Connect with us

ព័ត៌មានជាតិ

សាលារៀនចំនួន ៧នៅតាមព្រំដែនរងគ្រាប់ផ្លោងរបស់សត្រូវថៃ ត្រៀមជួសជុលឡើងវិញឆា​​ប់ៗ

បានផុស

នៅ

លោក កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា យ៉ាងហោចណាស់សាលារៀនចំនួន ៧ នៅតាមបណ្តោយព្រំដែនរងការខូចខាតដោយសារគ្រាប់ផ្លោងរបស់សត្រូវគឺថៃ ខណៈក្រសួងត្រៀមជួសជុលឡើងវិញឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានប្រាប់កម្ពុជាថ្មីថា ក្រោយបទឈប់បាញ់កម្ពុជា-ថៃ ថ្នាក់ដឹកនាំក្រសួងអប់រំបានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃទី ៣១ ខែកក្កដា ដើម្បីជជែកគ្នាពីរឿងជួសជុល និងសាងសង់អគារឡើងវិញ ជាពិសេសសាលារៀននៅតាមបណ្តោយព្រំដែនចំនួន ៧ ដែលរងគ្រាប់ផ្លោងរបស់សត្រូវ។ លោកបន្តថា សម្រាប់ការចាប់ផ្តើមសាងសង់ពេលណានោះ ថា្នក់ដឹក​នាំក្រសួងកំពុងជជែកបន្តទៀតអាស្រ័យលើនាយកដ្ឋានកិច្ចការសំណង់។ លោកបញ្ជាក់ថា៖« ប៉ុន្តែមិនយូរទេ បើតាម​ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បើបណ្តោះអាសន្នគឺធ្វើម៉េចឱ្យបានចូលរៀននៅថ្ងៃទី ១ ខែ វិច្ឆិកា ដំណើរការឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខ»។

នាកិច្ចប្រជុំនោះពិនិត្យឡើងវិញនូវអាទិភាពការជួសជុលសាលា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំរបាយការណ៍យ៉ាងល្អិតល្អន់ ដែលទាំងនេះគឺជាលទ្ធផលនៃការចុះវាយតម្លៃយ៉ាងហ្មត់ចត់ដោយក្រុមការងារជំនាញ រួមជាមួយមន្ទីរអប់រំខេត្តពាក់ព័ន្ធ ដែលបានកត់ត្រានូវទំហំ និងកម្រិតនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធអប់រំ ជាពិសេសនៅតាមបណ្ដោយព្រំដែន ដែលរងផលប៉ះពាល់ដោយផ្ទាល់ ឬប្រយោលពីស្ថានភាពជម្លោះព្រំដែនជាមួយប្រទេសជិតខាង។ លោកបញ្ជាក់ថា៖« របាយការណ៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរៀបចំគម្រោង និងផែនការគាំទ្រសម្រាប់ការស្តារ និងកសាងឡើងវិញនូវអគារសិក្សា បណ្ណាល័យ បន្ទប់ទឹក និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗទៀត»។

ក្នុងន័យនេះ លោកលើកទឹកចិត្ត និងជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តសហការគ្នាឱ្យបានជិតស្និទ្ធជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តដែលរងផលប៉ះពាល់ ដើម្បីចុះជួយគាំទ្រ និងពិនិត្យស្ថានភាពបន្ថែម ក្នុងគោលដៅធានាបានថា ការងារជួសជុល និងសាងសង់ឡើងវិញនេះ ប្រព្រឹត្តទៅបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយនឹងជួយគាំទ្រឱ្យសាលារៀនដែលរងផលប៉ះពាល់អាចបើកដំណើរការឡើងវិញសម្រាប់បវេសនកាលឆ្នាំថ្មីនេះ បានទាន់ពេលវេលា និងផ្តល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាពជូនដល់សិស្សានុសិស្ស។

តាមរ​បាយការណ៍បឋមពីក្រសួងអប់រំ ក្នុងសង្គ្រាមកម្ពុជា-ថៃ សាលារៀនចំនួន ៦០៥ ត្រូវបានបិទទ្វារ ប៉ះពាល់ដល់សិស្សានុសិស្ស ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦ពាន់នាក់ ក្នុងខេត្តចំនួន ៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម