Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹង ពិនិត្យលទ្ធភាពដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងបាក់ឌុបនាពេលអនាគត

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា មានចក្ខុវិស័យនឹងដាក់មុខវិជ្ជាភាសាបរទេស តួយ៉ាងភាសាអង់គ្លេស និងភាសាបារាំង ជាមុខវិជ្ជាកាតព្វកិច្ចក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នាពេលអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាគោលបំណងការដាក់ភាសាបរទេសជាមុខវិជ្ជាកាតព្វកិច្ច ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះដោយសារភាសាបរទេសមានសារៈសំខាន់សម្រាប់បំណិនទំនាក់ទំនងដែលត្រូវមានសមត្ថភាពទាំង៤ រួមមានស្ដាប់ និយាយ អាន និងសរសេរ។ពង្រីកវិសាលភាពការសិក្សាស្រាវជ្រាវទូលំទូលាយ និងទំនាក់ទំនងសកល។ឆ្លើយតបនឹងបរិវត្តកម្មវិស័យសេដ្ឋកិច្ច សង្គម និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាក្នុងតំបន់ និងលើសកលលោក។ឆ្លើយតបនឹងទីផ្សារការងារនាសតវត្សរ៍ទី២១និងសិក្សាពេញមួយជីវិតប្រកបដោយការជឿជាក់ និងនវានុវត្តន៍។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានបន្តថាក្នុងន័យនេះ ក្រសួងនឹងជំរុញឱ្យគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ យកចិត្តទុកដាក់ពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេសឱ្យបានខ្លាំងក្លា និងម៉ត់ចត់ ដោយពង្រឹង និងពង្រីកបន្ថែមឈរលើមូលដ្ឋានធនធាន និងសក្ដានុពលដែលកំពុងអនុវត្តបច្ចុប្បន្ន និងកាលានុវត្តភាពថ្មីៗបន្ថែមទៀត។

សម្រាប់ជំហានបន្ទាប់ ដើម្បីឆ្ពោះទៅអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យធ្វើការសិក្សាប្រមូលទិន្នន័យឱ្យច្បាស់ពីចំនួនសាលារៀន ដែលកំពុងអនុវត្តកម្មវិធីសិក្សាភាសាបរទេសដូចជា ភាសាអង់គ្លេស បារាំង ចិន និងភាសាផ្សេងៗទៀត។ធ្វើការសិក្សា និងវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សាភាសាបរទេសតាមសាលារៀនបច្ចុប្បន្ន ពាក់ព័ន្ធនឹងម៉ោងរៀន សមត្ថភាពគ្រូបង្រៀន វិធីសាស្ត្របង្រៀន ការប្រើប្រាស់ធនធាន និងសៀវភៅសិក្សាគោល។

សិក្សា និងស្វែងយល់ច្បាស់ពីស្ថានភាពបច្ចុប្បន្នតាមសាលារៀន នឹងអាចឱ្យក្រសួងដាក់ចេញកម្មវិធីបណ្ដុះបណ្ដាលគ្រូ ឆ្លើយតបនឹងតម្រូវការកម្រិតការបង្រៀន និងកែលម្អកម្មវិធីបង្រៀនចំគោលដៅនិងដាក់ចេញនូវយុទ្ធសាស្ត្រ ២ដាច់ពីគ្នាសម្រាប់កម្រិតបឋមសិក្សា និងមធ្យមសិក្សា។ សូមបញ្ចូលការរៀនភាសាបរទេសទៅក្នុងថ្នាលរៀន PLP សម្រាប់បឋមសិក្សា និងផ្សារភ្ជាប់ការរៀននិងបង្រៀនជាមួយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងចក្ខុវិស័យនេះលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់នឹងត្រូវរៀបចំពិនិត្យឡើងវិញលើរចនាសម្ព័ន្ធ ម៉ោងសិក្សា សៀវភៅសិក្សា គ្រូបង្រៀន និងធនធាននានា ហើយការណែនាំលម្អិតនឹងមានចែងក្នុងសេចក្ដីណែនាំស្ដីពី «ការពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេស សម្រាប់គ្រឹះស្ថានបឋមសិក្សាចំណេះទូទៅ» និងសេចក្ដីណែនាំស្ដីពី «ការពង្រឹងការអនុវត្តកម្មវិធីសិក្សាភាសាបរទេសសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ»៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម