Connect with us

ព័ត៌មានជាតិ

នៅលើទីផ្សារទំនិញខ្មែរបច្ចុប្បន្នកំពុងវាយលុកខ្លាំង ខណៈទទួលបានការគាំទ្រផុលផុសពីអ្នកប្រើប្រាស់

បានផុស

នៅ

ស្រប​ពេល​កំណើន នៃ​ការ​គាំទ្រ​ផលិតផល​ទំនិញ​ខ្មែរ កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន​ផង​នោះ បណ្ដា​អាជីវករ​តាម​ទីផ្សារ​រដ្ឋ និង​ឯកជន ក៏ដូចជា​នៅ​តាម​សិប្បកម្ម ឬ ម៉ាត​មួយ​ចំនួន បាន​និង​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​បន្ត​ដាក់​លក់​ទំនិញ​ខ្មែរ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ក្នុង​ស្រុក ហើយ​សុទ្ធ​តែ​ជា​ទំនិញ​មាន​គុណភាព ទាំង​តម្លៃ ស្តង់ដារ​បច្ចេកទេស​ក្នុង​ការ​វេច​ខ្ចប់ និង​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ​តាម​ច្បាប់​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គឹម ស្រីរ័ត្ន ម្ចាស់​ម៉ាត «ខេម​បូ​ម៉ាត» មាន​ទីតាំង​ស្ថិត​នៅ​លើ​បណ្ដោយ​ផ្លូវ​លេខ ២៥៧ ក្នុង​សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ​ទួលគោក បាន​ឲ្យ​ដឹង​ថា ក្នុង​ម៉ាត​របស់​អ្នកស្រី មាន​ទំនិញ ៩០ ភាគរយ ជា​ទំនិញ​ខ្មែរ ដែល​មាន​ប្រមាណ​ជាង ១ ពាន់​មុខ​ទំនិញ។ បច្ចុប្បន្ន​នេះ មាន​ទំនិញ​ខ្លះ​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់ ​រហូត​ដាច់​ស្តុក​ក៏​មាន​ដែរ ព្រោះ​តែ​ពលរដ្ឋ​ខ្មែរ​មាន​ការ​រួបរួម​ងាក​មក​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក។

អ្នកស្រី បាន​បន្ត​ថា ក្នុង​នាម​ជា​ម្ចាស់​ដែល​ប្រកប​អាជីវកម្ម​លក់​ផលិតផល​ខ្មែរ មាន​អារម្មណ៍​សប្បាយ​ចិត្ត ពេល​ឃើញ​សកម្មភាព​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមសាមគ្គី​គ្នា ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង ជាពិសេស​នោះ ពេល​នាំគ្នា​គាំទ្រ​ផលិតផល​ទំនិញ​សុទ្ធ​របស់​ខ្មែរ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ខ្មែរ​កាន់តែ​ខ្លាំង។

ជាមួយ​នេះ ពលរដ្ឋ​អ្នក​ប្រើប្រាស់ ក៏បាន​សម្តែង​ក្តី​រីករាយ​ដែល​បាន​ចូលរួម​ទិញ​ទំនិញ​ខ្មែរ ដោយ​ពួកគាត់​ម្នាក់ៗ សុទ្ធតែ​យល់ឃើញ​ដូចគ្នា​ថា ទំនិញ​ខ្មែរ ក៏​ជា​ទំនិញ​ដែល​មាន​គុណភាព មិន​ចាញ់​ទំនិញ​បរទេស​ឡើយ ហើយ​កូន​ខ្មែរ​ក៏​អាច​ផលិត​ទំនិញ​ប្រើប្រាស់ និង​អាហារ​ហូបចុក​បាន​គ្រប់មុខ​ផង​ដែរ។

គួរ​ជម្រាប​ថា ក្នុង​មួយ​រយៈ​កាល​ក្រោយ​មកនេះ ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​ពាសពេញ​ប្រទេស រួម​ទាំង​ថ្នាក់​ដឹកនាំ​ប្រទេស បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ​បង្ហាញ​ពី​ស្មារតី​ជាតិនិយម តាមរយៈ​ការ​ចូលរួម​ជាមួយ​សកម្មភាព​នានា​ជាច្រើន សំដៅ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​ស្ថិរភាព សន្តិភាព និង​ជួយ​លើក​ស្ទួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​ជាតិ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម