាន ឧបករណ៍សុវត្ថិភាព និងឧបករណ៍ការពារ ដែលត្រូវមានសម្រាប់រថយន្តធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក (ដូចភ្ជាប់ក្នុងឧបសម្ព័ន្ធ)
-រូបថតម្ចាស់សំណើ
២.អាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវបានផ្តល់ជូនដោយមិនយកកម្រៃ ហើយត្រូវមានសុពលភាពរយៈពេល ០១ ឆ្នាំ និងអាចស្នើសុំបន្តជាថ្មីបាន ដោយត្រូវដាក់ពាក្យស្នើសុំបន្តសុពលភាព ក្នុងកំឡុងពេល ៣០ ថ្ងៃ មុនពេលផុតសុពលភាព នៃអាជ្ញាបណ្ណ។ អាជ្ញាបណ្ណនេះ ត្រូវបានផ្តល់ជូនដោយឡែកៗ សម្រាប់រថយន្តផ្តល់សេវាកម្មបូមសំណល់ភក់បង្គន់នីមួយៗ និងមិនអាចផ្ទេរពីរថយន្តមួយទៅរថយន្តមួយទៀតឡើយ។
៣.ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក អាចស្នើសុំបន្តអាជ្ញាបណ្ណជាថ្មីសម្រាប់រថយន្តបូម សំណល់ភក់ពីអាងសិបទិករបស់ខ្លួនបាន ដរាបណារថយន្តបូមសំណល់ភក់ពីអាងសិបទិកនោះ បានចូលចាក់សំណល់រថយន្តបូមសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ទៅតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយយ៉ាងតិច ០៦ ដង ក្នុង ០១ ខែ ឬ ៧២ ដង ក្នុង ០១ ឆ្នាំ សម្រាប់រថយន្តនីមួយៗ។
៤.ក្រោយពីទទួលបានអាជ្ញាបណ្ណបូមស្តារសំណល់ភក់ពីអាងសិបទិក ប្រតិបត្តិករ មានសិទ្ធិធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកនៅស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ និងទីតាំងផ្សេងទៀត ដែលកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញ។
៥.ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវអនុវត្តកាតព្វកិច្ចដូចជា ៖
-សរសេរនាមករណ៍ក្រុមហ៊ុន ឬសេវាកម្ម (សម្រាប់រូបវន្តបុគ្គល) ជាមួយនិមិត្តសញ្ញា លេខទំនាក់ទំនង និងពាក្យ «អាជីវកម្មបូមស្តារសំណល់ភក់ពីអាងសិបទិក» ជាភាសាខ្មែរ នៅលើធុងដែលអាចមើលឃើញពីចម្ងាយ ដើម្បីសម្គាល់ និងជូនព័ត៌មានជាសាធារណៈអំពីការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក។
-ត្រូវអនុវត្តវិធានការធានាបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យ ដូចខាងក្រោម ៖
- ហាមការប្រើប្រាស់រថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិកទៅដឹកជញ្ជូនអ្វីផ្សេងក្រៅពី សំណល់ភក់ពីអាងសិបទិកជាដាច់ខាត។
- ត្រូវធានាគុណភាព និងត្រួតពិនិត្យលើឧបករណ៍សម្ភារៈប្រើប្រាស់ ក្នុងការធ្វើអាជីវកម្ម បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ជាពិសេស ការតភ្ជាប់ពី សន្ទះធុងទៅបំពង់បូម (ទុយោ) និងពីបំពង់បូម ទៅបំពង់បូមមួយទៀត ដើម្បីចៀសវាងការលេចធ្លាយ ឬហូរសំណល់ភក់ពីអាងសិបទិកក្នុងពេលប្រតិបត្តិការ។
- ត្រូវសម្អាតជាប្រចាំនូវរថយន្តបូមស្តារសំណល់ភក់ពីអាងសិបទិក និងសម្ភារៈប្រើប្រាស់ឱ្យ ត្រឹមត្រូវ។
- ត្រូវត្រួតពិនិត្យ និងថែទាំឧបករណ៍ប្រើប្រាស់បូមស្តារដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិក និងឧបករណ៍ការពារសុវត្ថិភាព។
- ត្រូវទទួលការណែនាំបទដ្ឋានបច្ចេកទេសសម្រាប់ការប្រើប្រាស់ឧបករណ៍បូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកពីស្ថាប័នជំនាញ។
៦.ប្រតិបត្តិករបូមសំណល់ភក់ពីអាងសិបទិក ត្រូវគោរពតាមនីតិវិធី និងបច្ចេកទេស នៃការបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកដូចខាងក្រោម ៖
- ត្រូវមានបុគ្គលិក ០២ (ពីរ) នាក់ យ៉ាងតិច ក្នុងការបូមស្តារ ការដឹកជញ្ជូន និងការចាក់ចោល សំណល់ពីអាងសិបទិក
- ត្រូវរក្សាទុកបរិមាណសំណល់ភក់បង្គន់ប្រមាណពី ១០% ទៅ ១៥% ឬប្រមាណ ១០ ទៅ ១៥ សង់ទីម៉ែត្រ ពីបាតអាងសិបទិក ដើម្បីរក្សាសកម្មភាពពពួកអតិសុខុមប្រាណឱ្យបានគ្រប់គ្រាន់ និងធានាឱ្យអាងសិបទិកដំណើរការបានត្រឹមត្រូវ
- ត្រូវលាងសម្អាតទីកន្លែងបូមសំណល់ភក់ពីអាងសិបទិករបស់អតិថិជនឱ្យបានស្អាតដូច សភាពដើមវិញ
- ត្រូវបំពេញទម្រង់បែបបទស្នើសុំចូលចាក់ចោលសំណល់ភក់ពីអាងសិបទិក នៅស្ថានីយ ប្រព្រឹត្តិកម្មសំណល់ភក់បង្គន់រាល់ពេលចូលចាក់ម្តងៗ។
- មិនត្រូវចូលចាក់ក្នុងស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ នូវសំណល់ភក់ទាំងឡាយណា ដែលមិនមែនជាសំណល់ភក់ពីអាងសិបទិកឡើយ
- ត្រូវលាងសម្អាតស៊ីទែនរថយន្តដែលផ្ទុកសំណល់ភក់ពីអាងសិបទិក នៅពីស្ថានីយប្រព្រឹត្តិកម្មសំណល់ភក់បង្គន់ឱ្យស្អាតបន្ទាប់ពីដំណើរចាក់ចោលរួចរាល់
- ត្រូវមានអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល មានគ្រឿងឧបករណ៍តាម មុខងារគ្រប់គ្រាន់ មានវិធានប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងមានយន្តូបករណ៍ បច្ចេកទេសគ្រប់គ្រាន់
- ត្រូវគោរពវិធានការបច្ចេកទេសផ្សេងៗ ទៀត ដែលណែនាំដោយសមត្ថកិច្ចជំនាញ ដែល បានកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២៤/០០៥ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ (មាត្រាទី ៦០) និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ទៀត។
៧.ប្រតិបត្តិករបូមស្តារសំណល់ភក់ពីអាងសិបទិក ត្រូវប្រឈមមុខនឹងការព្រមាន ព្យួរ ដកហូត អាជ្ញាបណ្ណ និង/ឬ តម្រូវឱ្យស្តារបរិស្ថានឡើងវិញ ក្នុងករណីដូចខាងក្រោម ៖
-ធ្វើការបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ដោយមិនបានគោរពនូវ វិធានការបទដ្ឋានបច្ចេកទេស សុវត្ថិភាព និងអនាម័យល្អ។
-បើកបររថយន្តដឹកជញ្ជូនសំណល់ភក់ពីអាងសិបទិក ដោយឈប់តាមដងផ្លូវគ្មានសណ្ដាប់ធ្នាប់
-ការដឹកជញ្ជូនសំណល់ភក់ពីអាងសិបទិកដោយមានការលេចធ្លាយតាមដងផ្លូវ និងទីសាធារណៈ
-ការប្រតិបត្តិការបូមស្តារនៅនឹងកន្លែងដោយគ្មានឧបករណ៍សុវត្ថិភាពអប្បបរមា និងមិនគោរពតាម វិធានការបច្ចេកទេសដែលបានកំណត់
-ការបញ្ចេញចោលនូវវត្ថុធាតុផ្សេងក្រៅពីសំណល់ភក់ពីអាងសិបទិក នៅស្ថានីយប្រព្រឹត្តិកម្ម សំណល់ភក់បង្គន់
៨.បុគ្គលដែលធ្វើអាជីវកម្មបូមសំណល់ភក់បង្គន់ដោយមិនមានលិខិតអនុញ្ញាត និងដឹកយកទៅចាក់ចោលខុសទីកន្លែងដែលកំណត់ខាងលើ ត្រូវទទួលការពិន័យអន្តរការណ៍ តាមមាត្រា ៤៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
II.ម្ចាស់ទីតាំងបង្កើតសំណល់ភក់ពីអាងសិបទិក
១.ម្ចាស់លំនៅឋាន គ្រឹះស្ថានសាធារណៈ ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្ម និងផលិតកម្ម ជាអាទិ៍ ត្រូវប្រើប្រាស់សេវាកម្មបូមស្តារសំណល់ភក់ពីអាងសិបទិក ពីប្រតិបត្តិករដែលមានអាជ្ញាបណ្ណ បូមស្តារ សំណល់ភក់ពីអាងសិបទិក ចេញដោយរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ។
២.ម្ចាស់ទីតាំងបង្កើតសំណល់ភក់ពីអាងសិបទិក ត្រូវចូលរួមសហការជាមួយប្រតិបត្តិករបូមសំណល់ភក់ពីអាងសិបទិក ក្នុងការផ្តល់ជូនព័ត៌មានទូទៅ និងព័ត៌មានអំពីសំណល់ភក់ពីអាងសិបទិករបស់ខ្លួន ដើម្បីបញ្ចូលក្នុងទម្រង់ នៃការសុំចូលចាក់ម្តងៗ។
III .មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ រដ្ឋបាលខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥
១.ធ្វើការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករបូមសំណល់ភក់ពីអាងសិបទិកទាំងអស់ឱ្យមកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិក ឱ្យបានត្រឹមត្រូវ។
២.សម្របសម្រួលដល់កិច្ចដំណើរការធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យដំណើរការទៅរលូន និងល្អប្រសើរ។
៣.សម្របសម្រួលដល់ប្រតិបត្តិករដែលធ្វើអាជីវកកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកនៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់បង្គន់នៅទីតាំងដែលរដ្ឋបាល រាជធានីភ្នំពេញបានកំណត់ខាងលើ។
៤.គោរពតាមច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២៤/ ០០៥ ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
៥.ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករដែលធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ពីអាងសិបទិកទាំងអស់ នឹងសហការចូលរួមអនុវត្តសេចក្ដីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីប្រតិបត្តិករដែលធ្វើអាជីវកម្មបូមស្តារ ដឹកជញ្ជូន និងចាក់ចោលសំណល់ភក់ ពីអាងសិបទិកណាមួយ មិនអនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់។
ទទួលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌ ទាំង ១៤ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងប្រតិបត្តិករបូមសំណល់ភក់បង្គន់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្ដីណែនាំនេះឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
អត្ថបទ ៖ ស្រីរ័ត្ន









-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ