Connect with us

សេដ្ឋកិច្ច

រោងចក្រកែច្នៃដំណាប់ស្វាយពីរគ្រោងនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារចិន អាម៉េរិក និងអឺរ៉ុប

បានផុស

នៅ

​ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និង​ក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. កំពុងរៀបចំការនាំចេញនូវផលិតផលកែច្នៃដំណាប់ស្វាយទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុបនាពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងអំពីផែនការនាំចេញរបស់ក្រុមហ៊ុនទាំងពីរខាងលើនេះធ្វើឡើងក្នុងជំនួបជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោកស្រី ចម និម្មល កាលពីថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ នៅទីស្តីការក្រសួង ខណៈ​តំណាង​ក្រុម​ហ៊ុន​ឯកជន​ទាំង​ពីរ បាន​លើក​ឡើង​ពី​បច្ចុប្បន្នភាព​នៃ​ការ​កែច្នៃ និង​ការនាំ​ចេញ​ផលិត​ផល​កសិផលកម្ពុជា និង​ស្នើសុំការ​គាំទ្រ​បន្ថែមពី​ក្រសួងពាណិជ្ជកម្ម​លើ​គម្រោង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​រោងចក្រកែច្នៃ ជា​ពិសេស​ការចុះ​អនុស្សារណៈ​នៃការយោគយល់គ្នាលើការទិញ-លក់ដំណាប់​ស្វាយ​ទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

​លោក​ស្រី​រដ្ឋមន្ត្រី​ ចម និម្មល បាន​ស្វាគមន៍​ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរ ដែល​បានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប។

លោក​ស្រី​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផលខាងលើ ដែលនេះ​ជាការចូលរួមចំណែក​មួយ​ជា​មួយរដ្ឋាភិបាល​ក្នុងទិសដៅ​ធ្វើ​ពិពិធកម្មទីផ្សារ​សម្រាប់​កសិផល​កម្ពុជា​ទៅកាន់ទីផ្សារអន្តរជាតិ។

លោក​ស្រី​រដ្ឋមន្រ្តី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជា​មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ច​សម្រួល​ពាណិជ្ជកម្ម ការលើកទឹកចិត្តនិងយន្តការគាំទ្រផ្សេងទៀត ដែល​រាជរដ្ឋាភិបាលបាន​និង​កំពុង​ដាក់ចេញ សំដៅ​លើក​កម្ពស់​សមត្ថភាព​ក្នុងការ​ផលិត​និងកែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

ក្នុងឱកាសនោះ  លោក​ស្រី​រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត អ្នកកែច្នៃ និងអ្នកនាំចេញ សំដៅជំរុញការនាំចេញ បង្កើនចំណែកទីផ្សារ និងកិត្យានុភាពរបស់កម្ពុជាលើទីផ្សារអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម