កីឡា
ល្ងាចនេះ បឹងកេត អាចទម្លាយសំណាញ់ទី ព្រះខ័នរាជស្វាយរៀង បានឬទេ?
ជំនួបដែលអ្នកគាំទ្រទន្ទឹងរង់ចាំមកដល់នៅល្ងាចថ្ងៃអាទិត្យ ទី២៤ ខែសីហា នេះរវាង ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង និង បឹងកេត សម្រាប់ការប្រកួតសប្តាហ៍ទី៣ នៃលីគបាល់ទាត់កំពូលកម្ពុជា។

ក្រុមទាំងពីរមិនទាន់ចាញ់ដូចគ្នាសម្រាប់ការប្រកួតពីរសប្តាហ៍ដំបូង។ ថ្ងៃបើកឆាកលីគ បឹងកេត បានយកឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ដោយលទ្ធផល ២-០ និងសប្តាហ៍ទី២ ពួកគេបានស្មើជាមួយក្រុមខ្លាំង ភ្នំពេញក្រោន ដោយគ្មានគ្រាប់បាល់។ បឹងកេត មាន៤ពិន្ទុ កំពុងឈរលេខ ២ ក្នុងតារាងពិន្ទុ។
ព្រះខ័នរាជស្វាយរៀង ធ្វើបានយ៉ាងល្អឥតខ្ចោះសម្រាប់ការប្រកួតលីគកម្ពុជាពីរសប្តាហ៍។ ពួកគេបានយកឈ្នះ ណាហ្គាវើលដ៍ ៣-០ និងបានឈ្នះ អង្គរថាយហ្គឺរ ៣-០ ដើម្បីរកបាន៦ពិន្ទុពេញឈរលើកំពូលតារាង។ អ្វីដែលកាន់តែពិសេសទៀតនោះ ពួកគេបានយកឈ្នះ Shan United ៣-០ ទៀតសម្រាប់ការប្រកួតសន្សំពិន្ទុទី១ ក្នុងពានរង្វាន់ ASEAN Club Championship កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ នៅប្រទេសមីយ៉ាន់ម៉ា។

និយាយរួម ៣ ប្រកួតចុងក្រោយ ព្រះខ័នរាជស្វាយរៀង ស៊ុតចូលដៃគូ ៩ គ្រាប់ ប៉ុន្តែគ្មានដៃគូណាមួយអាចទម្លាយសំណាញ់ទីរបស់ខ្លួនបានឡើយ។ តើល្ងាចថ្ងៃអាទិត្យនេះ បឹងកេត អាចទម្លាយសំណាញ់ទីពួកគេបានទេ? ចម្លើយគឺមិនមែនជាការងាយស្រួលនោះទេ។ បើទោះបីជា ពួកគេប្រកួតនាថ្ងៃទី២១ ខែសីហា នៅប្រទេសមីយ៉ាន់ម៉ា ហើយថ្ងៃទី២២ ខែសីហា ត្រូវធ្វើដំណើរមកកម្ពុជា ដែលសម្រាកបានតែ១ថ្ងៃប៉ុណ្ណោះ មុនពេលប្រកួតជាមួយ បឹងកេត។ ពួកគេមានខ្សែប្រយុទ្ធ ខ្សែការពារ និងខ្សែបម្រើខ្លះមិនបានលេងនៅទឹកដីមីយ៉ាន់ម៉ា។ ខ្សែការពារ សឿយ វិសាល, សុផល ឌីម៉ង់ ខ្សែប្រយុទ្ធ សៀង ចន្ធា និង Bounphachan Bounkong សុទ្ធតែមិនបានលេងនៅមីយ៉ាន់ម៉ា ដូច្នេះ ពួកគេនឹងលេងល្ងាចនេះ។
និយាយពី បឹងកេត វិញពិតជាមិនធម្មតាក្នុងរដូវកាលនេះដោយបានរៀបចំក្រុម និងក្រុមការងារគ្រូបង្វឹកយ៉ាងល្អ។ ពួកគេមានគ្រូបង្វឹកបទពិសោធច្រើន Conor Nestor ដែលយល់ច្បាស់ពីស្ថានភាពបាល់ទាត់កម្ពុជា។ កីឡាករបទេសរបស់ពួកគេសុទ្ធតែលំដាប់មានដូចជា ខ្សែការពារសញ្ជាតិស្កុតឡែន Sean Kelly, ខ្សែបម្រើអូស្ត្រាលី Louis Zabala និងអង់គ្លេស Charlie Scott។ ចំណែកខ្សែប្រយុទ្ធមានកាមេរ៉ូន Louis Willy Ndongo, ប្រេស៊ីល Iago Bento និង Thabiso Brown មកពីតំបន់អាហ្វ្រិក។

ប្រវត្តិជួបគ្នា ១៩ លើកកន្លងមក ព្រះខ័នរាជស្វាយរៀង បានឈ្នះ ១១ លើក ខណៈ បឹងកេត បានឈ្នះ ៣លើក និងស្មើគ្នា ៥ លើក។ ដោយគ្រាន់តែចោទសួរថា តើ បឹងកេត អាចទម្លាយសំណាញ់ទីរបស់ ព្រះខ័នរាជស្វាយរៀងបានឬទេ? ចម្លើយគឺ វេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលានស្មៅធម្មជាតិ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


