Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន យក​បង្គន់តាមខ្លួន​ទៅក្រុង​ប៉េកាំង អំឡុង​ចូលរួម​ព្យុហយាត្រាយោធា​ចិន

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុន បានរាយការណ៍​ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារដានណាមួយនៃទិន្នន័យជីវសាស្រ្តរបស់លោកពីការលាតត្រដាង ក្នុងអំឡុងពេលដំណើរទស្សនកិច្ច​ទៅកាន់ប្រទេសចិនចូលរួម​ក្នុង​ព្យុហយាត្រាយោធានា​ថ្ងៃទី​៣​ខែ​កញ្ញា។

លោក គីម ជុងអ៊ុន ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​កាន់​ប្រទេស​ចិនថ្ងៃទី២កញ្ញា២០២៥ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Nikkei រថភ្លើងពាសដែកឯកជនរបស់​លោក គីម ត្រូវបានបំពាក់ដោយបង្គន់ផ្ទាល់ខ្លួន ដើម្បីធានាថា កាកសំណល់រាងកាយរបស់គាត់មិនអាច​ត្រូវ​គេ​លួច​យកទៅ​​វិភាគបាន។ ប្រភព​ស៊ើបការណ៍​នៅ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​បាន​ប្រាប់​ថា វិធានការ​​នេះ​គឺ​ជា​ស្តង់ដារ​សម្រាប់​ដំណើរ​ទៅ​ក្រៅ​ប្រទេស​របស់​លោក គីម ពោល​គឺ​មិន​មែន​ជា​រឿង​ថ្មីថ្មោង​ទេ។

កូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បាននាំយកបង្គន់ផ្ទាល់ខ្លួនរបស់លោក គីម ទៅចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ​២០១៨ នៅឯភូមិ Panmunjom និង​នៅ​កិច្ចប្រជុំកំពូល​ប្រទេស​សិង្ហបុរីជាមួយសហរដ្ឋអាមេរិក។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច​ឆ្នាំ​២០១៩​ទៅកាន់ប្រទេសវៀតណាម ប្អូន​ស្រីរបស់​លោក គីម គឺ​អ្នកស្រី គីម យ៉ូជុង ត្រូវបានគេមើលឃើញថាកំពុងប្រមូលកន្ទុយ​បារីដែលប្រើរួចរបស់​បងប្រុស​នៅស្ថានីយ៍រថភ្លើងមួយកន្លែង​នៅភាគខាងត្បូងប្រទេសចិន ដែលជាទង្វើមួយដែលត្រូវបានបកស្រាយថាជាការ​ការពារការយកគំរូ DNA។

Nikkei ក៏​បាន​ចុះផ្សាយ​ទៀត​ថា លោក គីម ជៀសវាង​ការ​ប្រើ​របស់​របរ​ដែល​រៀបចំ​ដោយ​ប្រទេស​ម្ចាស់​ផ្ទះ តួ​យ៉ាង​ដូចជា​ការ​​ចុះហត្ថលេខា​លើ​ឯកសារ​​គឺ​លោក​ប្រើប្រាស់​ប៊ិចផ្ទាល់ខ្លួន​ដែល​ផ្តល់​ដោយ​ជំនួយការ​របស់​លោក។ នៅពេលស្នាក់នៅក្នុងសណ្ឋាគារ បុគ្គលិករបស់​លោក គីម បាន​ធ្វើ​អនាម័យ​ក្នុងបន្ទប់ដោយខ្លួន​ឯង និងសម្អាត​សរសៃ​សក់ ទឹកមាត់ ឬស្នាមម្រាមដៃដោយ​មិន​បន្សល់​ទុក​ស្នាមអ្វីឡើយ។ នៅឯកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ​២០១៨ ជំនួយការថែមទាំងបានសម្លាប់មេរោគលើកៅអីរបស់លោក គីម ជាច្រើនដង​នៅ​មុនពេល​លោក​អង្គុយ។

ក្រុមអ្នកវិភាគនិយាយថា វិធានការដ៏​ចម្លែក​នេះឆ្លុះបញ្ចាំងពីការឈ្លក់វង្វេងរបស់របបនេះចំពោះការណ៍​សម្ងាត់ជុំវិញសុខភាពរបស់លោក គីម ដែលត្រូវបានចាត់ទុកជាបញ្ហាសន្តិសុខជាតិ។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានប្រាប់សារព័ត៌មាន Nikkei ថា «ព័ត៌មានសុខភាពរបស់មេដឹកនាំមានផលប៉ះពាល់យ៉ាងសំខាន់ទៅលើរបបកូរ៉េខាងជើង។ នោះហើយជាមូលហេតុដែលពួកគេប្រុង​ប្រយ័ត្ន​ខ្លាំងបែបនេះដើម្បីបិទបាំងសូម្បីតែដានតូចបំផុត»៕

ពី​ខាង​ក្រោយ​លោក​ គីម គឺ​ជា​បង្គន់​ចល័ត​ផ្ទាល់​ខ្លួន (រូបថត៖ KCNA)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម