ព័ត៌មានជាតិ
កម្ពុជាជំរុញឱ្យវិនិយោគិនចិនពង្រីកការវិនិយោគនិងចាប់យកឱកាសលើវិស័យសក្តានុពល
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអំពាវនាវដល់បណ្តាវិនយោគិនចិនដែលកំពុងមានវត្តមាននៅកម្ពុជា និងវិនិយោគិនផ្សេងៗទៀតដែលពុំទាន់បោះទុនវិនិយោគគួរចាប់យកឱកាសលើវិស័យសក្តានុពលសំខាន់ ស្របពេលដែលកម្ពុជាបានទទួលរងនូវអត្រាពន្ធបដិការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំទាបជាងបណ្តាប្រទេសនានាក្នុងតំបន់។

ថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាវិនិយោគពេលអនាគត (FIC) រៀបចំដោយអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅខេត្តហ្វូជៀន, សាធារណរដ្ឋប្រជាមានិតចិនកាលពីរសៀលថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល វេទិកានេះបានប្រមូលផ្ដុំដោយថ្នាក់ដឹកនាំពីប្រទេសជាច្រើនជុំវិញពិភពលោក វិនិយោគិន និងអ្នកច្នៃប្រឌិតជាច្រើនរូប ដើម្បីផ្លាស់ប្តូរទៅវិញទៅនូវការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ វេទិកានេះបានបង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។
លោកថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ផ្តោតលើបញ្ចកោណចំនួន៥ រួមមាន ការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
លោកបានថ្លែងបញ្ជាក់ថា ៖«បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកម្ពុជា ដោយហេតុថាកម្ពុជាបានផ្តល់ឱកាសវិនិយោគជាច្រើនដោយផ្អែកលើសក្ដានុពលដែលអាចផ្ដល់ជូន»។

លោកថា សក្ដានុពលទាំងនោះមានជាអាទិ៍ ទីតាំងយុទ្ធសាស្ត្រចំបេះដូងនៃតំបន់អាស៊ានតភ្ជាប់ខ្វាត់ខ្វែងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កំពង់ផែ និងផ្លូវអាកាស, បរិយាកាសវិនិយោគបើកចំហ និងប្រកួតប្រជែង, កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយថាមវន្ត, ទីផ្សារទូលំទូលាយ តាមរយៈសមាជិកភាពនៃអាស៊ាន អង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌនានាផ្សេងទៀត, ពិសេសមានរដ្ឋាភិបាលគាំទ្រដល់ភាពរីកលូតលាស់របស់វិនិយោគិន។
លោកឧបនាយករដ្ឋមន្រ្តីក៏បានលើកឡើងអំពីការអំណោយផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងធ្វើឱ្យស៊ីជម្រៅលើការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាផងដែរ។

«កម្ពុជាសូមបន្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនចិន និងវិនិយោគិននៃបណ្ដាប្រទេសនានាផ្សេងទៀតក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើនមានជាអាទិ៍ វិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ថាមពលបៃតង និងឌីជីថលជាដើម» នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។
នៅឆមាសទី១ ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា-ចិនមានទំហំទឹកប្រាក់ ៩,២៧ ពាន់លានដុល្លារ កើនឡើង ២៦,៩% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤ ដែលមានត្រឹមតែ ៧,៣១ ពាន់លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចេញទៅចិនចំនួនជាង ៧៥០ លានដុល្លារ ធ្លាក់ចុះ ៧,៩% ចំណែកឯចិននាំចូលមកវិញជាង ៨,៥២ ពាន់លានដុល្លារ កើនឡើង ៣១,២%។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
ទិន្នន័យខាងលើបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយចិនប្រមាណ ៧,៧៧ ពាន់លានដុល្លារ ខណៈរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ មាន ៥,៦៨ ពាន់លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


