Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងវីរៈកងទ័ពជួរមុខទិសព្រះវិហារ

បានផុស

នៅ

លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោកជំទាវតំណាងឲ្យលោក ឃួង សេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាង១០០មុខរបស់រដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ និងវីរកងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាង១០០មុខដែលនាំយកមកប្រគល់ជូននាថ្ងៃនេះ រួមមានជូនរដ្ឋបាលខេត្តព្រះវិហារ តាមរយៈលោក ឃី សុខា អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់ប្រជាពលរដ្ឋដែលបានជម្លៀស​ចេញពីផ្ទះសម្បែងមករស់នៅកន្លែងសុវត្ថិភាព។ ដោយឡែកចំពោះវីរ:កងទ័ពជួរមុខទិសព្រះវិហារ ដែលកំពុងឈរជើងដ៏អង់អាចក្លាហានការពារអធិបតេយ្យភាពជាតិខ្មែរ ពីការឈ្លានពានរបស់សត្រូវ រួមមាន៖ ជូនបញ្ជាការដ្ឋានអង្គរក្ស តាមរយៈលោកឧត្តមសេនីយ៍ឯក សួន ពិរុណ មេបញ្ជាការរងបញ្ជាការដ្ឋាន អង្គរក្ស តំណាងនាយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ,ជូនកងពលតូចអន្តរាគមន៍លេខ៩ តាមរយៈលោកវរសេនីយ៍ឯក អួង សុវណ្ណា មេបញ្ជាការរង កងពលតូចអន្តរាគមន័លេខ៩ ,ជូនកងពលតូចអន្តរាគមន៍លេខ៨ តាមរយៈលោកឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ,ព្រមទាំងប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ផងដែរ។

ក្នុងឱកាសនោះលោក សុខ ពេញវុធ ក្នុងនាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមសម្តែងនូវសមាណចិត្តអាណិតអាសូរ ជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានចាកចោលផ្ទះសម្បែង ស្រែចំការ រត់ភៀសខ្លួនគេចចេញពីតំបន់សមរភូមិប្រយុទ្ធ មករស់នៅលើតំបន់សុវត្ថិភាពនាពេលនេះ។ ក្នុងនោះដែរចំពោះវីរៈកងទ័ពនៅជួរមុខ លោក សុខ ពេញវុធ ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់លោក ឃួង ស្រេង ជូនដល់វីរៈកងទ័ពយើងទាំងអស់ ព្រមទាំងបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះទឹកចិត្តដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ព ដែលបានពុះពារលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានជូនពរដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅជួរមុខទាំងអស់ សូមសុខសប្បាយ សុខភាពល្អ និងទទួលបានជ័យជម្នះលើខ្មាំងសត្រូវ។

លោក ឃី សុខា អភិបាលរងខេត្តព្រះវិហារ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងបានចាត់តំណាងនាំយកអំណោយពីរាជធានីភ្នំពេញ មកផ្តល់ជូនប្រជាពលរដ្ឋភៀស​សឹក និងជូនដល់បងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីដែលនេះបញ្ជាក់ឲ្យឃើញថា សមរភូមិក្រោយ និងសមរភូមិមុខ គឺរួមចិត្តតែមួយហើយបងប្អូនវីរៈកងទ័ពទាំងអស់ប្តេជ្ញាការពារអធិបតេយ្យភាពជាតិរបស់យើង មិនឱ្យខ្មាំងចូលឈ្លានពានជាដាច់ខាត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម