Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកូរ៉េខាងត្បូង ប្រាប់ លោកត្រាំ ថា ទណ្ឌកម្មប្រឆាំង​កូរ៉េខាងជើង លែងមានប្រសិទ្ធភាព

បានផុស

នៅ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ​(Lee Jae-Myung) នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា បានលើកឡើងថា ចំណងទាក់ទងកាន់តែជិតស្និទ្ធរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានធ្វើឲ្យទណ្ឌកម្មនានាដែលត្រូវបានដាក់លើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស​នេះ​ ក្លាយជា «រឿងគ្មានប្រសិទ្ធភាព»។ នេះបើយោងតាមការចេញផ្សាយពី AFP

លោក លី ជេម្យុង កំពុងពន្យល់អ្វីមួយទៅកាន់លោក ត្រាំ ដែលកំពុងអង្គុយនៅតុពិភាក្សា (សេតវិមាន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីកូរ៉េខាងត្បូង​រូបនេះ បានប្រាប់សមភាគីអាមេរិក លោក ដូណាល់ ត្រាំ ថា វិធានការទណ្ឌកម្មទាំងនោះគឺមិនដំណើរការឡើយ នៅពេលដែលមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងកិច្ចប្រជុំកំពូល G7 នៅក្នុងប្រទេសបារាំង នាសប្តាហ៍នេះ និងបានពិភាក្សាអំពីការប្រឈមមុខដាក់គ្នាដ៏រ៉ាំរ៉ៃ រវាងកូរ៉េខាងត្បូង និងប្រទេសជិតខាងភាគខាងជើងដែលមានអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក លី ជេម្យុង បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងសេអ៊ូលថា «ខ្ញុំបានប្រាប់គាត់ថា ទណ្ឌកម្ម និងសម្ពាធ (ប្រឆាំងនឹងកូរ៉េខាងជើង) គឺលែងមានប្រសិទ្ធភាពទៀតហើយ»។ ជាក់ស្ដែង ប្រសិទ្ធភាពនៃទណ្ឌកម្មបានធ្លាក់ចុះ ដោយសារតែកិច្ចសហប្រតិបត្តិការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន។ សូម្បីតែជំនួយដ៏តិចតួចពីរុស្ស៊ី ក៏ជាជំនួយដ៏ធំធេងសម្រាប់កូរ៉េខាងជើងដែរ។

តាមផ្លូវច្បាប់ ប្រទេសកូរ៉េទាំងពីរនៅតែស្ថិតក្នុងស្ថានភាពសង្គ្រាមនៅឡើយ ដោយសារតែជម្លោះ ឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ របស់ពួកគេបានបញ្ចប់ទៅវិញត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់ជាបណ្តោះអាសន្នប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពឡើយ ហើយប្រទេសទាំងពីរត្រូវបានខណ្ឌចែកដោយតំបន់គ្មានយោធា (DMZ) ដែលមានខ្សែបន្ទាត់ព្រំដែនរត់កាត់។

បន្ទាប់ពីលោកត្រាំ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរាប់ខែនៅមជ្ឈិមបូព៌ា ការណ៍នេះបានធ្វើឲ្យកូរ៉េខាងត្បូងមើលឃើញថា លោកមានសមត្ថភាពពិសេសក្នុងការដោះស្រាយវិបត្តិអាវុធនុយក្លេអ៊ែរតាមបែបពាណិជ្ជកម្ម និងការទូតផ្ទាល់ខ្លួន។ ហេតុនេះហើយ ទើបលោក លី ជេម្យុង ទទូចប្រាប់ត្រាំ នៅក្នុងទីក្រុង Evian របស់បារាំងថា «ដល់ពេលដែលអាមេរិកត្រូវងាកមកយកចិត្តទុកដាក់លើវិបត្តិកូរ៉េខាងជើងហើយ»។

មិនតែប៉ុណ្ណោះ ភាគីកូរ៉េខាងជើងក៏កាន់តែរឹងរូស និងទើបតែប្រកាសទាត់ចោលការទាមទាររបស់ក្រុម G7 រឿងរំសាយអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងសេអ៊ូលបារម្ភថា បើគ្មានអ្នកសម្រុះសម្រួលដ៏មានឥទ្ធិពលដូចលោកត្រាំ ទេ ភាពតានតឹងយោធានៅឧបទ្វីបកូរ៉េអាចនឹងផ្ទុះឡើងជាសង្គ្រាមធំនៅថ្ងៃណាមួយ។

សូមរម្លឹកឡើងវិញថា នៅក្នុងអាណត្តិទីមួយរបស់ ត្រាំ លោកបានបង្កើតប្រវត្តិសាស្ត្រដោយបានជួបពិភាក្សាផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ចំនួន ៣ដង៖ លើកទី១ នៅសិង្ហបុរី (២០១៨) លើកទី២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម (២០១៩) និងលើកទី៣ នៅតំបន់គ្មានយោធា (DMZ) ខណ្ឌចែកកូរ៉េទាំងពីរ។ ជារឿយៗ លោក ត្រាំ តែងតែមានមោទនភាពលើទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរបស់លោកជាមួយលោក គីម ជុងអ៊ុន ដោយថែមទាំងធ្លាប់ប្រើពាក្យថា ពួកគេទាំងពីរ «បានស្រឡាញ់គ្នា» តាមរយៈការផ្ញើលិខិតទូតទៅវិញទៅមក។ នេះជាមូលហេតុដែលមេដឹកនាំអាមេរិក ជឿជាក់ថា​ មានតែខ្លួនលោកម្នាក់គត់ ដែលអាចដោះស្រាយបញ្ហាកូរ៉េខាងជើងបាន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ជំនួបខ្លីនៅ G7៖ កូរ៉េខាងត្បូងស្នើ ត្រាំ ធ្វើជាអ្នកដឹកនាំផ្សះផ្សាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដូចនៅមជ្ឈិមបូព៌ា
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម