Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ពលរដ្ឋខ្មែរ ៧៥ម៉ឺននាក់ ត្រឡប់ពីថៃចូលស្រុកវិញ ខណៈជម្លោះអូសបន្លាយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ស៊ុន មេសា បានឱ្យដឹងថា​ ពលរដ្ឋខ្មែរប្រមាណ ៧៥ ម៉ឺននាក់ បានវិលត្រឡប់ពីប្រទេសថៃចូលស្រុកកំណើតវិញ ខណៈជម្លោះតាមបណ្តោយព្រំដែនអូសបន្លាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ពលរដ្ឋខ្មែរបានវិលចូលស្រុកវិញតាមច្រកព្រំដែនគោក ដោយក្នុងមួយថ្ងៃៗរាប់ពាន់នាក់ ថ្ងៃខ្លះរហូតខ្ទង់ម៉ឺននាក់។ ការវិលត្រឡប់មកវិញយ៉ាងគំហុកនេះ​ដោយបារម្ភពីការធ្វើទុក្ខបុកកម្នេញពីសំណាក់ក្រុមជ្រុលនិយមថៃ ដែលធ្លាប់បានប្រើហិង្សាមកលើពលករខ្មែរដែលធ្វើការនៅទីនោះ។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន មេសា បន្តអំពាវនាវដល់ពលករខ្មែរវិលមកចូលស្រុកវិញ ដោយគូសបញ្ជាក់ថា កម្ពុជានៅមានឱកាសការងារជាច្រើនកន្លែងនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្មជាដើម។ លើសពីនេះ ក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញជីវៈដោយឥតគិតថ្លៃដល់ពលរដ្ឋចំនួន ១,៥លាននាក់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា។

ពលករខ្មែរដែលទើបត្រឡប់មកវិញ បានផ្តល់បទសម្ភាស ដោយលើកហេតុផលស្រដៀងគ្នា គឺបារម្ភអាជ្ញាធរថៃចាប់ខ្លួន ជាពិសេសក្រុមជ្រុលនិយមធ្វើបាប។ យោងតាមប្រភពកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥កន្លងមកនេះ នៅច្រកអន្តរជាតិដូង (បានឡែម) ពលករភាគច្រើនបានផ្តល់ព័ត៌មានមកក្រុមការងារអង្គការសង់ត្រាល់ខ្លីៗថា «ខ្ញុំចាកចេញពីប្រទេសថៃ មក​កម្ពុជា វិញ​យឺតដោយសារតែ​ខ្ញុំ​រង់ចាំ​បើក​លុយ​ពី​ថៅកែ» ។

តាម​ការ​អង្កេត​របស់​អង្កការ សង់ត្រាល់ មើលឃើញ​ថា ក្តីបារម្ភរបស់ពួកគាត់ ចម្បងៗគឺ ខ្លាចអាជ្ញាធរថៃចាប់ខ្លួន បារម្ភសង្គ្រាមបន្ត ខ្លាចជនជាតិថៃ វាយតប់ និង​រើសអើង​ជាតិសាសន៍ អ្នកខ្លះទៀតមិនទាន់បើកប្រាក់ខែ ហើយ​ក៏​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​ថៃ។

គួរជម្រាបថា តាមរបាយការណរបស់ក្រសួងការងារ ពលករខ្មែរដែលបម្រើការងារនៅក្នុងប្រទេសថៃមានចំនួន ១ លាន ២ សែននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម