Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ និងក្រុមហ៊ុនជប៉ុន ចុះកិច្ចព្រមព្រៀងបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនជប៉ុន Surala Net បានចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ រយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស និងគ្រូបង្រៀនកម្ពុជាលើមុខវិជ្ជាមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៥ ចូលរួមចុះហត្ថលេខាដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគណៈប្រតិភូក្រុមហ៊ុន Surala Net Co.,Ltd ដឹកនាំដោយលោក Mr. Takayuki Yunokawa អគ្គនាយកក្រុមហ៊ុន Surala Net Co.,Ltd។ កិច្ចសហការនេះសំខាន់លើ គម្រោងពង្រឹងសមត្ថភាពសិក្សារបស់កុមារចំពោះជំនាញគណិតវិទ្យា និងការកសាងសមត្ថភាពគ្រូតាមរយៈបច្ចេកវិទ្យាអប់រំ (EDTECH) មានរយៈពេល៥ឆ្នាំ។

កិច្ចសហប្រតិបត្តិការនេះមានគោលដៅ កែលម្អសមត្ថភាពគណិតវិទ្យារបស់សិស្សានុសិស្សថ្នាក់បឋមសិក្សា និងមធ្យមសិក្សានៅកម្ពុជា និងអភិវឌ្ឍសម្ភារៈបង្រៀនគណិតវិទ្យាតាមបែបឌីជីថលជាភាសាខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់គុណភាពនៃសម្ភារៈបង្រៀនសំខាន់ៗ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងការបង្រៀន គណិតវិទ្យាព្រមទាំងចូលរួមចំណែកលើកកម្ពស់ជំនាញគណិតវិទ្យារបស់កុមារកម្ពុជាឱ្យឈានដល់កម្រិតប្រកួតប្រជែងនៅឆាកអន្តរជាតិ។

ទន្ទឹមនឹងនេះ គម្រោងក៏ផ្តោតលើការពង្រឹងសមត្ថភាពគ្រូ ដែលអាចប្រើប្រាស់ បច្ចេកវិទ្យាអប់រំ (EdTech) ប្រកបដោយប្រសិទ្ធភាព ការបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍកម្មវិធីសិក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងការអប់រំសាធារណៈក្នុងអំឡុងពេលនៃដំណាក់កាលអនុវត្តសាកល្បង។

លោកអគ្គនាយកក្រុមហ៊ុន Surala Net Co.,Ltd បានលើកឡើងថា កិច្ចសហប្រតិបត្តិការនាពេល​កន្លងមកជាមួយក្រសួងអប់រំ ដើម្បីបញ្ចូលការបង្រៀន គណិតវិទ្យា និងវិទ្យាសាស្រ្ត តាមប្រព័ន្ធអ៊ីនធឺណិត ដល់សិស្សថ្នាក់ទី៧ ដោយកាលពីកន្លងទៅ ក្រុមហ៊ុនបានសម្រេចបញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីបង្រៀនតាមប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនបន្ថែមពីលើភាសាអង់គ្លេស ឥណ្ឌូនេស៊ី និងស្រីលង្កា ដោយរំពឹងថា តាមរយៈកិច្ចសហប្រតិបត្តការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីរៀនគណិតវិជ្ជា E-Learning នេះ នឹងបន្តពង្រឹង និងពង្រីកវិសាលភាពឱ្យមានការប្រើប្រាស់កាន់តែទូលំទូលាយនៅកម្ពុជា។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុន Surala Net ដែលបានបកប្រែ និងបញ្ចូលភាសាខ្មែរក្នុងកម្មវិធីរៀនគណិតវិទ្យា​ តាមរយៈដំណោះស្រាយអេឡិចត្រូនិកសម្រាប់ការសិក្សាដល់សិស្សកម្ពុជា។

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលជប៉ុន ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការលើកម្ពស់វិស័យអប់រំ ដោយជឿជាក់ថា កម្មវិធីរៀនគណិតវិទ្យា​បែបជប៉ុននេះ នឹងចូលរួមចំណែកពង្រឹងសមត្ថភាពរៀនគណិតវិជ្ជារបស់សិស្សកម្ពុជា មួយកម្រិតទៀត ព្រមទាំងបានណែនាំក្រុមការងារជំនាញ ឱ្យបន្តសហការជិតស្និទ្ធជាមួយក្រុមហ៊ុន Surala Net ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ការសិក្សារបស់កុមារ និងសិស្សានុសិស្សកម្ពុជា ទាំងក្នុងមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្រ្ត និងឌីជីថល ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជំរុញសមត្ថភាពប្រកួតប្រជែងរបស់យុវជនកម្ពុជាឱ្យកាន់តែខ្លាំងនាពេលអនាគត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម