Connect with us

ព័ត៌មានជាតិ

លោក ឡាយ សំកុល ក្លាយជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភា

បានផុស

នៅ

ព្រឹទ្ធសភាកម្ពុជាបោះឆ្នោតជ្រើសតាំងតំណាងរបស់ខ្លួនមួយរូបក្នុងក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលជាលទ្ធផលលោក ឡាយ សំកុល ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតជ្រើសរើសនេះ គឺបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញក្រោមវត្តមានដឹកនាំរបស់លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប។

បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សម្រេចលើសុពលភាពបេក្ខជនរួចមក សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ បានដំណើរការបោះឆ្នោត ដោយលោក ឡាយ សំកុល ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ តំណាងព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ (២០២៥-២០៣០) ដោយទទួលបានការគាំទ្រចំនួន៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

សមាជិកភាពរបស់លោក ឡាយ សំកុល គឺអនុលោមតាមមាត្រា៦ និងមាត្រា៧ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យព្រឹទ្ធសភាជ្រើសតាំងឥស្សរជន ១រូប ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មី តំណាងព្រឹទ្ធសភា ជំនួសលោក លី ណារុន ដែលត្រូវបញ្ចប់អាណត្តិ។

គួរជម្រាបថា បច្ចុប្បន្ន លោក ឡាយ សំកុល កំពុងកាន់តួនាទីជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម