សេដ្ឋកិច្ច
ផ្ទៃដីដាំដុះស្វាយចន្ទីរំពឹងកើនឡើង ខណៈកូនចន្ទី ១០ លានកូន លក់ដាច់ស្តុកនៅឆ្នាំ ២០២៥
កូនចន្ទីប្រមាណ ១០ លានកូន ត្រូវបានលក់ដាច់ស្ដុកនៅឆ្នាំ ២០២៥នេះ ខណៈកសិកររំពឹងថា ផ្ទៃដីដាំដុះស្វាយចន្ទីនឹងកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ ២០២៥។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំចំនួន ១៤៧ ៧០៣ហិកតា ខេត្តក្រចេះ ១០២ ៥២០ ហិកតា ខេត្តរតនគិរីចំនួន ៩៧ ២៥៨ ហិកតា ខេត្តកំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានប្រសាសន៍ថា៖ «ផ្ទៃដីដាំដុះស្វាយចន្ទីនឹងកើនឡើង ពីព្រោះនៅឆ្នាំ ២០២៤ ក្រសួងកសិកម្ម បានបញ្ចេញទិន្នន័យផ្លូវការថា ផ្ទៃដីដាំដុះស្វាយចន្ទីដែលផ្ដល់ផលមានចំនួន ៥៨ ម៉ឺន ហិកតា ហើយឆ្នាំ ២០២៥ ស្ថានភាពនៃការដាំស្វាយចន្ទីនឹងកើនឡើង តាមរយៈការលក់កូន យើងសន្និដ្ឋានថា ការលក់កូនប្រមាណ ១០ លានកូន គឺដាច់ស្ដុកទាំងអស់។ យើងអាចប៉ាន់ប្រមាណថា ៤ ទៅ ៥ ម៉ឺនហិកតា ប៉ុន្តែដីហ្នឹងជាដីចាស់ទេ ដីគាត់កាប់ចម្ការចាស់ចោលទៅគាត់ដាំស្វាយចន្ទីថ្មីឡើងវិញ»។

លោក អួន ស៊ីឡុត យល់ឃើញថា កម្ពុជាត្រូវមានយន្តការច្បាស់លាស់ទើបរក្សាតម្លៃគ្រាប់ស្វាយចន្ទីឆៅឱ្យមានស្ថេរភាពជូនដល់កសិករ ដោយយន្តការចម្បងគឺគាំទ្រការបង្កើតរោងចក្រកែច្នៃក្នុងស្រុកឲ្យបានច្រើន តាមគោលនយោបាយជាតិស្ដីពីស្វាយចន្ទីដែលបានកំណត់ ២៥% រវាងឆ្នាំ ២០២២-២០២៧។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សួនឧស្សាហកម្មស្វាយចន្ទីនៅខេត្តកំពង់ធំ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា។
លោក ឃឹម ហ្វីណង់ បន្ថែមថា៖ «បច្ចុប្បន្នអ្វីៗ នៅល្អប្រសើរទាំងអស់ រាល់ទនិន្ន័យដែលយើងមាន មិនថាទិន្នផល តម្លៃ មិនថាគោលនយោបាយ និងការគាំទ្រពីរដ្ឋាភិបាល ទាំងសហគមន៍កសិកម្មទំនើប ក៏ដូចជាការរៀបចំសួនឧស្សាហកម្មកែច្នៃ ដើម្បីតម្លៃបន្ថែម សុទ្ធតែជារឿងល្អ ខ្ញុំអត់មានឃើញសញ្ញាបារម្ភពាក់ព័ន្ធបញ្ហាតម្លៃចន្ទីទេ»។

លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា នៅឆ្នាំនេះ គ្រាប់ស្វាយចន្ទីសើម នៅដើមរដូវប្រមូលផល មានតម្លៃរហូត ៦៥០០រៀល ក្នុងមួយគីឡូក្រាម និងមានតម្លៃចន្លោះ ៤៨០០-៥២០០ រៀល ក្នុងមួយគីឡូក្រាម ទៅតាមតំបន់ និងគុណភាពគ្រាប់ បើប្រៀបធៀបរយៈពេល៥ឆ្នាំ ចាប់ឆ្នាំ២០២១-២០២៥ គឺតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំ២០២៥នេះ មានតម្លៃខ្ពស់ជាងគេ ដោយសារមានទីផ្សារល្អ។
យោងតាមក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជារកចំណូលបានជាង ៧៥៣ លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីជិត ៦០ ម៉ឺនតោន កើនឡើង ៥៦,៦៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ ៤៨០ លានដុល្លារ។ ប្រទេសវៀតណាមជាទីផ្សារស្វាយចន្ទីធំជាងគេរបស់កម្ពុជា។
នៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១ ពាន់ ១៥០ លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន។ នេះបើយោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


