Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ក្តៅស្លឹកត្រចៀក រឿងអាមេរិកលក់មីស៊ីល​ឱ្យកូរ៉េខាងត្បូង

បានផុស

នៅ

តានតឹងម្តងទៀតហើយនៅឧបទ្វីប​កូរ៉េ! នា​ថ្ងៃសៅរ៍ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខមកថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលបានយល់ព្រមលក់មីស៊ីលទំនើបៗ ក៏ដូចជា ឧបករណ៍យោធាសំខាន់ៗមួយចំនួនទៀតទៅឱ្យប្រទេសកូរ៉េខាងត្បូង។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បានព្រមានចំៗថា ទង្វើមួយនេះ នឹងធ្វើឱ្យស្ថានភាពនយោបាយ និងសន្តិសុខនៅតំបន់នោះកាន់តែឡើងកម្ដៅ និងវឹកវរជាងមុនទៅទៀត។

បើតាមការបញ្ជាក់ពីប្រធាននាយកដ្ឋានគោលនយោបាយក្រៅប្រទេសរបស់កូរ៉េខាងជើង កិច្ចសហប្រតិបត្តិការផ្នែកយោធារវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងតែត្រូវបានគេរៀបចំឡើងជាប្រព័ន្ធ និងកាន់តែរឹងមាំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាពិភពលោកទាំងមូល កំពុងតែបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់នេះក៏ដោយ។ មន្ត្រីជាន់ខ្ពស់់កូរ៉េ​ខាង​ជើង បានលើកយកករណីដែលក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់មីស៊ីលទំនើបៗ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅជិត ៣០០លានដុល្លារ មកធ្វើជាភស្តុតាងចុងក្រោយបង្អស់ ដើម្បីបង្ហាញពិភពលោកពីចេតនារបស់អាមេរិក។

ភាគីខាងកូរ៉េខាងជើង បានប្រើសម្តីធ្ងន់ៗវាយប្រហារចំមុខថា ការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក តាមពិតទៅវាមិនខុសអីពីការនាំចេញសង្គ្រាមនោះឡើយ។ ជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍នេះ កូរ៉េខាងជើង បានប្រកាសថានឹងបន្តពង្រឹងសមត្ថភាពយោធា ក៏ដូចជាអាវុធសម្រាប់ការពារខ្លួនឯងឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីធានាថា ខ្លួននៅតែមានអំណាចស្មើគ្នា ដែលអាចទប់ទល់ជាមួយសត្រូវនៅក្នុងតំបន់បាន។ ជាទូទៅ ឱ្យតែមានការធ្វើសមយុទ្ធ ឬកិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក និងកូរ៉េខាងត្បូង ភាគីខាងកូរ៉េខាងជើង តែងតែចេញមុខរិះគន់មិនដែលខានឡើយ ដោយពួកគេយល់ថា ទង្វើទាំងនោះគឺជាការត្រៀមលក្ខណៈដើម្បីបង្កើតសង្គ្រាមប្រឆាំងនឹងខ្លួនតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម