Connect with us

ព័ត៌មានជាតិ

មន្រ្តី CDC បើក​កិច្ចប្រជុំពិនិត្យដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធកិច្ចការវិនិយោគ

បានផុស

នៅ

មន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បាន​បើក​កិច្ចប្រជុំពិនិត្យដើម្បីពិនិត្យលទ្ធភាព ក្នុងការដោះស្រាយបញ្ហាលិខិតស្នាម សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិកពាក់ព័ន្ធនឹងកិច្ចការវិនិយោគ។

កិច្ចប្រជុំដឹកនាំដោយ​លោក ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយ​មានការចូលរួមពីក្រុមការងារគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តំណាងដោយ លោកស្រី ហ៊ាន ឡូរីដា, លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលជាប្រព័ន្ធឌីជីថលសម្រាប់ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាម​អនឡាញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាម​រយៈ​ប្រព័ន្ធនេះ វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគ (QIP) ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា និង​ជួយ​ពន្លឿននីតិវិធី កាត់បន្ថយពេលវេលា និងបង្កើនតម្លាភាពក្នុងការផ្ដល់សេវាសាធារណៈ។

លក្ខណៈពិសេសប្រព័ន្ធនេះតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម (cdcOSP) ដើម្បីទូទាត់កម្រៃសេវាជាឌីជីថល និងប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) ព្រមទាំងត្រាអេឡិចត្រូនិក (e-Stamp)។ ការដាក់ឱ្យដំណើរការប្រព័ន្ធនេះគឺជាចំណែកមួយនៃកំណែទម្រង់ឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា។

បន្ថែមពីនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាស​ដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និង​ត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)។

ឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdeIPM ត្រូវបានកំណត់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) ដោយមានភ្ជាប់ ឃ្យូ.អ.កូដ (QR Code) ទៅដែនជាតិ .gov.kh ដើម្បីផ្ទៀងផ្ទាត់។ រាល់ឯកសារទម្រង់ឌីជីថល ត្រូវបានទាញយកពីប្រព័ន្ធ cdcIPM ទៅប្រើប្រាស់ និងមានតម្លៃជាឯកសារច្បាប់ដើម ដោយអនុលោមទៅតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ក្នុងន័យនេះអ្នកដាក់ពាក្យស្នើសុំ ឬវិនិយោគិនដែលអនុវត្តគម្រោងវិនិយោគ មិនតម្រូវឱ្យផ្តល់ឯកសារនានាដែលមានស្រាប់​នៅក្នុង ឃ្យូ.អ.កូដ នៃឯកសារទម្រង់ឌីជីថលខាងលើទៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត មន្ទីរ និងអង្គភាពដែលពាក់ព័ន្ធនឹងការចុះបញ្ជីពាក់ព័ន្ធ និងការពិនិត្យអនុលោមភាពនៃការអនុវត្តគម្រោងវិនិយោគសោះឡើយ។

ការដាក់ចេញនូវយន្តការបច្ចេកវិទ្យាឌីជីថលនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីចូលរួមជំរុញការធ្វើបរិវត្តកម្មឌីជីថល កសាងម៉ូដែលថ្មីនៃកំណើន សំដៅពន្លឿននីតិវិធី កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណៈ និងបង្កើនទំនុកចិត្តជូនវិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម