Connect with us

ព័ត៌មានជាតិ

សមាគមបណ្ណាល័យគំនិត នាំយកអំណោយជូនដល់ជនភៀសសឹកនិងគ្រួសារយុទ្ធជននៅខេត្តសៀមរាប

បានផុស

នៅ

សមាគមបណ្ណាល័យគំនិត និងសហការីក្រុមការងារយុវជនស្ម័គ្រចិត្ត បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់និងគ្រឿងឧបភោគបរិភោគជូនជនភៀសសឹក និងគ្រួសារយុទ្ធជនជាង២០០គ្រួសារដែលបានជម្លៀសមកពីតំបន់ផ្ទុះអាវុធតាមបណ្ដោយព្រំដែន នៅស្រុកពួក ខេត្តសៀមរាប នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសមាគមបណ្ណាល័យគំនិត អំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគជាច្រើនដែលជាការចូលរួមជួយពីសប្បុរសជននានាទាំងក្នុងស្រុកនិងក្រៅស្រុក រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មុងខ្នើយ កន្ទេល អាហារក្រៀម សម្លៀកបំពាក់ និងថ្នាំស្កូវមួយចំនួនផង ត្រូវបាននាំយកទៅចែកជូនដល់ប្រជាពលរដ្ឋខ្មែរដែលបានធ្វើដំណើរចាកចេញពីតំបន់ប៉ះទង្គិចជួរមុខ សរុប២០៦គ្រួសារ មានចំនួន៥៩៨នាក់ (ស្ត្រី ៣៣៥នាក់ និងកុមារ ៩៤នាក់)។

តាមឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋត្រូវបានបង្ខំចិត្តជម្លៀសចេញពីតំបន់ផ្ទុះអាវុធនៅទិសប៉ៃលិន
(៣គ្រួសារ) បន្ទាយមានជ័យ (១គ្រួសារ) ឧត្តរមានជ័យ (១៨២គ្រួសារ) និងមកពីទិសដៅផ្សេងៗទៀតចំនួន ២០គ្រួសារ។ ពលរដ្ឋភៀសសឹកទាំងនេះត្រូវបានរៀបចំឱ្យមកស្នាក់នៅបណ្ដោះអាសន្នក្នុងបរិវេណវត្តយាង មានភូមិសាស្ត្រនៅក្នុងភូមិយាង ឃុំយាង ស្រុកពួក ខេត្តសៀមរាប។

សេចក្ដីរាយការណ៍មួយរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ចំនួនជនភៀសសឹក គិតត្រឹមថ្ងៃទី៣០
ខែកក្កដា ឆ្នាំ២០២៥(វេលាម៉ោង ១៧:៤៥នាទី) រួមមាន ខេត្តឧត្តរមានជ័យ ចំនួន ៣៩៥៤៦ នាក់, ខេត្តព្រះវិហារ ចំនួន ៣២៥៥៨ នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៥០៥៧ នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣០២៦ នាក់, ខេត្តសៀមរាប ចំនួន ៦១៩០៧ នាក់ សរុបរួមចំនួន ១៧២០៩៤ នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម