Connect with us

ព័ត៌មានជាតិ

សម្ភារៈនិងសកម្មភាពអ្វីខ្លះ ដែលក្រសួងហាមនិងអនុញ្ញាតសម្រាប់ការប្រឡងបាក់ឌុប ដែលនៅជាង១០ថ្ងៃទៀតនេះ?

បានផុស

នៅ

នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៨សីហា ឆ្នាំ២០២៥ ខណៈសិស្សានុសិស្សទូទាំងរាជធានី-ខេត្ត ក៏កំពុងរៀនត្រៀមសម្រាប់ឱកាសបញ្ចប់កម្រិតសិក្សាមួយ ឆ្ពោះទៅកាន់កម្រិតសិក្សាស្វែងរកជំនាញពិតប្រាកដមួយ ដើម្បីជាស្ពានឈានទៅរកអនាគតរៀងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃការត្រៀមខ្លួនសម្រាប់ឱកាសប្រឡងនាពេលខាងមុខនេះដែរ ក្រសួងអប់រំបានចេញការណែនាំមួយចំនួន ទាក់ទងនឹងការអនុញ្ញាតរបស់ក្រសួង ចំពោះសម្ភារៈអ្វីខ្លះ ដែលអនុញ្ញាតឱ្យយកចូលបន្ទប់ប្រឡង ដែលរួមមាន៖

១. សម្ភារៈដែលអនុញ្ញាត ៖ សម្ភារៈដែលអនុញ្ញាតឱ្យយកចូលបន្ទប់ប្រឡង រួមមាន ប៊ិកពណ៍ខៀវ, ខ្មៅដៃ, បន្ទាត់, ដែកឈាន និង រ៉ាប់ព័រទ័រ ។

២. សម្ភារៈដែលមិនអនុញ្ញាត ៖ ចំណែកសម្ភារៈដែលមិនអាចយកចូលមណ្ឌលប្រឡងបាន រួមមាន សៀវភៅ និងសំណៅឯកសារគ្រប់រូបភាព, អាវុធជាតិផ្ទុះ, ទូរស័ព្ទដៃ, ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ, ប្រដាប់គិតលេខ, នាឡិកាដៃ ដែលមានប្រដាប់គិតលេខ, កាតាប, កាបូបយួរដៃ, ថង់សម្ពៀត ឬកញ្ចប់ផ្សេងៗ រួមទាំងទឹក លុបពណ៌ស ផងដែរ។

ដោយឡែក ក្រសួងអប់រំ យុវជន និងកីឡា ក៏បានណែនាំទាក់ទងនឹងបំរាមខ្លះ សម្រាប់សម្មភាពដែលបេក្ខជនត្រូវធ្វើ និងមិនត្រូវធ្វើ សម្រាប់ការប្រឡងផងដែរ ដែលរួមមាន៖
១- មិនត្រូវចូលបន្ទប់ប្រឡងមុនអនុរក្ស ហៅឈ្មោះ។

២- ចំពោះអាកប្បកិរិយាវិញ
មិនត្រូវប្រើពាក្យសម្តី ឬកាយវិការមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះក្នុងមណ្ឌលប្រឡង បន្ទប់ប្រឡង ដោយគំរាមកំហែងដល់បេក្ខជនដទៃទៀត។

៣- ប្រយ័ត្នពាក្យសម្តី និងកាយវិការ
អ្នកចូលរួមប្រឡង មិនត្រូវបដិសេធប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី កាយវិការ ចំពោះការត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យរកមើលសំណៅឯកសារ និងសម្ភារៈផ្សេងៗដែលត្រូវហាមឃាត់មិនឱ្យយកចូលមណ្ឌលប្រឡង។

៤- ហត្ថលេខាអនុរក្ស
ពេលប្រឡង បេក្ខជនមិនត្រូវធ្វើចម្លើយវិញ្ញាសាលើសន្លឹកកិច្ចការណា ដែលគ្មានហត្ថលេខាអនុរក្សទេ ក៏មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡងដាច់ខាត។

៥- អប្បកិរយា
បេក្ខជនមិនត្រូវងើបឈរ ងាកឆ្វេងស្តាំ អើតឈ្ងោកមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែងដោយគ្មានការអនុញ្ញាពីអនុរក្សនោះទេ។

៦- អានខ្លាំងៗ
មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗ ឮដល់អ្នកជិតខាង ឬទាញយកសន្លឹកកិច្ចការអ្នកដទៃមកដាក់ពីមុខ ឬដាក់ក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ។

៧- សន្លឹកកិច្ចការ
បេក្ខជនមិនត្រូវប្តូរសន្លឹកកិច្ចការ ក្រដាសព្រាង ផ្ទៀងផ្ទាត់ ឬចម្លងគ្នាទេ ហើយក៏មិនត្រូវដាក់សន្លឹកកិច្ចការឆ្ងាយពីមុខខ្លួនពេក ដែលអាចឱ្យអ្នកដទៃមើលបាន ឬឆក់យកទៅបាន។

៨- សញ្ញាសម្គាល់
បេក្ខជនមិនត្រូវធ្វើសញ្ញាសម្គាល់អ្វីមួយលើសន្លឹកកិច្ចដែលឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជាសរសេរអក្រប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬសរសេររំលងបន្ទាត់ជាដើម។

៩- ហែកសន្លឹកកិច្ចការ ឬបំផ្លាញសម្ភារៈអ្នកដទៃ
លើសពីនេះ ក្រសួងបញ្ជាក់ទៀតថា មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងអ្នកដទៃទេ។ បេក្ខជនមិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើកជញ្ជាំងក្តារ ធ្វើឱ្យបាក់បែកតុ កៅអី ក្តារខៀនជាដើម។

១០- ប្រឡងជំនួស
មិនអនុញ្ញាតឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបន្ថែមលើសន្លឹកកិច្ចការខ្លួនដាច់ខាត។ មិនត្រូវប្រើពាក្យសម្តីនាំឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង ឬធ្វើឱ្យប៉ះពាល់កិត្តិយសមេប្រយោគដូចគ្នា។

ប្រសិនបើបេក្ខជនល្មើសនឹងបម្រាមខាងលើនេះ នឹងត្រូវប្រឈមនឹងពិន័យទៅតាមកម្រិតនៃសកម្មភាពនីមួយៗ ដែលបេក្ខជនប្រព្រឹត្តិដោយកម្រិតទី១ មិនអនុញ្ញាតឱ្យចូលរួមប្រឡងដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ។ កម្រិតទី២ កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡងនៅឆ្នាំបន្ទាប់។ កម្រិតទី៣ ដូចជាឱ្យអ្នកដទៃប្រឡងជំនួស ឬយកអាវុធជាតិផ្ទុះចូលក្នុងបន្ទប់ប្រឡងជាដើម គឺត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងមិនឱ្យអនុញ្ញាតឱ្យចូលរួមប្រឡង២ឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។

គួរជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ ដោយសារសង្គ្រាមឈ្លានពាននៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ៕ អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម